ព័ត៌មានទាន់ហេតុការណ៍៖

ប្រទេសអាស៊ីដំបូងបង្អស់ដែលផ្តល់ភាពស្របច្បាប់នូវការប្រើប្រាស់កញ្ឆា

ចែករំលែក៖

ថៃបានក្លាយជាប្រទេសដំបូងបង្អស់នៅក្នុងតំបន់អាស៊ីដែល អនុញ្ញាតឱ្យពលរដ្ឋប្រើប្រាស់កញ្ឆាដោយស្របច្បាប់ ។ ប៉ុន្តែរដ្ឋមន្ត្រីក្រសួងសុខាភិបាលថៃ បានអំពាវនាវដល់ពលរដ្ឋប្រើប្រាស់កញ្ឆាដើម្បីសុខភាពជាជាងប្រើលើសលប់ធ្វើឱ្យប៉ះពាល់ដល់សុខភាព។
រដ្ឋមន្រ្តីសុខាភិបាលថៃ លោក Anutin Charnvirakul បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា នៅក្រោមគោលការណ៍ថ្មី ប្រជាជនថៃអាចដាំដុះរុក្ខជាតិកញ្ឆានៅតាមផ្ទះបាន ក្រោយពីមានការជូនដំណឹងត្រឹមត្រូវដល់អាជ្ញាធរតាមមូលដ្ឋានរបស់ពួកគេ ប៉ុន្តែវាមិនអាចយកទៅប្រើប្រាស់សម្រាប់គោលដៅអាជីវកម្ម ដោយពុំមានអាជ្ញាប័ណ្ណនោះឡើយ។
សារព័ត៌មាន Royal Gazette បានផ្សាយថា ក្នុងរយៈពេល៣ខែ បន្ទាប់ពីនោះ ទើបការដាំកញ្ឆានៅតាមលំនៅឋាន អាចក្លាយជាទង្វើស្របច្បាប់។ កន្លងមក ប្រធានអាជ្ញាធរត្រួតពិនិត្យចំណីអាហារនិងឱសថថៃ លោក ផៃសាល ដានឃុម (Paisal Dankhum) ធ្លាប់បាននិយាយថា កញ្ឆាដែលដាំនៅតាមផ្ទះគួរតែយកទៅប្រើប្រាស់សម្រាប់ធ្វើជាឱសថ ដូចជាថ្នាំបុរាណ ប៉ុណ្ណោះ ហើយក៏នឹងមានចុះធ្វើអធិការកិច្ចដោយឥតព្រាងទុកផងដែរ។
នៅក្នុងសប្តាហ៍នេះ ក្រសួងសុខាភិបាលថៃនឹងបង្ហាញ សេចក្តីព្រាងច្បាប់ដាច់ដោយឡែកមួយដល់សភា ដែលមានរៀបរាប់អំពីព័ត៌មានលម្អិតទាក់ទងនឹងការប្រើប្រាស់កញ្ឆាដោយស្របច្បាប់។ មិនតែប៉ុណ្ណោះ ក្នុងនោះក៏មានចែងនូវការដាក់ពិន័យផងដែរចំពោះការដាំកញ្ឆាដោយមិនបានជូនដំណឹងដល់អាជ្ញាធរ នឹងរងការពិន័យជាប្រាក់រហូតដល់២០,០០០បាត ឬស្មើនឹងជាង៦០០ដុល្លារអាមេរិក ព្រមទាំងការពិន័យជាប្រាក់ ៣០០,០០០បាត ឬការជាប់ពន្ធនាគារ៣ឆ្នាំ ឬក៏ទាំង២តែម្តងសម្រាប់ការលក់កញ្ឆាដោយគ្មានអាជ្ញាប័ណ្ណត្រឹមត្រូវ។ ថៃបានក្លាយជាប្រទេសអាស៉ីអាគ្នេយ៍ដំបូងគេដែលបានផ្តល់ភាពស្របច្បាប់ដល់កញ្ឆាកាលពីឆ្នាំ២០១៨ សម្រាប់ការប្រើប្រាស់ជាឱសថ និងសម្រាប់ការសិក្សាស្រាវជ្រាវ៕ ដោយ៖សាធី

រូបថត៖TTXVN 


ចែករំលែក៖