ភ្នំពេញ ៖ សារាចរណែនាំរបស់ក្រសួងទេសចរណ៍ក្នុងការគ្រប់គ្រងចរន្តភ្ញៀវទេសចរ និងការពង្រឹងគុណភាពផលិតផលទេសចរណ៍សម្រាប់ឱកាសចូលឆ្នាំប្រជាជនចិន និងវៀតណាម ចាប់ពីថ្ងៃទី៣១ ខែមករា ដល់ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២២។
ដើម្បីពង្រឹងគុណភាពផលិតផលទេសចរណ៏ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីប្រជាជនចិន និងវៀតណាម ត្រូវនឹងថ្ងៃទី៣១ ខែមករា ដល់ ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២២ និងដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្រសួងទេសចរណ៍សូមធ្វើការណែនាំដល់មន្ទីរទេសចរណ៍រាជធានី ខេត្ត ដូចខាងក្រោមចំនួន៦ ចំណុច ៖
១- ត្រូវជំរុញការអនុវត្តឲ្យបានយ៉ាងខ្ជាប់ខ្លួន និងម៉ឺងម៉ាត់នូវវិធានការទាំងឡាយដែលបានដាក់ចេញដោយ រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ពិសេសវិធានការ “៣ ការពារ” និង “៣ កុំ” ឲ្យបានខ្ជាប់ខ្លួន។
២-ត្រូវពង្រឹងការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីស្ដង់ដាប្រតិបត្តិអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មី ដែលត្រូវបានដាក់ឲ្យអនុវត្តដោយក្រសួងទេសចរណ៍ទៅលើអាជីវកម្មទេសចរណ៍នានា ដើម្បីរក្សាស្ថិរភាពអាជីវកម្ម និងធានាសុវត្ថិភាពជូនដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
៣. ត្រូវបន្តពង្រឹងការគ្រប់គ្រងឲ្យបានល្អប្រសើរនៅតាមរមណីយដ្ឋាន និងគោលដៅទេសចរណ៍នានា ពិសេសត្រូវកំណត់សមត្ថភាពផ្ទុក (Carrying Capaclty) អតិបរមា ដែលអាចទទួលភ្ញៀវបានក្នុងពេល តែមួយអនុលោមតាមស្តង់ដាគម្លាតសុវត្ថិភាព និងមិនត្រូវទទួលភ្ញៀវលើសពីចំណុះនេះជាដាច់ខាត។ ក្នុងករណីមានការកកកុញលើសពីសមត្ថភាពផ្ទុកមន្ទីរទេសចរណ៍ត្រូវរាយការណ៍មកក្រសួងទេសចរណ៍ និងរដ្ឋបាលរាជធានី ខេត្តជាបន្ទាន់ ដើម្បីមានវិធានការផ្អាកសកម្មភាពរមណីយដ្ឋាន និងគោលដៅ ទេសចរណ៍នោះជាបណ្តោះអាសន្នសិន។
៤. ត្រូវជំរុញឲ្យម្ចាស់អាជីវកម្ម និងគោលដៅទេសចរណ៍នានា រៀបចំឲ្យមានកម្មវិធីលើកទឹកចិត្តចំពោះ ភ្ញៀវទេសចរដែលបានចាក់វ៉ាក់សាំង ខណៈដែលបុគ្គលិកបម្រើការទាំងអស់ ត្រូវទទួលបានការចាក់ វ៉ាកំលាំងតាមការកំណត់របស់ក្រសួងសុខាភិបាល។
៥-ត្រូវសហការជាមួយអាជីវករ និងប្រតិបត្តិករទេសចរណ៍ ក្នុងការពង្រឹងគុណភាពផលិតផលទេសចរណ៍ ថែរក្សាបរិស្ថាន-អនាម័យ និងរក្សាតម្លៃផលិតផល និងសេវាឲ្យបានសមរម្យ។ រាល់តម្លៃស្នាក់នៅ ម្ហូបអាហារ និងសេវាផ្សេងៗត្រូវសរសេរឲ្យបានច្បាស់ដាក់ក្នុងតារាងដើម្បីជម្រាបជូនភ្ញៀវឲ្យបាន ដឹងជាមុន ជៀសវាងការកំណត់ថ្ងៃខ្ពស់ហួសហេតុ។ ករណីមិនអនុវត្តតាមតារាងដែលបានបិទផ្សាយ ម្ចាស់មូលដ្ឋានអាជីវកម្មត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។
៦. ត្រូវរៀបចំឲ្យមានក្រុមការងារចុះផ្សព្វផ្សាយ និងជំរុញការអនុវត្តខ្លឹមសារសារាចរណែនាំនេះ ឲ្យបាន ទូលំទូលាយ និងគ្រប់រូបភាព ទៅដល់ប្រតិបត្តិករទេសចរណ៍ និងត្រូវធ្វើរបាយការណ៍បូកសរុបស្ថិតិ ភ្ញៀវទេសចរនៅតាមរមណីយដ្ឋាន និងគោលដៅទេសចរណ៍នានា និងផ្ញើមកក្រសួងទេសចរណ៍ ឲ្យ បានទាន់ពេលវេលាជាប្រចាំថ្ងៃ។
ទទួលបានសារាចរណែនាំនេះ ត្រប់មន្ទីរទេសចរណ៍រាជធានី ខេត្ត ត្រូវសហការជាមួយរដ្ឋបាលរាជធានី ខេត្ត មន្ទីរពាក់ព័ន្ធ និងផ្នែកឯកជន អនុវត្តតាមខ្លឹមសារខាងលើឲ្យមានប្រសិទ្ឋភាព ក្នុងស្មារតីទទួលខុសត្រូវខ្ពស់៕
ដោយ ៖ សុខ ខេមរា