(តពីលេខមុន)
* បន្ទប់ទទួលភ្ញៀវ
តាមសម័យនិយមនៃអារ្យប្រទេស គេតែងចាត់ចែងទីលំនៅឱ្យមានកន្លែងសម្រាប់ដេក កន្លែងសម្រាប់បរិភោគអាហារ និងកន្លែងទទួលភ្ញៀវ។ ឯផ្ទះបាយត្រូវទុកដោយឡែកអំពីផ្ទះធំ ។
យើងរាល់គ្នាឥតមានរើសមុខថាជាមន្ត្រី សេដ្ឋី គហបតី ឬរាស្ត្រសាមញ្ញឡើយ រមែងមានញាតិសាច់សាលោហិតនិងមិត្តសម្លាញ់ទៅមករាប់រកគ្នាធម្មតា ដោយសេចក្តីមេត្រី ដោយសេចក្តីឈឺឆ្អាល ដោយសេចក្តីគួរសម។
ដូច្នេះ ផ្ទះសម្បែង យើងរាល់គ្នា គប្បីឱ្យមានកន្លែងសម្រាប់ទទួលភ្ញៀវ ។ បើទុកណាជាផ្ទះតូចចង្អៀតយ៉ាងណាក៏ដោយក៏ត្រូវតែឆ្លៀតយកកន្លែងមួយតូចល្មមដាក់តុតូចមួយនៅកណ្ដាលនិងកៅអីជុំវិញតុនោះឱ្យបាន។ កុំចូលចិត្តថាកន្លែងទទួលភ្ញៀវជាទីសម្រាប់តាំងរបស់ល្អៗដែលមានតម្លៃលើសលប់នោះឡើយ។ បន្ទប់ទទួលភ្ញៀវជាកន្លែងដែលត្រូវដាក់តុកៅអីល្អៗស្អាត ហើយរៀបចំឱ្យបានស្រួលព្រោះជាទីប្រជុំមួយដែរ។ ទីតាំងធំទូលាយនិងតូចចង្អៀតក៏អាចនឹងធ្វើបានតាមធនធានតាមទំហំផ្ទះទេ គេរៀបចំកន្លែងទទួលភ្ញៀវឲ្យល្អស្អាតជាដរាប រចនាទៅដោយកន្ទេលព្រំ ផើងផ្កា ឈើបំពង់ផ្ការូបសូន នឹងរូបថតក៏ល្មមហើយ។របស់ដែលល្អពេកមានតម្លៃច្រើនពេកនោះគេពុំសូវយកមកតាំងក្នុងទីនេះទេដោយគេគិតថារបស់ទាំងនោះដូចជាចំណងចងភ្ញៀវមិនឲ្យកម្រើកខ្លួនបានស្រួល ភ្ញៀវបើឃើញរបស់ដែលល្អមានតម្លៃច្រើនពេករមែងរវាំងប្រយ័ត្នខ្លួនដៃជើងក្រែហប៉ះទង្គិចធ្លាក់បែកបាក់មិនជាការគប្បីហើយនាំមកដល់ឲ្យម្ចាស់ផ្ទះអន់ស្រពន់ចិត្តស្ដាយរបស់ដែលខូចនោះផង។
នៅបន្ទប់ទទួលភ្ញៀវមិនត្រូវយកនាឡិកាមកដាក់នៅជញ្ជាំងឬតាំងនៅទីណាមួយដែលភ្ញៀវមើលទៅឃើញនោះឡើយ ព្រោះនាឡិកាហាក់ដូចជាវិញ្ញាណសម្រាប់ដាស់តឿនមនុស្សឲ្យដឹងថាម៉ោងប៉ុណ្ណោះហើយ ថាល្មមពេលធ្វើនេះធ្វើនោះហើយ ។ល។
បន្ទប់ទទួលភ្ញៀវត្រូវនៅដោយឡែក អំពីកន្លែងបរិភោគអាហារ។ តែបើគេហដ្ឋានឯណាដែលតូចចង្អៀតដូចផ្ទះល្វែងដែលយើងហៅថាផ្ទះផ្សារមានតែមួយច្រកនោះ យើងអាចរំលែកច្រកនោះជាពីរភាគទៅ។ ភាគទីមួយខាងមុខយើងត្រូវរៀបចំកន្លែងទទួលភ្ញៀវ ។ ភាគបន្ទាប់នៅខាងក្នុងជាកន្លែងបរិភោគអាហារដោយមានឡប់ឡែ ឬទូមួយតូចឬឈើដាំផើងមួយផើងដាក់កណ្ដាលជាជញ្ជាំងឃាំងញែកពីគ្នា។
ការបោសច្រាសថែសម្អាតនិងរបៀបរៀបរយក្នុងបន្ទប់ទទួលភ្ញៀវត្រូវធ្វើរាល់ព្រឹក ឲ្យស្រេចដោយប្រយ័ត្នក្រែងមានភ្ញៀវមកដល់ផ្ទះនៅកខ្វក់រកកន្លែងឲ្យភ្ញៀវអង្គុយគ្មាន។ ព្រោះភ្ញៀវចុះឡើងមិនមានកំណត់ឲ្យដឹងថាមកដល់ពេលនេះឬពេលនោះ។
(នៅមានត)
ស្រាវជ្រាវនិងកែសម្រួលដោយ÷ ចៅតាជេត