ព័ត៌មានទាន់ហេតុការណ៍៖

ស្វែងយល់អំពីទំនៀមទំលាប់ និងប្រពៃណីខ្មែរ (តពីលេខមុន)

ចែករំលែក៖

(តពីលេខមុន)

* សម្លៀកបំពាក់ជាផ្លូវការ

 សម្លៀកបំពាក់ជាផ្លូវការ មានរបៀបផ្សេងៗគ្នា។ តែសូមញែកខាងដើមត្រឹមពីរបែបសិនចុះគឺរបៀបទាហានមួយ និងរបៀបស៊ីវិលមួយ ។

ក- របៀបទាហានមិនបាច់អធិប្បាយក្នុងទីនេះទេព្រោះមានបញ្ហាខាងទាហានជាខ្នាតវិន័យត្រឹមត្រូវរបស់គេស្រាប់ទៅហើយ។

ខ-ឯរបៀបស៊ីវិលមានច្រើនបែបដូចមានពោលតទៅនេះ÷១- ឡើងគាល់ព្រះមហាក្សត្រម្ចាស់ផែនដីក្នុងព្រះបរមរាជវាំងមានការផ្ទាល់ខ្លួន ឬការងាររាជការនោះមន្រ្តីធំក្តី តូចក្តីប្រជាជនទាំងឡាយក្តី ត្រូវស្លៀកពាក់ឱ្យត្រឹមត្រូវសមរម្យជាទីគោរពពេញបរិបូណ៌។ 

 គឺថាបើប្រៀបខ្លួនតាមរបៀបខ្មែរនោះ ចំណែកឯមន្ត្រីត្រូវស្លៀកសំពត់អាវសកត្រង់ឡេវត្រាមកុដមាស ឬប្រាក់តាមឋានន្តរស័ក្តិរបស់ខ្លួន ស្បែកជើងខ្មៅស្រោមជើងវែងពណ៌ខ្មៅ។

ចុះបើប្រជារាស្រ្តសាមញ្ញវិញអ្នកមានធនធានអាចនឹងស្លៀកពាក់បានដូចគ្នា តែមិនត្រូវប្រើឡេវត្រាមកុដនោះទេ។ យើងមានធនធាន និងប្រើឡើងមាសប្រាក់បានតាមចិត្ត កុំតែឡេវត្រាមកុដ ។ អាវកុតទៀតក៏ត្រូវកាត់ជារបៀបអាវធម្មតា កុំប្រើអាវមានឡេវចង្កេះដូចមន្ត្រីឡើយ។អ្នកដែលក្រខ្សត់ក៏គប្បីស្លៀកសំពត់ ឬអាវចិន។ ជើងទទេក៏បានសណ្តោសដោយទ័លក្រ។បើស្លៀកពាក់យ៉ាងនេះស្អាតបាតហើយនោះមិនត្រូវយកក្រមាពព្លាក់មកវ័ធស្ពាយឆៀងឬក្រវាត់ពីលើអាវទៀតទេ នាំឲ្យរយីករយាកឥតប្រយោជន៍។

២-បើក្រាបបង្គំគាល់ក្រៅព្រះបរមរាជវាំងវិញដូចជាក្នុងពេលព្រះមហាក្សត្រស្ដេចយាងទៅវត្តឬតាមអាណាខេត្តតាមតំបន់ជនបទជិតឆ្ងាយមន្រ្តីខេត្តស្រុក ឃុំ អាចារ្យវត្ត និងឧបាសកកុបាសិកា អ្នកស្រុកទាំងប្រុសស្រីគប្បីស្លៀកពាក់ឲ្យស្អាតបាតត្រឹមត្រូវដូចបានអធិប្បាយខាងលើនេះ។ហាមដាច់ខាតមិនឲ្យស្រីស្លៀកសារុង ស្លៀកក្រមាពាក់មួក ទទូក្រមា ឈរក្រពាត់ដៃច្រត់ចង្កេះ បៀមខ្សៀ ឬបារីឬលែងខ្លួនទទេឈរទទួលព្រះមហាក្សត្រឡើយ។

 សូមកុំភ្លេច÷

យើងជាពលរដ្ឋត្រូវគោរពព្រះមហាក្សត្រយើងឲ្យបរិបូណ៌តាមប្រពៃណីពីបុរាណកាល។ដូច្នេះយើងមិនត្រូវរៀបចំខ្លួនប្រាណឱ្យឈ្លើយឡើយ។អ្នកស្លៀកខោខ្លីលើក្បាលជង្គង់ ចងកក្រមាខ្លួនទទេ ។ (ស្លៀកសារុងហាមផ្ដាច់មិនឱ្យស្លៀកចូលព្រះបរមរាជវាំងឬចូលវត្តឡើយ។ម្យ៉ាងទៀតប្រទេសយើងបានឯករាជ្យហើយមិនត្រូវស្លៀកសារុងដើរផ្សារ ចេញមុខមាត់ទេ ព្រោះសារុងគេសម្រាប់តែស្លៀកនៅផ្ទះឬស្លៀកដេកប៉ុណ្ណោះ។ ស្លៀកក្រមាឡូយឆាយយ៉ាងនេះមិនត្រូវចូលគាល់ម្ចាស់ផែនដីទេ។ ដោយហោចណាស់ក៏ត្រូវស្លៀកត្រឹមខោចិន អាវចិន ខោអាវទាំងនេះស្លៀកពាក់ចូលគាល់ក្នុងព្រះបរមរាជវាំងមិនបានទេ។យើងជាអ្នកក្រខ្សត់ទុរគតពេកណាស់ត្រូវបិទឡេវអាវឲ្យគ្រប់ទាំងអស់សូម្បីតែឡេវក ក៏ពុំត្រូវភ្លេចបិទឲ្យសោះ។ការមិនបិទឡេវអាវជាបទព្រហើនមួយដែលគេទុកជាអ្នកមិនស្គាល់ច្បាប់ខុសត្រូវក្នុងគារវកិច្ច។

 ៤-បើរៀបចំខ្លួនប្រាណតាមរបៀបអឺរ៉ុបវិញនោះ ក៏ត្រូវធ្វើតាមគន្លងច្បាប់ទម្លាប់គេឲ្យបរិបូណ៌ដែរគឺស្អាត ស្លៀកខោជើងវែង អាវបើកក ចងក្រវាត់ក ស្បែកជើងស្រោមជើង។

 សូមកុំភ្លេចថា ការពាក់អាវបើកកមិនចងក្រវាត់ ពាក់ស្បែកជើងសង្រែក មិនត្រូវហ៊ានឡើងគាល់ព្រះរាជាទេ។ នៅទីណាក៏ដោយលើកលែងតែយើងដើរទៅប្រទះព្រះរាជដំណើរស្តេចតាមផ្លូវ។ សម្លៀកបំពាក់សម្រាប់ឡើងគាល់ព្រះមហាក្សត្រជារបៀបស៊ីវិលត្រូវរាប់បញ្ចូលជាផ្លូវការទាំងអស់ព្រោះយើងត្រូវតែស្លៀកពាក់ឲ្យត្រឹមត្រូវនៅចំពោះព្រះភ័ក្រ្តព្រះមហាក្សត្រ។

(នៅមានត)ស្រាវជ្រាវនិងកែសម្រួលដោយ÷ ចៅតាជេត


ចែករំលែក៖