ភ្នំពេញ ៖ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន ពីលទ្ធផលនៃជំនួបសន្ទនាតាមប្រព័ន្ធវីដេអូរវាងលោក ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង Nasser BOURITA រដ្ឋមន្រ្តីការបរទេស សហប្រតិបត្តិការអាហ្វ្រិក និងជនអន្តោប្រវេសន៍ម៉ារ៉ុកនៃព្រះរាជាណាចក្រម៉ារ៉ុក នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២។
ក្រសួងការ បរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅរសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ បានបញ្ជាក់ថា,
នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី ការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារតាម ប្រព័ន្ធវីដេអូជាមួយ លោក Nasser BOURITA រដ្ឋមន្ត្រីការបរទេស សហប្រតិបត្តិការអាហ្វ្រិក និង ជនអន្តោប្រវេសន៍ម៉ារ៉ុកនៃព្រះរាជាណាចក្រម៉ារ៉ុក ។
រដ្ឋមន្ត្រីការបរទេសទាំងពីរ បានផ្លាស់ប្តូរទស្សនៈអំពីទំនាក់ទំនងទ្វេភាគី តំបន់ និង អន្តរជាតិ ដែលជាផលប្រយោជន៍រួម និងបានឯកភាពគ្នាក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិ បត្តិការទ្វេភាគីលើ វិស័យជាច្រើន រួមមាន ពាណិជ្ជកម្ម និងវិនិយោគ ទេសចរណ៍ អប់រំ និង ការអភិវឌ្ឍធនធានមនុស្ស និងបានឯកភាពគ្នារៀបចំកិច្ចប្រជុំពិគ្រោះយោបល់នយោបាយលើកទី៣ រវាងប្រទេសទាំងពីរតាមប្រព័ន្ធវីដេអូ ក្នុងឆមាសទី១ នាឆ្នាំ២០២២នេះ។
រដ្ឋមន្ត្រីការបរទេសទាំងពីរបានឯកភាពគ្នាពន្លឿនការចរចាលើកិច្ចព្រមព្រៀងដែលពុំទាន់ បានចុះហត្ថ-លេខា គឺកិច្ចព្រមព្រៀងស្ដីពីសេវាកម្មអាកាសចរណ៍រវាងប្រទេសទាំងពីរ និងពិចារណា អំពីការចុះហត្ថលេខា លើអនុស្សារណៈនៃការយោគយល់គ្នា ស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យ ទេសចរណ៍រវាងប្រទេសទាំងពីរ សំដៅជំរុញវិស័យទេសចរណ៍។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បាន លើកឡើងពីលទ្ធភាពនៃការបង្កើតទីក្រុងសម្ព័ន្ធភាពរវាងប្រទេសទាំងពីរ។
រដ្ឋមន្ត្រីការបរទេសទាំងពីរបានកត់សម្គាល់ថា ក្នុងរយៈពេល២៥ឆ្នាំចាប់តាំងពីការបង្កើត ទំនាក់ទំនងការទូតកម្ពុជា-ម៉ារ៉ុក ទំហំពាណិជកម្មរវាងប្រទេសទាំងពីរនៅមានកម្រិតទាបនៅឡើយ។ ក្នុងន័យនេះ រដ្ឋមន្ត្រីការបរទេសទាំងពីរបានចែករំលែកទស្សនៈគ្នាអំពីការស្វែងរកកិច្ចសហប្រតិបត្តិការ លើវិស័យដែលមានសក្តានុពលទាំងឡាយ ដើម្បីជំរុញសេដ្ឋកិច្ច តាមរយៈការលើកទឹកចិត្តដល់ភាគីពាក់ព័ន្ធនានានៃប្រទេសទាំងពីរ ឱ្យចូលរួមក្នុងកិច្ចសហប្រតិបត្តិការ និងសកម្មភាពផ្សេងៗ ។
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងអំណរគុណដល់ភាគីម៉ារ៉ុក ដែល បានផ្តល់អាហារូបករណ៍ដល់មន្ត្រីការទូតកម្ពុជា និងនិស្សិតកម្ពុជាទៅសិក្សានៅប្រទេសម៉ារ៉ុក។ ចំពោះកិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថានជាតិការទូតនិងទំនាក់ទំនងអន្តរជាតិ (NIDIR) កម្ពុជា និងបណ្ឌិត្យសភាសិក្សា ការទូតម៉ារ៉ុក (AMED) លោកឧបនាយករដ្ឋមន្ត្រី បានស្នើឱ្យវិទ្យាស្ថាន ទាំងពីរស្វែងរកមធ្យោបាយ និងវិធីសាស្ត្រផ្សេងៗ ដើម្បីឱ្យកិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថាន ទាំងពីរលេចចេញជារូបរាងឡើង។
ចំពោះកិច្ចសហប្រតិបត្តិការក្នុងតំបន់ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បាន ជម្រាបជូនសមភាគីអំពីអាទិភាពរបស់កម្ពុជាក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ ក្នុងការឆ្លើយ តបទៅនឹងបញ្ហាប្រឈមជាយុទ្ធសាស្ត្រដែលកំពុងកើតឡើងនៅក្នុងតំបន់ រួមមានការគ្រប់គ្រង ប្រកបដោយប្រសិទ្ធភាពនូវជំងឺរាតត្បាតកូវីដ-១៩ និងដំណើរការស្ដារឡើងវិញប្រកបដោយ បរិយាប័ន្ន ការគ្រប់គ្រងបញ្ហាដែលជាប្រពៃណី និងមិនប្រពៃណីដែលមានស្រាប់ និងការពង្រឹង ភាពស្អិតរមួត មជ្ឈភាព និងភាពធន់រឹងមាំរបស់អាស៊ាន ។
ចំពោះការវិវត្តសភាពការណ៍នៅប្រទេសមីយ៉ាន់ម៉ា លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានជម្រាបជូន លោក Nasser BOURITA អំពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅកាន់ប្រទេសមីយ៉ាន់ម៉ា សំដៅជំរុញការអនុវត្តកិច្ចព្រមព្រៀងជា ឯកច្ឆន្ទប្រាំចំណុចរបស់អាស៊ាន និងបានគូសបញ្ជាក់អំពីគោលបំណងតែមួយគត់របស់កម្ពុជា គឺជួយមីយ៉ាន់ម៉ាឱ្យវិលទៅរកប្រក្រតីភាពឡើងវិញ បញ្ចប់អំពើហិង្សា និងសម្រេចបាននូវសន្តិភាព និង ការបង្រួបបង្រួមជាតិយូរអង្វែង ហើយដើម្បីសម្រេចគោលបំណងនេះបាន ត្រូវមានការចូលរួមពីគ្រប់ ភាគីពាក់ព័ន្ធទាំងអស់នៅក្នុងដំណើរការនៃកិច្ចចរចា។
លោក Nasser BOURITA បានសម្តែងនូវការប្តេជ្ញាចិត្តយ៉ាងខ្លាំងក្លាក្នុងការគាំទ្រកម្ពុជា ធ្វើជាប្រធានអាស៊ានក្នុងឆ្នាំនេះ និងបញ្ជាក់ច្បាស់ពីការប្តេជ្ញាចិត្តរបស់ម៉ារ៉ុក ក្នុងការធ្វើជាស្ពានតភ្ជាប់ រវាងកម្ពុជា និងតំបន់អាហ្វ្រិក និងមជ្ឈិមបូព៌ា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជា ក៏ដូចជា ជាមួយបណ្តាប្រទេសអាស៊ាន។ ចំពោះបេក្ខភាពកម្ពុជា ជាសមាជិកសង្កេតការណ៍របស់អង្គការកិច្ចសហ ប្រតិបត្តិការឥស្លាម (OIC) លោក BOURITA បានបញ្ជាក់ថា ម៉ារ៉ុកនឹងជួយជំរុញប្រទេសដ៏ទៃឱ្យ គាំទ្រ កម្ពុជា។ ជាងនេះទៅទៀត ក្នុងការបង្កើនទំនាក់ទំនងជាមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាង ប្រទេសទាំងពីរ លោក BOURITAបានអញ្ជើញ លោក ឧបនាយករដ្ឋមន្រ្តី ទៅបំពេញទស្សនកិច្ច ផ្លូវការនៅប្រទេសម៉ារ៉ុកក្នុងឆ្នាំនេះ។
លោក ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងអំណរគុណដល់ លោក BOURITA ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ឯកឧត្តមក្នុងការស្វែងរកការគាំទ្របេក្ខភាពកម្ពុជា ជាសមាជិកសង្កេត ការណ៍នៃអង្គការ OIC និងបានឯកភាពអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសម៉ារ៉ុកដោយក្តីរីករាយ ដោយបញ្ជាក់ថា លោក នឹងពិនិត្យរកពេលវេលាសមស្របណាមួយក្នុងពេលវេលាដ៏មមាញឹកនៃកិច្ចប្រជុំអាស៊ាន៕
ដោយ ៖ សិលា