ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលប្រឆាំងគ្រឿងញៀនខេត្តកំពង់ចាមចុះបង្រ្កាបករណីជួញដូរគ្រឿងញៀននៅស្រុកស្រីសន្ធរ

ចែករំលែក៖

ខេត្តកំពង់ចាម ៖ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានឱ្យដឹងថា នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ វេលាម៉ោង២០និង ១០នាទី នៅចំណុចភូមិប្រាំយ៉ាម ឃុំប្រាំយ៉ាម ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម មានប្រជាពលរដ្ឋល្អរាយការណ៍មកថា មានករណីជួញដូរថ្នាំញៀននៅក្នុងភូមិរបស់គាត់។ ពេលទទួលបានព័ត៌មាននេះភ្លាម លោកក៏បានចាត់កម្លាំងជំនាញចុះបង្ក្រាបដោយមានការឯកភាពពីលោក វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម។ ពេលចុះទៅបង្ក្រាបនោះ កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន រួមជាមួយកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកស្រីសន្ធរ ដឹកនាំដោយលោកវរសេនីយ៍ទោ រុន រ៉ា ឋាន:នាយរងការិយាល័យប្រឆាំងញៀន  សមត្ថកិច្ចយើងក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យភេទប្រុសចំនួន០១នាក់ និងដកហូតវត្ថុតាងរួមមាន ម្សៅក្រាមពណ៌សសង្ស័យជាថ្នាំញៀនចំនួន០៥កញ្ចប់ និងទូរស័ព្ទដៃចំនួន០១គ្រឿង។

 លុះមកដល់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ ក៏មានមុខសញ្ញាប្រើប្រាស់ថ្នាំញៀនបានទូរស័ព្ទមកទិញថ្នាំញៀនពីជនសង្ស័យខាងលើ សមត្ថកិច្ចយើងក៏បានបន្ដធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន០៣នាក់ទៀតគឺ៖ ១-ឈ្មោះ ខុន សុខា ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅភូមិទ្រាស ឃុំខ្នារ.ស ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។២-ឈ្មោះ ស៊ីម ដន ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅភូមិជីប្រាយ ឃុំប្រាំយ៉ាម ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។ ៣-ឈ្មោះ គឹម ហ៊ាង ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងផ្សារដែក មានទីលំនៅភូមិជើងដឹក ឃុំប្រាំយ៉ាម ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម និងដកហូតវត្ថុតាងទូរស័ព្ទដៃចំនួន០៥គ្រឿង។

   បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានបញ្ជូនមកការិយាល័យប្រឆាំងគ្រឿងញៀនដើម្បីបន្តធ្វើការស្រាវជ្រាវនិងកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕

ដោយ ៖ វណ្ណៈ


ចែករំលែក៖