ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យមុខសញ្ញាធ្វើសកម្មភាពឆក់ទូរស័ព្ទតាមផ្លូវសាធារណៈចំនួន០២នាក់ ក្នុងចំណោមបក្សពួក០៣នាក់ ត្រូវបានកម្លាំងនគរបាលការិយាល័យ ព្រហ្មទណ្ឌកំរិតស្រាលបញ្ជូនខ្លួនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ ២០២២នេះ ។
លោក ព្រហ្ម ប៊ុនធឿន នាយការិយាល័យ នគរបាលព្រហ្មទណ្ឌកំរិតស្រាល បានឲ្យដឹងថា៖ជនសង្ស័យដែលឃាត់ខ្លួនបានម្នាក់ឈ្មោះ នៅ សុផល ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ មុខរបរមិនពិតប្រាកដនិងម្នាក់ទៀតឈ្មោះ ផេន ជីវ៉ៃ ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិបន្ទាយមានរិទ្ធ ឃុំគោករមៀត ស្រុកថ្មពួក មុខរបររត់ម៉ូតូឌុប ។ចំណែកម្នាក់ទៀតឈ្មោះ ម៉ន ភេទប្រុស អាយុប្រហែល២៨ឆ្នាំ គេចខ្លួន កម្លាំងជំនាញកំពុងស្រាវជ្រាវ ។
លោកបញ្ជាក់ថា៖កាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី២៤ខែមករា ឆ្នាំ២០២២ មានជនសង្ស័យចំនួន០៣នាក់ បានជិះម៉ូតូ០១គ្រឿងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១១ គ្មានស្លាកលេខ ធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃម៉ាកវីវ៉ូY11ដែលដាក់នៅហោប៉ៅខោខាងក្រោយ របស់ស្ត្រីរងគ្រោះឈ្មោះ ថុន ស៊ីម៉ែន អាយុ២០ឆ្នាំ នៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខណៈកំពុងជិៈម៉ូតូជាមួយមិត្តភក្ដិនៅចំណុចខាងត្បូងរង្វង់មូលស្រីគ្រប់លក្ខណ៍ ក្នុងភូមិ៤ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ។ក្រោយធ្វើសកម្មភាពរួចជនសង្ស័យ បានបើកម៉ូតូគេចខ្លួនបាត់ ។
លោកបានបញ្ជាក់ថា៖ក្រោយពីទទួលបានបណ្តឹងពីជនរងគ្រោះ និងមានការសម្របសម្រួលនីតិវិធីពីលោកកើត សុណ្ណារ៉េត ព្រះរាជអាជ្ញាអមសលាដំបូងខេត្តបន្ទាយមានជ័យ ។
លោកបានដឹកនាំកម្លាំងការិយាល័យជំនាញ ធ្វើការស៊ើបអង្កេតស្រាវជ្រាវ និងមានរូបភាពពីកាម៉ារ៉ាសុវត្ថិភាពផងនោះ យើងកំណត់បានមុខសញ្ញាឈានដល់ឃាត់ខ្លួនបាន០២នាក់នៅថ្ងៃទី២៩ខែមករា ឆ្នាំ២០២២ និងដកហូតម៉ូតូជាមធ្យោបាយជិះធ្វើសកម្មភាព០១គ្រឿង,ទូរស័ព្ទដៃ០១គ្រឿង រួចនាំខ្លួនមកសួរនាំ នៅការិយាល័យ ឯម្នាក់ទៀតគេចខ្លួន ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យទាំង០២នាក់បានសារភាពថា ពួកគេមានគ្នីគ្នា០៣នាក់ពិតជាបានធ្វើសកម្មភាពឆក់ទូរស័ព្ទរបស់នារីរងគ្រោះនោះពិតប្រាកដមែន ហើយយកទៅលក់បានតម្លៃ១២ម៉ឺនរៀល។ ដោយផ្អែកតាមចម្លើយសារភាពនិងបណ្តឹងរបស់នារីរងគ្រោះ ជនសង្ស័យទាំង០២នាក់ បញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី ចំណែកឯទូរស័ព្ទប្រគល់ជូនម្ចាស់វិញផងដែរ៕
ដោយ ៖ វណ្ណា