ស្ត្រីដំបូងគេបង្អស់ក្នុងប្រទេសហុងឌូរ៉ាស់(Honduras) បានស្បថចូលកាន់តំណែងប្រធានាធិបតីជាប្រវត្តិសាស្ត្រនៅថ្ងៃទី ២៧ខែមករា។ លោកស្រីសន្យាថានឹងកែទម្រង់កាត់បន្ថយភាពក្រីក្រ បទល្មើសក្នុងប្រទេសនេះ។
ប្រធានាធិបតីជាប់ឆ្នោតលោកស្រី Xiomara Castro និងស្វាមីដែលជាអតីតប្រធានាធិបតី លោក Manuel Zelaya ក៏បានចូលរួមក្នុងពិធីស្បថចូលកាន់តំណែងនាថ្ងៃទី២៧ខែមករា ឆ្នាំ២០២២នោះដែរ ។ ការចូលកាន់តំណែងរបស់លោកស្រី Castro គឺបញ្ចប់ការកាន់អំណាចរបស់ប្រធានាធិបតី Juan Orlando Hernandez ក្នុងរយៈពេល៨ឆ្នាំកន្លងមក និងជាសម្ព័ន្ធមិត្តរបស់អាមេរិក ។
ក្រោយការឡើងកាន់អំណាច រដ្ឋាភិបាលថ្មីរបស់លោកស្រី Castro ត្រូវប្រឈមនឹងការប្រេះឆានៅក្នុងរដ្ឋសភា ដោះស្រាយបញ្ហាបំណុល និងទំនាក់ទំនងជាមួយចិន។ លោកស្រី Castro បានលើកឡើងថា ការណ៍ពិតក្នុងពេលនេះគឺមិនអាចទូទាត់បំណុលនោះឡើយ គឺត្រូវតែកែទម្រង់ជាមុនខណៈបំណុលបានកើនឡើងដល់ទៅ៧ដងក្រោមរដ្ឋកាលដឹកនាំរបស់អតីតប្រធានាធិបតីពីរជំនាន់កន្លងមក។
ប្រាក់បំណុលរបស់ប្រទេសហុងឌូរ៉ាស់ មានប្រមាណ១៥,៥លានដុល្លារ ស្មើនឹង៦០% នៃGDP របស់ជាតិ។ លោកស្រីប្រធានាធិបតីបានលើកឡើងថា នឹងមិនដើរតាមគន្លង ថ្នាក់ដឹកនាំមុនៗដែលបន្សល់ទុកបំណុលឱ្យជំនាន់ក្រោយជាអ្នកទទួលសងនោះទេ៕ ដោយ៖ សាធី
រូបថត៖zing news.vn