ភ្នំពេញ ៖ នៅក្នុងប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីបើកការដ្ឋានសាងសង់ ស្ពានអាកាសលើផ្លូវជាតិលេខ៥ គឺសម្តេចតេជោ ហ៊ុន សែន ប្រកាសថា គណបក្សប្រជាជនកម្ពុជាមិនអាចបំភ្លេច៧មករាដាច់ខាត ព្រោះវាជាស្នូលនៃការរស់រានមានជីវិតរបស់ប្រជាពលរដ្ឋខ្មែរ។
សម្តេចតេជោ បានបញ្ជាក់ថា នៅទីក្រុងភ្នំពេញប៉ុន្មានថ្ងៃនេះមាននិន្នាការទំនិញឡើងថ្លៃ នេះគឺជាក្រឹត្យក្រមធម្មតារវាងសេចក្តីត្រូវការនិងការផ្គត់ផ្គង់ដែលមានការស៊ីសង្វាក់គ្នា ខណៈពលរដ្ឋមួយចំនួនមានតម្រូវការក្នុងអំឡុងចូលឆ្នាំប្រពៃណីចិននិងវៀតណាម។
សម្តេចតេជោ ហ៊ុន សែន ប្រកាសថា គណបក្សប្រជាជនកម្ពុជាមិនអាចបំភ្លេច៧មករាដាច់ខាត ព្រោះវាជាស្នូលនៃការរស់រានមានជីវិតរបស់ប្រជាពលរដ្ឋខ្មែរ។ កម្ពុជាមិនបានប្រារព្ធពិធីធំនៅឆ្នាំនេះ ដោយសារកម្ពុជាកំពុងបន្តយុទ្ធនាការកាត់បន្ថយការជួបជុំទ្រង់ទ្រាយធំ ទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ជាពិសេសមេរោគបំប្លែងខ្លួនថ្មី អូមីក្រុង។
សម្ដេចតេជោ នាយករដ្ឋមន្ត្រី អំពាវនាវប្រជាពលរដ្ឋចូលរួមបន្តអនុវត្តនូវវិធានការការពារទប់ស្កាត់ការឆ្លងកូវីដ១៩ ប្រភេទបំប្លែងខ្លួនថ្មី អូមីក្រុង ខណៈមកដល់ពេលនេះមានករណីឆ្លងអូមីក្រុងជាង៨០០នាក់ ដោយមួយចំនួនបានជាសះស្បើយ និងមួយចំនួនទៀតបានឲ្យអនុញ្ញាតឲ្យព្យាបាលនៅផ្ទះ។
សម្តេចតេជោ បានបញ្ជាក់ថា វ៉ាក់សាំងកូវីដ១៩ នឹងមកដល់ចំនួន ៨លានដុល្លារបន្ថែមទៀតនៅក្នុងឆមាសទី១នេះ ខណៈដែលចិននឹងផ្ដល់ជូនបន្ថែមចំនួន៥លានដូស និងកម្ពុជាបញ្ជាទិញចំនួន ៣លានដុល្លារបន្ថែមទៀតផងដែរ។
សម្តេចតេជោ ហ៊ុន សែន ប្រកាសថា នៅពេលនេះកម្ពុជាមិនអាចនិយាយរឿងខ្វះវ៉ាក់សាំងទៀតនោះទេ ហើយយុទ្ធនាការចាក់ស្រោចវ៉ាក់សាំងកូវីដ-១៩ ទាំងដូសមូលដ្ឋាននិងដូសជំរុញ នៅតែបន្តដើម្បីធានាការបើកប្រទេសឡើងវិញ មិនងាកថយក្រោយនោះទេ។
សម្តេចតេជោ ហ៊ុន សែន ចំអកឲ្យពួកប្រឆាំងទាំងឡាយ ដែលបានរិះគន់ថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលប្រទេសជាតិក្រទៅៗ ខណៈដែលពួកគេពីមុនដើរគ្មានស្បែកជើងពាក់ និងគ្មានកង់ជិះ តែឥលូវជិះសុទ្ធតែឡានទំនើប និងផ្ទះវីឡា។
សូមបញ្ជាក់ថា,សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកការដ្ឋានសាងសង់ ស្ពានអាកាសលើផ្លូវជាតិលេខ ៥ ក្បែរទីលានប្រជាធិបតេយ្យ នៅព្រឹកថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២២នេះ។ នៅក្នុងឱកាសនោះសម្តេចតេជោ ហ៊ុន សែន លើកឡើងថា កត្តាសន្តិភាពធ្វើឲ្យប្រជាពលរដ្ឋធ្វើដំណើរទាំងយប់ទាំងថ្ងៃកំសាន្តសប្បាយតាមចំណង់ចំណូលចិត្ត៕
ដោយ៖ សិលា