ព័ត៌មានទាន់ហេតុការណ៍៖

ភ្ជាប់ទំទាក់ទងគ្នា៦ឆ្នាំទើបពេលនេះទឹម រដ្ឋា សម្រេចចិត្តចូលរោងការជាមួយគូស្នេហ៍កូនកាត់អាមេរិក-អេស្ប៉ាញហើយ

ចែករំលែក៖

ភ្នំពេញ៖ ចំណងស្នេហ៍វ័យ៦ឆ្នាំរបស់តារាសម្តែង និងបង្ហាញម៉ូដ ទឹម រដ្ឋា និងបុរសជាគូស្នេហ៍កូនកាត់អាមេរិក-អេស្ប៉ាញ នឹងចូលរោងការនៅចុងខែមីនា ឆ្នាំ២០២២នេះហើយ។ ពិធីមង្គលការរបស់នាងទឹម រដ្ឋាក៏នឹងធ្វើឡើងក្នុងទ្រង់ទ្រាយធំមិនធម្មតានោះដែរ។ 

  កម្មវិធីមង្គលការដែលបានប្រកាសជាផ្លូវការនេះបានធ្វើឡើងក្រោយពីថ្ងៃខួបគម្រប់ស្នេហ៍៥ឆ្នាំដែលលោកJovany Antonio ធ្លាប់បានបំពាក់ចិញ្ជៀនសុំនាងរៀបការកាលពីថ្ងៃទី២៨ខែមីនាឆ្នាំ២០២១ ហើយនាងនឹងក្លាយជាសិល្បការិនីបន្ទាប់ដែលមានស្វាមីជាជនបរទេស។ មានការបញ្ជាក់ដែរថា ពិធីចូលរោងការជាផ្លូវការរបស់នាងគឺចំថ្ងៃខួបស្នេហាគម្រប់៦ឆ្នាំនោះតែម្តង ប៉ុន្តែកន្លងទៅទឹម រដ្ឋា ធ្លាប់មានគូស្នេហ៍ជាជនបរទេសរហូតដល់ចែកផ្លូវគ្នាដើរកណ្តាលទីថែមទៀតផង។ចំពោះគូស្នេហ៍ចុងក្រោយដែលនាងបានជួបនេះគឺជាបុរសអាមេរិកកាត់អេស្ប៉ាញ និងជាអ្នកជំនួញផ្នែកអចលនទ្រព្យឈ្មោះJovany Antonio ដែលនាងនិងគូស្នេហ៍បានស្គាល់គ្នាតាំងពីឆ្នាំ២០១៦មកម្ល៉េះ និងក្រោយពីនាងបានចែកផ្លូវគ្នាជាមួយគូស្នេហ៍ជាជនជាតិឥណ្ឌានោះ។ 

  មានការទម្លាយថា មង្គលការរបស់នាងនឹងធ្វើឡើងនៅចុងខែមីនានេះ ប៉ុន្តែមិនទាន់ដឹងអំពីពេលវេលា និងទីកន្លែងពិតប្រាកដនៅឡើយ ប៉ុន្តែភ្ញៀវដែលនាងគ្រោងអញ្ជើញឱ្យចូលរួមនោះគឺមានគ្រប់ប្រភពទាំងសិល្បករល្បីល្បាញជាមិត្តជិតដិត  អ្នកជំនួញ និងមន្ត្រីរាជការផងដែរគឺច្រើនជាង៨០០នាក់ដែលសូម្បីតែសាច់ញាតិខាងប្រុសក៏នឹងធ្វើដំណើរមកចូលរួមកម្មវិធីមង្គលការនាងដែរ។ ប្រភពថា នាងក៏នឹងអាចរៀបការលើកទី២នៅលើទឹកដីនៃសហរដ្ឋអាមេរិកដែលជាទឹកដីកំណើតរបស់គូស្នេហ៍ផងដែរក្រោយពីរៀបការនៅកម្ពុជាចប់សព្វគ្រប់ ហើយនាងនឹងនៅតែបន្តការងារសិល្បដូចមុនដដែល ព្រោះតែគូស្នេហ៍នាងក៏ពេញចិត្តការងារសិល្បៈដែលនាងកំពុងធ្វើនេះដែរ៕ 

 

ដោយ ៖ វឌ្ឍនា


ចែករំលែក៖