ព័ត៌មានទាន់ហេតុការណ៍៖

បើករថយន្តលឿនដូចហោះជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្តាលឱ្យរងការខូចខាតសម្បត្តិរដ្ឋរួមជាមួយរថយន្តនោះផង

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានបើករថយន្តលឿនដូចហោះហើយរេចង្កូតទៅបុករះរបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់ជាច្រើនកង់ និងបុកបង្គោលភ្លើងបាក់មួយដើម បណ្តាលឱ្យរថយន្តខ្ទេចមួយកំណាត់មុខតែសំណាងល្អមិនគ្រោះថ្នាក់ដល់មនុស្សឡើយ។

   ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ២និង២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

   ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេបានឃើញបុរសម្នាក់បើករថយន្តម៉ាកអូឌីពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ2BA-9471 បើកតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីកើតទៅលិចយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុបានរេចង្កូតទៅបុករះរបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់ជាច្រើនកង់ និងបុកបង្គោលភ្លើងបាក់មួយដើមបណ្តាលឱ្យរថយន្តគាបជាប់នឹងបង្គោលភ្លើងទៅមុខលែងរួច ។

  ក្រោយកើតហេតុអ្នកបើករថយន្តបង្ក បានឡើងជិះរថយន្តមួយគ្រឿងទៀតគេចចេញពីកន្លែងកើតហេតុបាត់ស្រមោលទៅ។

   បន្ទាប់ពីកើតហេតុសមត្ថកិច្ចផ្នែកជំនាញចរាចរណ៍បានចុះមកស្ទូចយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕

ដោយ៖ ជ្រោយពេជ្រ


ចែករំលែក៖