ភ្នំពេញ៖ រឿងហួសចិត្តថ្មីទៀតហើយកើតឡើងលើជិវិតអតីតតារាកំប្លែង ស្រី នាង រ៉េន សុធារី ហៅឃ្មឹប ក្រោយពីនាងបានចេញមុខទម្លាយរឿងរ៉ាវក្នុងគ្រួសារគឺការរួមរស់ជាមួយប្តីក្មេងក្រោយថានាងបានរងហិង្សាព្រោះតែរឿងតិចតួច ហើយពេលនេះប្តីក្មេងនោះបានទាំងរត់ចោលនាងបាត់ស្រមោលហើយ ថែមទាំងលួចយកឯកសារសម្គាល់ខ្លួននាងមួយចំនួនទៅបាត់ដែរ។
គេចាំបានថាកន្លងទៅ ក្រោយផ្ទុះរឿងរ៉ាវអាស្រូវផ្ទួនៗឃ្មឹបបានបាត់មុខយ៉ាងយូររហូតលេចចេញដំណឹងស្នេហាថ្មីជាមួយប្តីក្មេងកាលពីពាក់កណ្តាលឆ្នាំ ២០២១នៅលើបណ្តាញសង្គមTik Tok ដែលគេគិតថានាងមានក្តីសុខ និងសុភមង្គល ដែលមានស្នេហាថ្មីដោយបើកចំហរប៉ុន្តែពេលនេះអ្វីៗខុសស្រឡះពីការគិតគឺនាងជួបបញ្ហា រហូតអ្នកដឹងរឿងលាន់មាត់ថាកម្មអ្វីយ៉ាងនេះជួបតែរឿងមិនចេះចប់។ បាត់មុខមួយរយៈមានទស្សនិកជនគិតថានាងអាចនឹងសាងសុភមង្គលជាមួយប្តីក្រោយបាត់ទៅហើយតែបែជាមកជួបរឿងក្នុងជីវិតមិននឹកស្មានថែមទៀត។
អតីតតារាកប្លែងប្រចាំក្រុមនាយកុយរូបនេះបានលើកឡើងថាថ្មីៗនេះនាងនិងប្តីក្រោយគឺឈ្មោះវណ្ណា វណ្ណី មានទំនាស់តិចតួចរឿងប្តីទាមទាទៅផ្ទះប្អូនថ្លៃហើយនាងគ្មានលុយអត់ចង់ទៅក៏កើតជម្លោះជាពាក្យសម្តីតិចតួចហើយប្តីក៏វាយនាងរហូតរបួសស្នាមមួយចំនួនហើយបានរត់ចេញពីផ្ទះជួយបាត់នាំទាំងឯកសាររបស់នាងទៅជាមួយរួមមានសៀវភៅគ្រួសារបណ្ណក្រីក្រ និងកាតសមាជិកសមាគមន៍សិល្បៈទៅបាត់ទៀត។ នាងថាអស់ចិត្តនឹងប្តីក្រោយនេះហើយដែលបានប្រើហិង្សាមកលើនាង ហើយរត់ចោលនាងបាត់ អ្វីដែលនាងចង់បាននៅពេលនេះគឺត្រឹមឯកសារទាំងនោះមកវិញដើម្បីប្រកបការងារចិញ្ចឹមជីវិតបន្ត និងសន្យាលែងទទួលយកបុរសនោះមករួមរស់ជាមួយគ្នាទៀតហើយ។ នាងថាស្ទើតែរាងចាលហើយរឿងមានប្តីព្រោះធ្វើបាបចិត្តនាងខ្លាំង បើទោះបីជាស្គាល់គ្នា និងទទួលយកគ្នាជាប្តីប្រពន្ធ ជាង២ឆ្នាំនេះនាងប្រឹងប្រែងធ្វើការច្រើននោះក៏ដោយ។ នាងក៏ស្នើឲ្យសមត្ថកិច្ចពាក់ព័ន្ធជួយស្វែងរកជនបង្កខាងលើមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់ និងយកឯកសារដែលនាងចាត់ទុកថាជារបស់មានតម្លៃចុងក្រោយប្រចាំជីវិតនាងយកមកវិញផងដែរ។
គួរបញ្ជាក់ដែរថា កន្លងទៅនាងរ៉េន សុធារី ហៅឃ្មឹប ដែលជាតារាកំប្លែងរួមក្រុមនាយកុយធ្លាប់បាត់មុខជាច្រើនឆ្នាំក្រោយបែកបាក់ចំណងស្នេហាជាមួយនាយហុង ដា និងបានលេចមុខឡើងវិញក្រោយនាងចេញមុខមកសាកសួរសុខទុកកូនប្រុសដែលធ្លាប់បានបង្កករណីឃាតកម្មទៅលើភរិយាក្រោយរបស់នាយ ហុងដា កាលពីប៉ុន្មានឆ្នាំមុននេះ។ ក្រោយមកនាងក៏ទទួលបានការជួយជ្រោមជ្រែងពីអ្នកសិល្បៈ និងសប្បុរសជនមួយចំនួន ប៉ុន្តែក្រោយមកនាងជួបរឿងរ៉ាវជីវិតមួយចំនួនរហូតធ្វើឲ្យផ្អើលអស់មហាជន៕
ដោយ ៖ វឌ្ឍនា