ព័ត៌មានទាន់ហេតុការណ៍៖

រុស្ស៊ីបានបញ្ជូនឈាមទៅកាន់ព្រំដែនជាប់អ៊ុយក្រែនត្រៀមជួយសង្គ្រោះទាហានរងរបួស

ចែករំលែក៖

រុស្សុីបានបញ្ជូនឈាមជាច្រើនទៅកាន់ព្រំដែនជាសញ្ញាមួយបង្ហាញយ៉ាងច្បាស់ថា សង្គ្រាមវាយប្រហារគ្នាអាចនឹងកើតមានឡើង ហើយការបញ្ជូនឈាមនោះគឺដើម្បីជួយសង្គ្រោះទាហានរងរបួសត្រូវបញ្ជូលឈាមជាចាំបាច់។
សារព័ត៌មានរ៉យទ័របានផ្សាយថា ការផ្គត់ផ្គង់ឈាមសម្រាប់សមរភូមិគឺជារឿងមួយដ៏សំខាន់ ហើយទីក្រុងមូស្គូបានត្រៀមលក្ខណៈរួចរាល់សម្រាប់សង្គ្រាមជាមួយអ៊ុយក្រែន។ បច្ចុប្បន្នរុស្ស៊ីបានដាក់ពង្រាយកម្លាំងទាហានជាង១សែននាក់នៅជិតព្រំដែនប្រទេសអ៊ុយក្រែន។
ប៉ុន្តែកន្លងមកអ្នកការទូតជាន់ខ្ពស់របស់រុស្ស៊ីបាននិយាយនៅថ្ងៃសុក្រនេះថា ទីក្រុងមូស្គូនឹងមិនចាប់ផ្តើមសង្រ្គាមនៅអ៊ុយក្រែនទេ ប៉ុន្តែបានព្រមានថា ខ្លួននឹងមិនអនុញ្ញាតឱ្យលោកខាងលិចមកជាន់ឈ្លីផលប្រយោជន៍សន្តិសុខរបស់ខ្លួនឡើយ។
រដ្ឋមន្ត្រីការបរទេសរុស្សុីលោក Sergey Lavrov បាននិយាយនៅក្នុងបទសម្ភាសន៍ផ្ទាល់ជាមួយស្ថានីយវិទ្យុរុស្ស៊ីថា «វានឹងមិនមានសង្រ្គាមទេ ព្រោះវាអាស្រ័យលើសហព័ន្ធរុស្ស៊ី ហើយថាយើងមិនចង់មានសង្រ្គាមទេ។ ប៉ុន្តែយើងក៏នឹងមិនបណ្តោយឱ្យផលប្រយោជន៍របស់យើងត្រូវបានគេជាន់ឈ្លី ដោយមិនអើពើឡើយ» ។
ប្រធានាធិបតីអាមេរិកលោក Joe Biden បានព្រមានមេដឹកនាំអ៊ុយក្រែនមួយថ្ងៃមុននេះថា មាន«លទ្ធភាពច្បាស់លាស់» ដែលថា រុស្ស៊ីនឹងចាត់វិធានការយោធាប្រឆាំងនឹងអតីតរដ្ឋសូវៀតមួយនេះ នៅក្នុងខែកុម្ភៈ៕ ដោយ៖ សាធី

រូបថត៖RT


ចែករំលែក៖