ខេត្តពោធិ៍សាត់ ៖ រសៀលម្សិលមិញថ្ងៃព្រហស្បត្តិ៍ ១០រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ បញ្ជូនជនត្រូវចោទ២នាក់ទៅដាក់ពន្ធនាគារជាបណ្ដោះអាសន្ន ដោយម្នាក់ជាប់ចោទពីបទៈ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ដោយប្រើប្រាស់អាវុធឬគំរាមកំហែងនឹងអាវុធ និងម្នាក់ទៀត ពីបទៈ ហឹង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងប្រើបាស់ដោយខុសច្បាប់នូវសារធាតុញៀន នេះបើយោងតាមដីកាបង្គាប់ឲ្យឃុំខ្លួនបណ្ដោះអាសន្ន លេខ៣៤ ឃ.ខ/២២ និងលេខ៣២ ឃ.ខ/២២ ចុះថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ ចេញដោយលោកចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តពោធិ៍សាត់ ។
យោងដីកាខាងលើ ជនត្រូវចោទទី-១ ពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ដោយប្រើប្រាស់អាវុធឬគំរាមកំហែងនឹងអាវុធ ឈ្មោះ សូន សុភក្រ ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ ទីកន្លែងកំណើត ភូមិតាសាស ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ ទីលំនៅបច្ចុប្បន្ន ភូមិ.ឃុំព្រៃត្រឡាច ស្រុករុក្ខគីរី ខេត្តបាត់ដំបង ប្រព្រឹត្តនៅចំណុចស្រែក្ដីខាងកើត ស្ថិតនៅភូមិសំឡាញ ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់ កាលពីរសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ បានប្រើប្រាស់កាំបិតផ្គាក់ និងកាំភ្លើងខ្យល់ជាអាវុធ លើជនរងគ្រោះឈ្មោះ កែវ សម្បត្តិ ភេទប្រុស អាយុ ៥៨ឆ្នាំ ជនជាតិខ្មែរ បណ្ដាលឲ្យដាច់រយះចំណុចថ្ងាសខាងស្ដាំ និងដាច់រយះមេដៃខាងឆ្វេង ថែមទាំងដេញបាញ់ប្រពន្ធជនរងបួសឈ្មោះ យ៉ាន ម៉ៅ អាយុ ៥០ឆ្នាំ ប៉ុន្តែមិនបណ្តាលឲ្យរបួសទេ ជនត្រូវចោទដដែលនេះ ។
ដីកាមួយទៀត ជនត្រូវចោទទី២- ពីបទ ហិង្សាដោយចេតនាវាយមានស្ថានទម្ងន់ទោស និងប្រើបាស់ដោយខុសច្បាប់នូវសារធាតុញៀន មានឈ្មោះ យ៉ាន យឿន ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ ទីកន្លែងកំណើត ភូមិបាក់ចិញ្ជៀន ឃុំផ្ទះរុង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ទីលំនៅមុនចាប់ខ្លួន ភូមិភូមិតាសាស ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ ប្រព្រឹត្តកាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ ត្រង់ចំណុចស្រះកណ្ដាល ស្ថិតនៅភូមិតាក់ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ បានប្រើប្រាស់ដំបងដែកបំពុងទីបស្ទាក់វាយគូរទំនាស់ ឈ្មោះ សោ សុបិន ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ.ឃុំកើតហេតុ បណ្ដាលឲ្យបែកលំពែង(ធ្ងន់)៕
ដោយៈ បុឹម ពិន