នៅតំបន់ភាគខាងត្បូងអាហ្វ្រិក ក្នុងនោះមានប្រទេសម៉ូហ្សំប៊ិក, ម៉ាដាហ្គាស្ការ និងម៉ាឡាវី បានរងការវាយប្រហារដោយព្យុះ អេណាបណ្តាលឱ្យមានអ្នកស្លាប់ អ្នករបួសនិងបាត់ខ្លួនជាច្រើន ។ ចំនួនអ្នកស្លាប់ដោយសារព្យុះត្រូពិក Ana ដែលបានវាយប្រហារលើប្រទេសចំនួន៣ខាងលើនៅក្នុងតំបន់ភាគខាងត្បូងអាហ្វ្រិកបានកើនដល់ ៧៧នាក់ហើយ នៅថ្ងៃ២៧ ខែមករា។
នៅតំបន់ភាគកណ្តាលនិងភាគខាងជើងនៃប្រទេសម៉ូហ្សំប៊ិកមានមនុស្ស១១នាក់ស្លាប់ ក្នុងនោះមានទាំងកុមារនិងមនុស្សចាស់។ ស្ពានជាច្រើនខ្សែត្រូវគ្រោះទឹកជំនន់បំផ្លាញ ហើយផ្លូវថ្នល់ជាច្រើនបានលិចលង់ដោយទឹកជំនន់ ។
ជាមួយគ្នានេះដែរប្រព័ន្ធអគ្គិសនីនៅតំបន់ជាច្រើនក្នុងប្រទេសម៉ូហ្សំប៊ិក និងម៉ាឡាវី ត្រូវទឹកជំនន់ធ្វើឱ្យខូចខាតបាក់បង្គោលភ្លើង ។ ចំណែកវារីអគ្គិសនី turbineត្រូវជាប់គាំងដោយសារសំរាមច្រើនហូរតាមទឹកជំនន់។ បើទោះបីព្យុះបានចុះខ្យោយក្តី តែបានបង្កឱ្យមានភ្លៀងធ្លាក់ខ្លាំងនៅតំបន់ជាច្រើន បង្កឱ្យមានគ្រោះទឹកជំនន់កាន់តែខ្លាំង។
ដោយឡែកនៅក្នុងប្រទេស Madagascar មានមនុស្ស៤៨ នាក់ស្លាប់ និងពលរដ្ឋជាង១សែននាក់បាត់បង់ផ្ទះសម្បែងដោយគ្រោះទឹកជំនន់បានបំផ្លាញផ្ទះរបស់ពួកគាត់។
អាជ្ញាធរនៃប្រទេសម៉ាដាហ្គាស្ការ បានប្រកាសភាពអាសន្នទូទាំងប្រទេស ខណៈដែលចំនួនអ្នកស្លាប់កើនដល់៤៨នាក់ រីឯប្រទេសម៉ូហ្សំប៊ិកស្លាប់១៨នាក់ និង១១នាក់ នៅក្នុងប្រទេសម៉ាឡាវី។ ចំណែកឯ ក្រុមអ្នកជួយសង្រ្គោះបាននិងកំពុងបន្តធ្វើប្រតិបត្តិការផ្ដល់ជំនួយចាំបាច់នានាដល់អ្នកដែលរងផល ប៉ះពាល់៕
ដោយ៖សាធី(រូបថត៖ AP)