ខេត្តព្រៃវែង ៖ ព្រឹកថ្ងៃអាទិត្យ ១៣រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២ លោកជាសុមេធីនិងលោកស្បោង សារ៉ាត ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តព្រៃវែង បានចូលរួមពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់ក្រុមការងារគណបក្សប្រជាជនកម្ពុជាខេត្តព្រៃវែង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ខេត្តព្រៃវែង និងខេត្តបាត់ដំបង ដោយមានការអញ្ជើញចូលរួមក្នុងសន្និបាតនេះ មាន ប្រធានក្រុមការចុះជួយក្រុង ស្រុក លោក លោកស្រី ជាថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សខេត្ត សាខាបក្សអង្គភាព មន្ទីរ និងសមាជិក សមាជិកា អង្គសន្និបាតទាំងមូលសរុប ៤០៦នាក់។
យោងតាមរបាយការណ៍របស់សន្និបាតក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្ត គឺផ្តោតលើការកសាងរចនាសម្ព័ន្ធអង្គការចាត់តាំងយុវជន ការកសាងសមាជិកគណបក្សក្នុងជួរយុវជន ការពង្រឹងជំហរនយោបាយ សតិអារម្មណ៍ និងការចាត់តាំង ការផ្ដល់អាហារូបកណ៍អប់រំបណ្ដុះបណ្ដាល និងវគ្គអប់រំនយោបាយ ការងារហិរញ្ញវត្ថុ សកម្មភាពឃោសនាបោះឆ្នោត និងសកម្មភាពតាមបណ្ដាញសង្គម។
ឆ្លៀតក្នុងឱកាសនេះ លោកអភិបាលខេត្តសម្ដែងមនោសញ្ចេតនាសោមនស្សរីករាយ និងមោទនភាពក្រៃលែងដោយបានទទួលនូវវត្តមានដ៏ប្រសើរឧត្តុងឧត្តម សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ខេត្តព្រៃវែង និងខេត្តបាត់ដំបង ដែលបានអញ្ជើញជាអធិបតីក្នុងពិធីបិទអង្គសន្និបាតនាពេលនេះ។ នាឱកាសនេះដែរ សម្តេចក្រឡាហោម ក៏បានផ្តល់អនុសាសន៍ក្រើនរំលឹកថ្នាក់ដឹកនាំ និងយុវជនបក្សខេត្ត ត្រូវយកចិត្តទុកដាក់បម្រេីរាស្ត្រ និងដាស់តឿនយុវជនខិតខំរៀនសូត្រ និងធ្វើការងារយកបទពិសោធន៍ថ្មីៗឲ្យបានច្រើន ពីព្រោះដើម្បីក្លាយជាអ្នកបន្តវេនដ៏រឹងមាំរបស់បក្ស និងប្រទេសជាតិបាន យយុវជនត្រូវមានទាំងចំណេះដឹង មានសមត្ថភាព និងបទពិសោធន៍ល្អ ដើម្បីបន្តដោះស្រាយបញ្ហាប្រឈមនានា សំដៅធានាបន្តរក្សាបាននូវភាពរីកចំរើនសម្រាប់ប្រទេសជាតិ។
ទន្ទឹមនិងនេះ លោកអភិបាលខេត្តតាងនាមប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រៃវែង សូមថ្លែងអំណរគុណ និងកោតសរសើរយ៉ាងស្មោះស្ម័គ្រដល់ក្រុមការងារយុវជនបក្សទាំងអស់ ដែលបានសហការគ្នាក្នុងការរៀបចំពិធីសន្និបាតនេះ ដោយស្មារតីទទួលខុសត្រូវយ៉ាងយកចិត្តទុក្ខដាក់ អស់ពីកម្លាំងកាយចិត្ត និងហ្មត់ចត់អស់ពីចិត្ត ទទួលបានជោគជ័យ ប្រកបដោយសាមគ្គីភាព និងភាពស្និទ្ធស្នាលយ៉ាងរលូន។
សារជាថ្មីម្តងទៀតលោកជា សុមេធីសូមផ្តាំផ្ញើដល់យុវជនបក្ស និងក្រុមគ្រួសារទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្ននៅក្នុងអំឡុងពេលឈប់សម្រាកនៃរដូវកាលបុណ្យឆ្លងឆ្នាំចិននេះ ប្រកាន់ខ្ជាប់នូវវិធានការសុវត្ថិភាពផ្នែកសុខាភិបាល ពិសេស វិធានការ *៣ការពារ ៣កុំ” ព្រមទាំងត្រូវគោរពវិធានការរដ្ឋបាល និងវិធានការច្បាប់ សំដៅការពារសុវត្ថិភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារពីការឆ្លងមេរោគកូវីដ-១៩។
ជាចុងក្រោយ លោកអភិបាលខេត្តសូមជូនពរសម្តេចក្រឡាហោម និងលោកជំទាវ ព្រមទាំងឯកឧត្តម លោកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និងភ្ញៀវកិត្តិយស ជាមួយសហការីទាំងអស់ សូមមានសុខភាពល្អ និងជួបប្រទះតែនឹងពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
ដោយ៖ សូរិយា