ព័ត៌មានទាន់ហេតុការណ៍៖

មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ធ្វើទស្សនកិច្ចនៅរោងចក្រផលិតអាវុធក្រោយពីសាកល្បងមីសុីល៦លើកដើមឆ្នាំ២០២២

ចែករំលែក៖

សារព័ត៌មានជាតិកូរ៉េខាងជើង KCNA បានផ្សាយថា ទីក្រុងព្យុងយ៉ាង បានបាញ់សាកល្បងមីស៊ីលរយៈចម្ងាយឆ្ងាយទទួលបានជោគជ័យ។ ក្រោយការសាកល្បងនោះមេដឹកនាំគីម ជុងអ៊ុនបានបំពេញទស្សនកិច្ចទៅត្រួតពិនិត្យរោងចក្រផលិតអាវុធធំបំផុតក្នុងប្រទេសនេះ។
ការប្រឈមមុខតានតឹងនៅឧបទ្វីបកូរ៉េកើតឡើងក្រោយពេលទីក្រុងព្យុងយ៉ាងបាញ់មីស៊ីលលើកទី៦ជាបន្តបន្ទាប់ក្នុងរយៈពេល មិនដល់មួយខែផងនាដើមឆ្នាំ២០២២នេះ។ មេដឹកនាំគីម ជុងអ៊ុនបានទៅត្រួតពិនិត្យការធ្វើតេស្តមីស៊ីលដោយផ្ទាល់ ។ បន្ទាប់មកលោកក៏បានទៅត្រួតពិនិត្យរោងចក្រផលិតអាវុធ ហើយលោកបានសរសើរពីការរីកចម្រើនក្នុងវិស័យផលិតអាវុធនៅក្នុងប្រទេសនេះ។ លោកគីម ជុងអ៊ុនបានបញ្ជាក់ថា រោងចក្រផលិតអាវុធមានសារសំខាន់ខ្លាំងណាស់សម្រាប់ប្រទេសជាតិ និងយុទ្ធសាស្ត្រការពារជាតិ ។
សារព័ត៌មាន KCNA មិនបានផ្សាយពីប្រភេទអាវុធដែលបានផលិតនៅក្នុងរោងចក្រដែលមេដឹកនាំគីម ជុងអ៊ុនទៅទស្សនានោះឡើយ ។ នៅក្នុងកិច្ចប្រជុំកាលពីខែមុន មេដឹកនាំគីម ជុងអ៊ុនបានអំពាវនាវឱ្យបង្កើនសមត្ថភាពការពារជាតិ ក្នុងពេលដែលស្ថានភាពពិភពលោកមានសញ្ញាអសន្តិសុខ។
នៅក្នុងដំណើរទស្សនកិច្ចទៅកាន់រោងចក្រផលិតអាវុធ លោកគីម ជុងអ៊ុន បានអំពាវនាវឱ្យប្រមូលកម្លាំងទាំងអស់ដើម្បីផលិតអាវុធទំនើបៗនិងខ្លាំងក្លាសម្រាប់ពង្រឹងសមត្ថភាពការពារជាតិ ៕

ដោយ៖ សាធី(រូបថត៖Reuters )

រូបថត៖South China Morning Post.


ចែករំលែក៖