ព័ត៌មានទាន់ហេតុការណ៍៖

ស្រវឹងបើកបរម៉ូតូសណ្ដោងរុឺម៉កក្នុងល្បឿនលឿនបុកបង្គោលសញ្ញាចរាចរណ៍ស្លាប់ម្នាក់ ម្នាក់ទៀតរងរបួសធ្ងន់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ បុរសម្នាក់បានស្លាប់ និងម្នាក់ទៀតរងរបួស ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍​បង្កដោយខ្លួនឯង បើកម៉ូតូបុកបង្គោលសញ្ញាចរាចរណ៍ នៅលើកំណាត់ផ្លូវជាតិលេខ៥៦Aនៅវេលាម៉ោង០៧យប់ថ្ងៃទី៣០ខែមករា ឆ្នាំ២០២២  ត្រង់ចំណុចទល់មុខអនុវិទ្យាល័យតាបែនក្នុងភូមិគោករកា ឃុំតាបែនស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ 

នគរបាលស្រុកស្វាយចេក បានឲ្យដឹងថា៖ជនរងគ្រោះដែលស្លាប់ឈ្មោះខន អាយុ ៣១ឆ្នាំរស់នៅភូមិឬស្សី ឃុំឈ្នួរ ស្រុកព្រះ​នេត្រព្រះបើកបរម៉ូតូសណ្តោងរ៉ឺម៉កមួយគ្រឿងម៉ាកហុងដាឌ្រីមពណ៌ស្លាបកំភេនស៊េរីឆ្នាំ២០០៣គ្មានស្លាកលេខ និងអ្នករួមដំណើរឈ្មោះចយ ខី ភេទប្រុសអាយុ៣១ឆ្នាំរស់នៅភូមិគោកព្រិចត្បួងឃុំតាផូ ស្រុកស្វាយចេក។

នគរបាលបានបញ្ជាក់ថា៖នៅមុនពេលកើតហេតុ អ្នកបើកបរម៉ូតូសណ្តោងរ៉ឺម៉ក បានធ្វើដំណើរពីទិសខាងជើងទៅត្បូងក្នុងស្ថានភាពស្រវឹង បើកក្នុងល្បឿនលឿននិងចាំងភ្លើងរថយន្តបើកបញ្ច្រាសទិសពេលមកដល់ចំណុច​កើតហេតុក៏បានរេចង្កូតបុកជាមួយបង្គោលស្លាកសញ្ញាចរាចរណ៍ បណ្តាលឲ្យអ្នកបើកម៉ូតូស្លាប់នៅនឹង​កន្លែង ចំណែកអ្នករួមដំណើររងរបួសធ្ងន់បានដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកស្វាយចេក ។

សពក្រោយពីសមត្ថកិច្ចពិនិត្យរួចរាល់បានប្រគល់ជូនក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕

ដោយ ៖ វណ្ណា


ចែករំលែក៖