ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រី​សាខា ក.ប.ប. ខេត្តកំពត​ បង្កើនកិច្ចសហការជាមួយសាខាគយ និងរដ្ឋាករច្រកទ្វារអន្តរជាតិព្រែកចាក ដើម្បីពង្រឹងការត្រួតពិនិត្យលើទំនិញនាំចូលពីប្រទេសវៀតណាម

ចែករំលែក៖

ខេត្តកំពត​ ៖​ ដោយអនុវត្តតាមប្រកាសអន្តរក្រសួងលេខ៥៧៤ សហវ.ប្រក ស្តីពីកិច្ចសហការរវាងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងអគ្គនាយកដ្ឋានកម្ពុជាត្រួតពិនិត្យទំនិញនីហរ័ណ អាហរ័ណ និងបង្ក្រាកការក្លែងបន្លំ (កាំកុងត្រូល) ដែលបច្ចុន្បន្នជាអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ នា«ក.ប.ប.» កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២​ មន្ត្រីជំនាញ​សាខាក.ប.ប ខេត្តកំពត បានចុះសហការជាមួយសាខាគយ និងរដ្ឋាករច្រកទ្វារអន្តរជាតិព្រែកចាក ត្រួតពិនិត្យគុណភាពទំនិញដែលបាននាំចូលពីប្រទេសវៀតណាម ឆ្លងកាត់ច្រកព្រំដែនព្រែកចាក ខេត្តកំពត។ 

ក្នុងប្រតិបត្តិការត្រួតពិនិត្យនេះ មន្ត្រីជំនាញបានធ្វើតេស្តស្វែងរកសារធាតុចាហួយ (CMC) និងសារធាតុគីមី Formalin ទៅលើទំនិញបង្គាស្រស់ចំនួន ០៣កេស ស្មើនឹង ៦០គីឡូក្រាម  ។ លទ្ធផលនៃការត្រួតពិនិត្យ មន្រ្តីជំនាញពុំបានរកឃើញវត្តមានសារធាតុហាមឃាត់ទាំងនោះឡើយ។

គួរបញ្ជាក់ថា​ កាលពីពេលថ្មីៗនេះ​ ក្រោយពីបានរកឃើញរថយន្តដឹកគ្រឿងសមុទ្រដែលមានចាក់បញ្ចូលសារធាតុចាហួយ ( CMC) កាលពីសប្តាហ៍កន្លងទៅ មន្ត្រីសាខា ក.ប.ប. ខេត្តកំពត ក្រោមការសម្របសម្រួលដោយលោក ឈារី ម៉ារ៉ូ ព្រះរាជអាជ្ញារង នៃសាលាដំបូងខេត្តកំពត សហការជាមួយគណៈកម្មការបង្ក្រាបបទល្មើសនាំចូលខេត្តកំពត បានបន្តប្រតិបត្តិការចុះត្រួតពិនិត្យគុណភាពទំនិញ លើរថយន្តដឹកគ្រឿងសមុទ្រចំនួន ០២ឡានតូរីស រួចបញ្ជូនមកទីតាំងតំបន់សឹករងស្រុកកំពង់ត្រាច ខេត្តកំពត ដើម្បីឱ្យសមត្ថកិច្ចជំនាញធ្វើការត្រួតពិនិត្យ។ 

ជាក់ស្ដែង​រថយន្តទាំង២គ្រឿងនោះមានផ្ទុក បង្គាក្លាសេ អយស្ទ័រ គ្រែងឈាម មឹកស្រស់/ក្រៀម ត្រីឆ្ពង់ និងក្តាមប្រៃ សរុបទម្ងន់ ២ ២៦៥គីឡូក្រាម ដែលជាលទ្ធផលមន្ត្រីជំនាញ​ ពុំបានរកឃើញវត្តមានសារធាតុចាហួយ (CMC) ឬសារធាតុគីមីហាមឃាត់ចាក់បញ្ចូល ឬលាយបន្ថែមលើទំនិញទាំងនោះឡើយ៕

ដោយ​៖ស​ តារា​


ចែករំលែក៖