ព័ត៌មានទាន់ហេតុការណ៍៖

រងការរិះគន់មួយចំនួនជុំវិញរូបភាពសិចស៊ីខ្លាំង ប៉ូគីមថេង សុតធីតាបញ្ចេញសារអធ្យាស្រ័យពីទស្សនិកជន

ចែករំលែក៖

ភ្នំពេញ៖ ប៉ុន្មានថ្ងៃកន្លងមកនេះលេចចេញការបញ្ចេញមតិព្រោងព្រាត ពេញបណ្តាញសង្គមក្រោយពីរូបថតសិចស៊ីប៉ុន្មានសន្លឹកដែលត្រូវបាននាងបញ្ចេញកាលពីពេលថ្មីៗនេះ។ រូបថតនេះបង្កើតឲ្យមានការវែកញែកច្រើនបើទោះបីជាវាមិនមែនលើកដំបូងសម្រាប់នាងក្នុងការបញ្ចេញរូបថតសិចស៊ីនោះក៏ដោយ។ រូបថតដែលត្រូវបាននាងស្លៀករ៉ូបពណ៌ទឹកមាសអមដោយការឌិតភ្លឺផ្លេក ប៉ុន្តែហាក់បង្ហាងទម្រង់ដើមទ្រូងទ្រលុកទ្រលន់ចេញមកនេះបានក្លាយជាប្រធានបទក្នុងការវែកញែក ក៏មានអ្នកគាំទ្រនាងជាច្រើនបានបញ្ចេញសារកោតសរសើរអំពីរូបរាងដ៏ល្វតល្វន់សាកសមទៅនឹងឈុតដែលនាងបានស្លៀក។

គេចាំបានថា រូបថតនេះត្រូវបានបញ្ចេញកាលពីសប្តាហ៍មុននេះនៅPage Facebookផ្លូវការរបស់នាងភ្ជាប់ដោយសារថាក្ដីស្រម៉ៃអាចនឹងក្លាយជាការពិត  បើយើងជំនះឧបសគ្គដែលតែងតែកើតមានឡើង  នៅលើផ្លូវទៅកាន់ភាពជោគជ័យនោះ 

បន្ថែមពីលើកការកោតសរសើរក៏មានទស្សនិកជនខ្លះសម្តែងការសោកស្តាយខ្លាំងនៅពេលដែលកម្មវិធីប្រកួតដែលនាងអាចចូលដល់វគ្គ១០នាក់ចុងក្រោយនោះមិនអាចគ្រងឈុតស្រស់ស្អាតបែបនេះបាន ក្រៅពីការកោតសរសើរក៏មានការចែករំលែក និងបញ្ចេញមតិឲ្យនាងកាត់បន្ថយភាពសិចស៊ីផងដែរព្រោះតែពេលនេះបញ្ចប់ការប្រកួតផងដែរ។  តបដោយភាពទន់ភ្លន់Miss Grand Cambodia 2021 រូបនេះបានលើកឡើងនៅក្នុងStory ផ្ទាល់របស់នាងដែរថា  គ្រប់គ្នាគេស្លៀកមើលទៅធម្មតា តែខ្ញុំស្លៀកមើលទៅសិចស៊ីខ្លាំងជាងគេមែន ខ្ញុំសាមីខ្លួនក៏ឃើញថារាងខ្លាំងតិចដែរ សុំអធ្យាស្រ័យដល់រូបនាងខ្ញុំផង”។ សារនេះក៏បានបង្ហាញពីភាពទន់ភ្លន់ និងតបទៅកាន់អ្នកគាំទ្រវិញដោយចិត្តត្រជាក់ និងសាកសមជាកញ្ញាឯកមួយរូបផងដែរ ហើយនាងនៅតែឆក់បានការគាំទ្រខ្លាំងពីអ្នកគាំទ្រ បើទោះបីជាបញ្ចប់កម្មវិធីប្រកួតទៅហើយក្តី។ 

  គួរបញ្ជាក់ដែរថា ក្រោយពីសាងភាពលេចធ្លោរលើឆាកប្រកួតអន្តរជាតិMiss Grand International 2021 នៅប្រទេសថៃ ប៉ូគីមថេង សុតធីតា បានវិលត្រឡប់មកកាន់មាតុប្រទេសជាមួយនឹងការស្វាមគមន៍ និងទទួលបានឱកាសការងារសិល្បៈជាច្រើនបន្តបន្ទាប់ ដោយនាងក៏មានគម្រោងចូលប្រឡូកក្នុងវិស័យសម្តែងផងដែរ៕ 

ដោយ ៖ វឌ្ឍនា


ចែករំលែក៖