ព័ត៌មានទាន់ហេតុការណ៍៖

អេហ្ស៊ីបឡើងវគ្គ១/៤ផ្តាច់ព្រ័ត្រក្រោយយកឈ្នះម៉ារ៉ុកនៅម៉ោងបន្ថែមពានរង្វាន់ Africa Cup of Nations

ចែករំលែក៖

ខ្សែប្រយុទ្ធ Mohamed Salah រកបានគ្រាប់បាល់១គ្រាប់ និងកីឡាករ Trezeguet រកបាន១គ្រាប់ក្នុងម៉ោងបន្ថែមជួយឲ្យក្រុមអេហ្ស៊ីបយកឈ្នះម៉ារ៉ុក២ទល់១ ក្នុងការប្រកួតពានរង្វាន់ Africa Cup of Nations វគ្គ១/៤ផ្តាច់ព្រ័ត្រ។

ការប្រកួតក្នុងតង់ទី១ កីឡាករ Sofiane Boufal បានជួយឱ្យម៉ារ៉ុកនាំមុខមុនជាមួយនឹងការពិន័យបាល់១១ម៉ែត្រប៉េណាល់ទីបន្ទាប់ពី AymanAshraf ប៉ះគ្នាជាមួយកីឡាករ Achraf Hakimi ដែលជាការសម្រេចចិត្តផ្តល់ដោយជំនួយការអាជ្ញាកណ្តាល (VAR)។ ប៉ុន្តែខ្សែប្រយុទ្ធ Salah បានតាមស្មើវិញនៅនាទីទី៥៣ក្នុងតង់ទី២ ហើយការប្រកួតបានឈានដល់ម៉ោងបន្ថែម។

ចូលដល់ម៉ោងបន្ថែមខ្សែប្រយុទ្ធ Salah របស់ Liverpool បានបញ្ជូនបាល់ឲ្យកីឡាករ Trezeguet របស់ Aston Villa រកបាន១គ្រាប់ដែលជាគ្រាប់ជ័យជម្នះនៅនាទីទី១០០។

ជ័យជម្នះនេះធ្វើឲ្យក្រុមរបស់លោក Carlos Queiroz នឹងត្រូវជួបម្ចាស់ផ្ទះកាមេរូនក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅថ្ងៃព្រហស្បតិ៍ខាងមុខនេះ។ម្ចាស់ជើងឯក៧សម័យអេហ្ស៊ីបបានឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាច្រើនលើកក្នុងពានរង្វាន់ Africa Cup of Nations មួយនេះ។ ចំណែកម៉ារ៉ុកចាប់ផ្តើមស្រមៃចង់ត្រឹមវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាលើកទី២របស់ពួកគេចាប់តាំងពីឆ្នាំ១៩៨៨ ៕

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)


ចែករំលែក៖