ភ្នំពេញ ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ខែមករា ឆ្នាំ២០២២ ក្រសួងទេសចរណ៍ បានរៀបចំកម្មវិធីបើកយុទ្ធនាការ “កម្ពុជា៖ គោលដៅទេសចរណ៍សុវត្ថិភាព និងបៃតង” ដោយមានការសហការពីក្រុមការងាររាជរដ្ឋាភិបាលនិងឯកជន ដើម្បីស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ និងគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលនិងឯកជន ដើម្បីស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដោយមានការចូលរួមពី លោក លោកស្រី សមាជិក សមាជិកានៃក្រុមការងាររាជរដ្ឋាភិបាល និងឯកជន ដើម្បីស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុង និងក្រោយវិបត្តិជំងឹកូវីដ-១៩ និងសមាជិក សមាជិកាគណៈកម្មាធិការជាតិវាយ តម្លៃទីក្រុងស្អាត។
ថ្លែងក្នុងពិធីបើកយុទ្ធនាការនេះ លោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកឡើងនូវអនុសាសន៍មួយចំនួន ដូចតទៅ៖
១.រួមគ្នាឱ្យយុទ្ធនាការ “កម្ពុជា៖ ជាគោលដៅទេសចរណ៍សុវត្ថិភាព និងបៃតង” ក្លាយជាមធ្យោបាយផ្សព្វផ្សាយទេសចរណ៍កម្ពុជាក្រោយវិបត្តិជំងឺកូវីដ-១៩ ដ៏មានប្រសិទ្ធភាព៖
២.រួមគ្នាឱ្យយុទ្ធនាការ “កម្ពុជា៖ ជាគោលដៅទេសចរណ៍សុវត្ថិភាព និងបៃតង” សម្រាប់គាំទ្ររបៀងទេសចរណ៍អាស៊ាន និងចលនាទេសចរណ៍ផ្ទៃក្នុងអាស៊ាន
៣.រួមគ្នាឱ្យយុទ្ធនាការ “កម្ពុជា៖ ជាគោលដៅទេសចរណ៍សុវត្ថិភាព និងបៃតង” ដើម្បីពង្រឹងភាពធន់កាន់តែប្រសើរ (Resiliency) នៃវិស័យទេសចរណ៍កម្ពុជា
៤.រួមគ្នាចូលរួមពង្រឹងយន្តការគាំទ្រដល់យុទ្ធនាការ “កម្ពុជា៖ ជាគោលដៅទេសចរណ៍សុវត្ថិភាព និងបៃតង”
បន្ថែមពីនេះ លោករដ្ឋមន្ត្រីបានស្នើឱ្យទីតាំងដែលមានឧបនិស្ស័យទេសចរណ៍ទាំងអស់ត្រូវចូលរួមអនុវត្តនីតិវិធីប្រតិបត្តិស្តង់ដា (SOP) តាមគន្លងប្រក្រតីភាពថ្មី ជាអាទិ៍ ផ្សារ រោងភាពយន្ត, សារមន្ទីរ, វត្តអារាម, ទីតាំងសាសនា, ចំណតរថយន្តក្រុង និងព្រលានយន្ត..។ល។
លោកបានប្រកាសដាក់ឱ្យអនុវត្តនូវនីតិវិធីប្រតិបត្តិស្តង់ដារអប្បបរមាចំនួន៤៖
ទី១)-នីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មីសម្រាប់ផ្សារទំនើប
ទី២)-នីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មីសម្រាប់ផ្សារទំនើបខ្នាតតូច
ទី៣)-នីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មីសម្រាប់ផ្សារសាធារណៈ
និង ទី៤)-នីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មីសម្រាប់ផ្សារមិនរៀបរយ។
ក្នុងពិធីបើកយុទ្ធនាការនេះ លោកក៏បានស្នើឱ្យបន្តជំរុញយុទ្ធនាការ ឬចលនាប្រឡងប្រណាំងនានា ជាអាទិ៍ ៖ ចលនាប្រឡងប្រណាំង “ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ និងបដិសណ្ឋារកិច្ចល្អ” ចលនាប្រឡងប្រណាំង “ស្រុកស្អាត”, “ទីប្រជុំជនស្អាត” ,“ភូមិទេសចរណ៍ស្អាត”, “បង្គន់សាធារណៈស្អាត” ,“ចលនាប្រឡងប្រណាំងបដិសណ្ឋារកិច្ចល្អក្នុងវិស័យទេសចរណ៍” និង “ស្តង់ដារង្វាន់សម្តេចតេជោនាយករដ្ឋមន្ត្រីសម្រាប់ធុរកិច្ចបៃតងក្នុងវិស័យទេសចរណ៍”, “យុទ្ធនាការគ្មានថង់ប្លាស្ទីកនៅតាមទីតាំងទេសចរណ៍សំខាន់ៗ”, “សាលាមេត្រីភាពបរិស្ថាន”…ជាដើម។ល។
ដោយ ៖ សិលា