ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យជួញដូរនិងប្រើប្រាស់គ្រឿងញៀន០២នាក់ត្រូវកម្លាំងនគរបាលបញ្ជូនទៅសាលាដំបូងខេត្ត

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យចំនួន០២នាក់ ជាមុខសញ្ញាជួញដូរនិងប្រើប្រាស់គ្រឿងញៀន ត្រូវបានកម្លាំងនគរបាល ការិយាល័យ ប្រឆាំងគ្រឿងញៀន រៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៦ខែមករា ឆ្នាំ២០២២នេះហើយ ដើម្បីចាត់ការតាមនីតិវិធី ។

លោក ធិន ស៊ិនដេត ស្នងការរង ទទួលការងារប្រឆាំងគ្រឿងញៀនបានឲ្យដឹងថា៖បន្ទាប់ពីប្រជាពលរដ្ឋល្អ បានផ្តល់ព័ត៌មានថា មានករណីជួញដូរគ្រឿងញៀន នៅចំណុចផ្លូវជាតិលេខ៦ក្បែរស្ពានទី២ ស្ថិតក្នុងភូមិសាស្ត្រ ភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ និងទទួលបាននូវបទបញ្ជារបស់លោក ស្នងការនគរបាលខេត្តបន្ទាយមានជ័យសិទ្ធិ  ឡោះ ព្រមទាំងមានការសម្របសម្រួលនីតិវិធី ពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងដំបូងខេត្តបន្ទាយមានជ័យ ។

លោកបានដឹកនាំកម្លាំង នគរបាលការិយាល័យ​ជំនាញ ប្រឆាំងគ្រឿងញៀន ចុះប្រតិបត្តិការដល់ទីតាំង នោះខាងលើ ឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់ ម្នាក់ឈ្មោះ វ៉ុន  ពិសី ភេទប្រុសអាយុ៣៤ឆ្នាំ នៅភូមិព្រៃឫស្សី សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ជាមុខសញ្ញាជួញដូរនិងម្នាក់ទៀតឈ្មោះ ឡាយ ភារម្យ ភេទប្រុសអាយុ១៨ឆ្នាំ នៅភូមិជាមួយគ្នា ជាមុខសញ្ញាប្រើប្រាស់ ។

លោក ធិន ស៊ិនដេត បានបញ្ជាក់ថា៖ក្នុងប្រតិបត្តិការបង្រ្កាបគ្រឿងញៀននេះ សមត្ថកិច្ចដកហូតវត្ថុតាងនិងសម្ភារជាក់ស្តែង មាន៖ម្សៅក្រាមពណ៌សថ្លា ចំនួន០២កូនថង់ទម្ងន់៣៧.៧៣ក្រាមថ្លឹងទាំងសំបក,ទូរស័ព្ទដៃ០១គ្រឿង ។

ឆ្លងតាមការសាកសួរចម្លើយ ជនសង្ស័យឈ្មោះ វ៉ុន ពិសី បានសារភាពថា៖គេធ្លាប់ប្រកបរបររកស៊ីជួញដូរគ្រឿងញៀននេះ រយៈពេល០៣ឆ្នាំមកហើយ គឺរកស៊ីនៅខេត្តសៀមរាបនិងខេត្តបន្ទាយមានជ័យ ដោយផ្អែកលើចម្លើយសារភាពនិងមានវត្ថុតាងជាក់ស្តែងនោះ ជនសង្ស័យទាំង០២នាក់ កម្លាំងនគរបាលជំនាញ បានបញ្ជូនខ្លួនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធីថ្ងៃនេះផងដែរ៕

ដោយ ៖ វណ្ណា


ចែករំលែក៖