ខេត្តបន្ទាយមានជ័យ៖ កម្លាំងនគរបាលការិយាល័យជំនាញបានបញ្ជូនជនសង្ស័យ៤នាក់ ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនីតិវិធីនៅរសៀលថ្ងៃទី២៩ខែមករា ឆ្នាំ២០២២នេះ។
នគរបាលបានប្រាប់ថាៈជនសង្ស័យចំនួន០៤នាក់ ជាមុខសញ្ញាចោរលួចក្នុងភូមិសាស្ត្រ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ។
នគរបាលបញ្ជាក់ថាៈបន្ទាប់មានពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋ កម្លាំងនគរបាលក្រុងសិរីសោភ័ណធ្វើការ ស្រាវជ្រាវឃាត់ខ្លួន នៅវេលាម៉ោង០៦និង៣០នាទី យប់ថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០២២ នៅភូមិខ្លាកូនថ្មី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
លោក ស៊ី ឌី អធិការនគរបាលក្រុងសិរីសោភ័ណបានប្រាប់ថា៖ជនសង្ស័យទាំង០៤នាក់ ត្រូវបានឃាត់ខ្លួនមានឈ្មោះ ១/-សួស សុភី ហៅខ្មៅ ភេទប្រុសអាយុ១៦ឆ្នាំ,២/-អ៊ុច ឡើយ ភេទប្រុសអាយុ១៩ឆ្នាំ,៣/-ញឹម ខេន ភេទប្រុស អាយុ១៩ឆ្នាំ,៤/-ផាន់ ផាវ ភេទប្រុសអាយុ១៨ឆ្នាំ ទាំង០៤នាក់ នៅភូមិខ្លាកូនថ្មី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
ចំពោះលទ្ធផលដែលកម្លាំងនគរបាលក្រុងសិរីសោភ័ណ សម្រេចបាននេះ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តនិងមានការសម្របសម្រួលនីតិវិធី ពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ ។
លោកអធិការនគរបាលក្រុង បានបញ្ជាក់ថា៖តាមបណ្តឹងរបស់ឈ្មោះលឹម ប៊ុនលាង ភេទស្រីអាយុ៥២ឆ្នាំ នៅភូមិខ្លាកូនថ្មី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ បានឲ្យដឹងថា មានករណីចោរលួចគាស់គន្លឹះទ្វារផ្ទះរបស់ខ្លួន ខណៈគាត់ទៅធ្វើបុណ្យនៅឯភ្នំពេញ យកអស់ស្រាបៀរហ្គេនស្ប៊ឹកចំនួន១៣កេស,ស្រាបៀរកម្ពុជាចំនួន០៥កេស,ស្រាបៀរ ABC ចំនួន០១កេសនិងទឹកក្រូចមួយចំនួន ។ក្រោយពីទទួលបានបណ្តឹង កម្លាំងនគរបាលជំនាញផ្នែកព្រហ្មទណ្ឌ បានធ្វើការស៊ើបអង្កេតស្រាវជ្រាវតាមវិធានការជំនាញ ឈានដល់ឃាត់ខ្លួនជនសង្ស័យឈ្មោះ សួស សុភីហៅខ្មៅ មកសួរនាំ នៅអធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណ ។
លោកអធិការបន្តថាៈក្រោយពីរសាកសួររបស់សមត្ថកិច្ចនៅចំពោះមុខជនសង្ស័យឈ្មោះសួស សុភីហៅខ្មៅ បានសារភាពថា គេនិងបក្សពួក០៣នាក់ទៀតឈ្មោះ១/-អ៊ុច ឡើយ ,២/-ញឹម ខេន,៣/-ផាន់ ផាវ ពិតជាបានធ្វើសកម្មភាពគាស់គន្លឹះទ្វារផ្ទះរបស់ឈ្មោះលឹម ប៊ុនលាងយកស្រាបៀរនោះមែន ក្រោយលួចបានពួកគេយកទៅលក់ឲ្យឈ្មោះ វ៉ាន់ ថន ភេទស្រីអាយុ ៦៧ឆ្នាំ នៅភូមិខ្លាកូនថ្មី សង្កាត់កំពង់ស្វាយ បានតម្លៃ០១កេស៤ម៉ឺន៩ពាន់រៀល ។
ជនសង្ស័យទាំង០៤នាក់ក្រោយពីសួរនាំ កម្លាំងនរបាលការិយាល័យជំនាញ បានរៀបចំសំណុំរឿងបញ្ជូនខ្លួនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមច្បាប់ ៕
ដោយ ៖ វណ្ណា