ព័ត៌មានទាន់ហេតុការណ៍៖

សាធារណរដ្ឋកុងហ្គោកាត់ទោសប្រហារជីវិតមនុស្ស៥០នាក់ពីបទសម្លាប់បុគ្គលិកអង្គការសហប្រជាជាតិ

ចែករំលែក៖

នៅក្នុងចំណោមមនុស្សត្រូវកាត់ទោសប្រហារជីវិតនោះមានជនអន្តោប្រវេសន៍ម្នាក់និងមន្ត្រីយោធាម្នាក់ត្រូវកាត់ទោសជាប់គុក១០ឆ្នាំ។ ការកាត់ទោសខាងលើគឺជាប់ពាក់ព័ន្ធនឹងការសម្លាប់បុគ្គលិកអង្គការសហប្រជាជាតិ Zaida Catalan និង Michael Sharp កាលពីឆ្នាំ២០១៧ ។
ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២ បានផ្សាយថា តុលាការយោធាមួយនៅក្នុងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ បានផ្ដន្ទាទោសប្រហារជីវិតមនុស្ស៥១នាក់ ក្នុងនោះមានជាច្រើននាក់ត្រូវបានកាត់ទោសកំបាំងមុខពីបទសម្លាប់អ្នកជំនាញ២រូបរបស់អង្គការសហប្រជាជាតិ (UN) កាលពីឆ្នាំ២០១៧។
អ្នកជំនាញរបស់អង្គការសហប្រជាជាតិទាំង២រូបខាងលើ គឺលោកស្រី Zaida Catalan ជាជនជាតិស៊ុយអែត និងលោក Michael Sharp ជាជនជាតិអាមេរិក ត្រូវបានបញ្ជូនទៅកាន់សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោដើម្បីបើកការស៊ើបអង្កេតជុំវិញអំពើហិង្សារវាងកងកម្លាំងរដ្ឋាភិបាល នឹងក្រុម ឧទ្ទាមប្រដាប់អាវុធមួយនៅក្នុងតំបន់កាសៃ (Kasai) កាលពីខែមីនា ឆ្នាំ២០១៧។ អ្នកទាំង២ត្រូវបានជនប្រដាប់អាវុធមួយក្រុមស្ទាក់ចាប់នៅពេលកំពុងធ្វើដំណើរតាមរថយន្ដមួយគ្រឿង ហើយពួកគេបានយកអ្នកទាំង២ទៅទីវាលមួយដើម្បីសម្លាប់តែម្ដង។
សាកសពអ្នកជំនាញទាំង២រូប ត្រូវបានគេប្រទះឃើញនៅក្នុងភូមិមួយ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧ ពោលគឺ១៦ថ្ងៃក្រោយបាត់ខ្លួន។ ក្រុមមន្ត្រីកុងហ្គោ នៅពេលនោះក៏បានចោទប្រកាន់ផងដែរថាជនប្រដាប់អាវុធកាមីណា អិនសាពូ (Kamuina Nsapu) គឺជាអ្នកនៅពីក្រោយអំពើដ៏សាហាវព្រៃផ្សៃនេះ៕

ដោយ៖សាធី(ប្រភពរូប៖AFP)


ចែករំលែក៖