ភ្នំពេញ ៖ កម្ពុជាគឺជាប្រទេសជិតខាងល្អជាប្រពៃណីរបស់ចិន បានគាំទ្រយ៉ាងមុតមាំចំពោះភាគីចិនជាម្ចាស់ផ្ទះនៃការរៀបចំកីឡាអូឡាំពិករដូវរងាប៉េកាំង ។ នេះជាការលើកឡើងរបស់ ស្ថានឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២។
ស្ថានឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា, ថ្ងៃទី២៥ខែមករា ក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃរបស់ក្រសួងការបរទេសចិន មានសំណួរមួយលើកឡើងអំពីព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាបានតបតាមការបង្គំថ្វាយ នឹងស្ដេចយាងចូលរួមពិធីបើកព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាប៉េកាំង លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិនមានប្រសាសន៍ថាកម្ពុជាគឺជាប្រទេសជិតខាងល្អជាប្រពៃណីរបស់ចិន បានគាំទ្រយ៉ាងមុតមាំចំពោះភាគីចិនជាម្ចាស់ផ្ទះនៃការរៀបចំកីឡាអូឡាំពិករដូវរងាប៉េកាំង។
ស្ថានឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានបន្តថា, ព្រះករុណាព្រះមហាក្សត្រគឺជាមិត្តចាស់របស់ប្រជាជនចិន។ យើងខ្ញុំសូមស្វាគមន៍យ៉ាងកក់ក្ដៅចំពោះព្រះអង្គដែលនឹងស្ដេចយាងមកកាន់ប្រទេសចិន ដើម្បីយាងជាសក្ខីជនក្នុងឱកាសជាប្រវត្តិសាស្ត្រដែលរដ្ឋធានីប៉េកាំងនឹងក្លាយជាទីក្រុងលើកដំបូងក្នុងការរៀបចំកីឡាអូឡាំពិកទាំងរដូវក្តៅនិងរដូវរងារ ៕
ដោយ ៖ សុខ ខេមរា