ភ្នំពេញ៖ ដោយមានការយកចិត្តទុកដាក់ពីលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ វេលាម៉ោង៩ព្រឹក លោកវរសេនីយ៍ឯក ម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ និងលោកវរសេនីយ៍ទោ អ៊ុន ប៊ុនធីម នាយការិយាល័យអន្តរាគមន៍ និងតម្រួតបទបញ្ជា តំណាងលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដឹកនាំមន្រ្ដីក្រោមឱវាទអញ្ជើញចុះសួរសុខទុក្ខ និងនាំយកថវិកា ជូនមន្ត្រីប៉ុស្តិ៍នគបាលរដ្ឋបាល ចោមចៅ១ ចំនួន៣រូប ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍ក្នុងការបំពេញភារកិច្ចពេលបង្ក្រាបក្រុមចោរឆក់។
យោងតាមប្រភពព័ត៌មានពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ថវិការដែលទទួលបានរួមមាន៖
១- ថវិការបស់លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ១នាក់ ១លានរៀល។
២- ថវិកាឯកឧត្តមស្នងការ ១នាក់ ៥០ម៉ឺនរៀល។
៣- ថវិកាអភិបាលខណ្ឌ អ្នករបួសធ្ងន់ ចំនួន១លានរៀល អ្នករបួសស្រាល ចំនួន ៤០ម៉ឺនរៀល។
៤- ថវិកាអធិការនគរបាលខណ្ឌពោធិ៍សែនជ័យ អ្នករបួសធ្ងន់ ចំនួន១លាន២០ម៉ឺនរៀល របួសស្រាល ចំនួន៦០ម៉ឺនរៀល។
៥- ថវិកាចៅសង្កាត់ចោមចៅទី១ ចំនួន១០០ដុល្លារ។
ជាមួយនេះផងដែរ កម្លាំងទាំង៣នាក់ ក៏បានថ្លែងអំណរគុណចំពោះលោក ឃួង ស្រេង និងលោកស្នងការ ព្រមទាំងថ្នាក់ដឹកនាំ ដែលតែងតែយកចិត្តទុក្ខដាក់មន្ត្រីក្រោមឱវាទ ជាពិសេសនៅពេលដែលមន្ត្រីនគរបាលមានជំងឺ មិនថាបុរស ឬ ស្ត្រី ដែលបានឆ្លៀតឱកាស អញ្ជើញជួបសួរសុខទុក្ខដោយផ្ទាល់ និងនាំយកថវិកាមកផ្តល់ជូនដល់យើងខ្ញុំនាពេលនេះផងដែរ៕
ដោយ៖ស តារា