តារាសម្តែងស្រីល្បីឈ្មោះនៅកម្ពុជាកញ្ញា មាន សូនីតា ដែលគ្រប់គ្នាដាក់រហ័សនាមថាជារាជនីក្រមា នោះបានបង្កើតឲ្យមានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលខ្លាំងសម្រាប់អ្នកគាំទ្រក្រោយពីនាងបានចូលរួមកម្មវិធីបង្ហាញម៉ូតអន្តរជាតិដ៏ល្បីល្បាញមួយនៅទីក្រុងប៉ារីសប្រទេសបារាំង។ កម្មវិធីនេះទើបនឹងបញ្ចប់កាលពីយប់រំលងអាទ្រាធឈានចូលថ្ងៃទី២៩ ខែមករាឆ្នាំ ២០២២នេះម៉ោងនៅកម្ពុជា។
កម្មវិធីបង្ហាញម៉ូតនេះមានឈ្មោះថាPierre Cardin3022 ដែលជាកម្មវិធីបង្ហាញម៉ូតដ៏ល្បីមួយក្នុងចំណោមកម្មវិធីបង្ហាញម៉ូតធំនៅលើពិភពលោកផងដែរ។ ការបង្ហាញមុខលើឆាកអន្តរជាតិនេះក៏បានឆ្លុះបញ្ចាំងពីវិស័យបង្ហាញម៉ូតដែលកំពុងតែទទួលបានការចាប់អារម្មណ៍ច្រើនពីមហាជន ផងដែរ។ កម្មវិធីខាងលើក៏ប្រមូលផ្តុំដោយសិល្បករ និងអ្នករចនាម៉ូតល្បីឈ្មោះមកពីបណ្តាប្រទេសនានានៅលើសាកលលោក ហើយកម្មវិធីបង្ហាញម៉ូតនេះក៏ស្ថិតក្រោមប្រធានបទការចនាម៉ូតដែលសាកសមឥតខ្ចោះនាថ្ងៃអនាគត ដោយការរចនាម៉ូតសម្រាប់រដូវក្តៅក្តៅឆ្នាំ 2022 ដោយការច្នៃប្រឌិតនូវឈុតយានអាវកាស បែបវិទ្យាសាស្ត្រ។
តារាពីកម្ពុជា កញ្ញា មាន សូនីតា ក៏បានបង្ហាញមុខនៅលើឆាកអន្តរជាតិនោះចំពោះ៣ឈុត ដែលស្រស់ស្អាតប្រណីត និងទទួលបានការសរសើរច្រើនពីទស្សនិកជន ថានាងពិតជាមានសមត្ថភាពធ្វើបានយ៉ាងល្អ មិនចាញ់តារាបង្ហាញម៉ូតអន្តរជាតិដែលចូលរួមក្នុងកម្មវិធីនោះឡើយ។ មុនេះដែរនាងក៏បានបង្ហាញរូបថត និងវីដេអូដ៏គួរឲ្យចាប់អារម្មណ៍ដោយទាំងបានស្លៀកឈុតក្រមា ដែលត្រូវបានច្នៃយ៉ាងពិសេស និងការធ្វើដំណើរកម្សាន្តនៅតំបន់ទេសចរណ៍មួយចំនួននៃប្រទេសបារាំងផងដែរ៕
ដោយ ៖ វឌ្ឍនា