ព័ត៌មានទាន់ហេតុការណ៍៖

រុស្ស៊ី៖ អាមេរិកនៅតែបន្តបញ្ជូនអាវុធសម្លាប់មនុស្សឱ្យអ៊ុយក្រែនជាការបំពានកិច្ចព្រមព្រៀងទីក្រុង Minsk

ចែករំលែក៖

ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅទីក្រុងវ៉ាស៊ីនតោន បានលើកឡើងថាអាមេរិកបន្តបញ្ជូនអាវុធជាច្រើនទៅឱ្យប្រទេសអ៊ុយក្រែន ដើម្បីជំរុញឱ្យទីក្រុង Kiev ចូលរួមយុទ្ធនាការយោធាវាយប្រហារប្រឆាំងពលរដ្ឋនៅក្នុងតំបន់ Donbas ភាគខាងកើតប្រទេសអ៊ុយក្រែនដែលកំពុងទាមទារផ្តាច់ខ្លួនពីអ៊ុយក្រែនចូលទៅកាន់ប្រទេសរុស្ស៊ី។
ក្រសួងការបរទេសរុស្ស៊ីបានប្រកាសថា «ជាថ្មីម្តងទៀតយើងសូមអំពាវនាវដល់អាមេរិកនិងសម្ព័ន្ធមិត្តគោរពកិច្ចព្រមព្រៀងទីក្រុង Minsk ហើយមិនត្រូវញុះញង់ឱ្យមានសង្គ្រាមវាយប្រហារទៅលើ ពលរដ្ឋដែលនិយាយភាសារុស្ស៊ីនោះឡើយ។
នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀត ទីភ្នាក់ងារសារព័ត៌មាន Reuters នារសៀលថ្ងៃសៅរ៍ ទី២៩ ខែមករា ឆ្នាំ២០២២ បានផ្សាយថា ខណៈកិច្ចចរចាផ្នែកការទូតជាមួយរុស្ស៊ីបានបង្ហាញភាពជាប់គាំងនោះ ប្រធានាធិបតីអាមេរិកលោក ចូ បៃឌិន បានបន្តព្យាយាមដាក់សម្ពាធលើប្រធានាធិបតីរុស្ស៊ី លោក វ៉ាឌីមៀរ ពូទីន បន្ថែមទៀត ដោយការប្រកាសអំពីផែនការដាក់ពង្រាយយោធាទ្រង់ទ្រាយតូចមួយទៅកាន់តំបន់អឺរ៉ុបខាងកើត។
ឆ្លើយតបនឹងការអំពាវនាវ ពីសំណាក់ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេឡិនស្គី (Volodymyr Zelensky)ឱ្យមេដឹកនាំបណ្តាប្រទេសលោកខាងលិចកុំបញ្ចេញភាពស្លន់ស្លោជុំវិញការដាក់ពង្រាយទ័ពរបស់រុស្ស៊ីយ៉ាងច្រើនសម្បើមនៅក្បែរព្រំដែនប្រទេសលោកខាងលិចនោះ, លោក ពូទីន និងប្រធានាធិបតីបារាំងលោក អែមម៉ានុយអែល ម៉ាក្រុង បានព្រមព្រៀងគ្នាថា នឹងព្យាយាមបន្ធូរបន្ថយស្ថានការណ៍តានតឹងនៅតំបន់អឺរ៉ុបខាងកើតនេះវិញ។
យ៉ាងណាក៏ដោយ ទាំងលោក វ៉្លាឌីមៀរ ពូទីន និងសមភាគីអឺរ៉ុប ឬសូម្បីតែសហរដ្ឋអាមេរិកត្រូវបានគេមើលឃើញថា សុទ្ធតែបានបង្ហាញចេតនាដូចៗគ្នានៅក្នុងការបន្ធូរបន្ថយស្ថានការណ៍ក្តៅគគុក ដែលបានអូសបន្លាយអស់ជាច្រើនសប្តាហ៍មកនេះ។ លោក ពូទីន ក៏បានគូសបញ្ជាក់កាលពីថ្ងៃសុក្រសប្តាហ៍នេះក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយលោក ម៉ាក្រុង ផងដែរថា រុស្ស៊ី «គ្មានផែនការវាយលុក» អ៊ុយក្រែននោះឡើយ៕ ដោយ៖ សាធី

រូបថត៖Reuters

 

 


ចែករំលែក៖