ខេត្តកំពង់ឆ្នាំង៖ យោងតាមសេចក្តីរាយការណ៍បានឱ្យដឹងថា សមត្ថកិច្ចបានបញ្ជូនខ្លួនជនសង្ស័យ៩នាក់ទៅសាលា ដំបូងខេត្តនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២នេះ។
ជនខាងលើជាប់ពាក់ព័ន្ធករណីលួចបូម ប្រេងរថយន្តនិងគ្រឿងចក្រ និងជាអ្នកទទួលផលចោរកម្មចេញពីក្រុមហ៊ុន ជប៉ុនដែលកំពុងសាងសង់ផ្លូវជាតិលេខ៥ ពីស្រុកពញាឮ ខេត្តកណ្តាល ឆ្ពោះទៅខេត្តបន្ទាយមានជ័យ ។
សមត្ថកិច្ចជំនាញបានឱ្យដឹងថាៈ ករណីបង្ក្រាបនិងឃាត់ខ្លួនក្រុមជនសង្ស័យទាំង ៩នាក់នោះ ធ្វើឡើងក្រោមការបញ្ជាផ្ទាល់ ពីលោក អុិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង និងប្រតិបត្តិការដោយកម្លាំងមន្ត្រីនគរបាលយុត្តិធម៌ ខេត្តកំពង់ឆ្នាំង។
សមត្ថកិច្ចបន្តថា ក្នុងប្រតិបត្តិការ ខាងលើនេះ សមត្ថកិច្ចបានឃាត់ខ្លួនជន សង្ស័យចំនួន៩នាក់គឺៈ ១-ឈ្មោះ កែត ភា, ២-ឈ្មោះ ខៀវ សាវឿន, ៣-ឈ្មោះ ឃឿន វិសាល, ៤-ឈ្មោះ ទន់ សាតូ, ៥-ឈ្មោះ ប៉ាត់ ប៊ុនលី, ៦-ឈ្មោះ យក់ សីហា ត្រូវបានចោទប្រកាន់ពីបទផ្តើមគំនិតក្នុងអំពើ លួច , ៧-ឈ្មោះ ម៉ាត់ គ្រីយ៉ា ត្រូវបានចោទប្រកាន់ពីបទលួចលក់ប្រេង , ៨-ឈ្មោះ តឹប ណាត និង៩-ឈ្មោះ សុខ ពិសិដ្ឋ ត្រូវបានចោទពីបទទទួលផលចោរកម្ម ទទួលទិញប្រេងប្រព្រឹត្តនៅចំណុចផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិសំរោង ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
ក្នុងការបង្ក្រាបនេះ សមត្ថកិច្ចដកហូតបានប្រេងម៉ាស៊ូតចំនួន៨កាន និងរថយន្ត លួចចូលទៅបូមប្រេងចំនួន១គ្រឿងម៉ាក Nissan (Frontier) ពណ៌ទឹកប្រាក់។
ពាក់ព័ន្ធករណីខាងលើនេះដែរ តាមប្រភពពីប្រជាពលរដ្ឋបានឱ្យដឹងថា ពួកគាត់បានរាយការណ៍ផ្ទាល់ថា មានមនុស្សមួយក្រុមជាអ្នកស៊ីឈ្នួលបើកគ្រឿងចក្រនិងរថយន្តឱ្យក្រុមហ៊ុនជប៉ុន បានឃុបឃិតគ្នាជាមួយសន្តិសុខយាមគ្រឿងចក្រ និងបានបើកដៃឱ្យជនសង្ស័យ ឈ្មោះ តឹប ណាត និងឈ្មោះ សុខ ពិសិដ្ឋ ចូលទៅទិញប្រេងដែលពួកខ្លួនបានបូមចេញពីគ្រឿងចក្រនៅនឹងការដ្ឋានទាំងយប់តែម្តង។
ចំពោះករណីលួចបូមប្រេងលក់នេះ មិនមែនជាលើកទី១របស់ពួកគេទេ គឺជនសង្ស័យទាំងនេះតែងតែប្រព្រឹត្តជាច្រើនលើកច្រើនសាមកហើយ ហើយរាល់ការប្រព្រឹត្តម្តងៗ គឺមានការចាត់តាំងបក្ខពួកដើម្បីរៀបចំចាំលួចបូមប្រេងតែម្តង។
ក្រុមខាងលើនេះភាគច្រើនយើងក៏អាចកត់សម្គាល់មើលប្រេងដែលឈ្មួញដាក់លក់តាមផ្លូវជាកានៗនោះ ភាគច្រើនគឺអ្នកស៊ីឈ្នួលបើករថយន្តធំៗ ឬអ្នកស៊ីឈ្នួលបើកគ្រឿងចក្រជាអ្នកលួចបូមយកទៅលក់ឱ្យឈ្មួញទុច្ចរិតដូចរូបភាពខាងលើនេះ ។
ប្រជាពលរដ្ឋខេត្តកំពង់ឆ្នាំង និងក្រុមហ៊ុនជប៉ុនបានសម្តែងនូវការកោតសរសើរចំពោះចំណាត់ការរបស់ តំណាងអយ្យការខេត្តកំពង់ឆ្នាំង និងសមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំង ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការខេត្តកំពង់ឆ្នាំង ដែលបាន ដឹកនាំកម្លាំងចុះបង្ក្រាបសកម្មភាព ខាងលើនេះ ។
ជនសង្ស័យទាំង៩នាក់ខាងលើនេះ បានត្រូវសមត្ថកិច្ចបញ្ជូនទៅកាន់សាលា ដំបូងខេត្ត ចាត់ការតាមនីតិវិធី៕
ដោយអរុណរះ