ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងប៉ូលិសកាណាដាស្នើយោធាជួយរំសាយក្រុមបាតុករ

ចែករំលែក៖

តាមសារព័ត៌មាន AFP នៅថ្ងៃទី ៣ខែកុម្ភៈឆ្នាំ២០២២ បានផ្សាយថា កម្លាំងប៉ូលិសកាណាដាបានស្នើដល់កម្លាំងយោធាជួយធ្វើអន្តរាគមន៍ «បំបែកក្បួនរថយន្តបាតុករ»ប្រឆាំងវិធានការរឹតត្បិតទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ ។

ការធ្វើបាតុកម្មដោយទទួលបានការគាំទ្រយ៉ាងខ្លាំងពីមហាជនបានបង្កផលលំបាកយ៉ាងខ្លាំងដល់ការទប់ស្កាត់ពីកម្លាំងប៉ូលិស ដោយបាតុករប្រមូលផ្តុំគ្នាកាន់តែច្រើន។ ទាំងនោះហើយទើបកម្លាំងប៉ូលិសស្នើឱ្យយោធាចូលរួមជួយបំបែកហ្វូងបាតុកររថយន្ត។
នាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau បាននិយាយថា រដ្ឋាភិបាលរបស់លោកនឹងមិនប្រើកម្លាំងកងទ័ពប្រឆាំងនឹងក្រុមបាតុករជាអ្នកបើករថយន្ដដឹកទំនិញ ធ្វើបាតុកម្មតវ៉ាបិទផ្លូវ ទាមទារឱ្យលុបចោលកាតព្វកិច្ចចាក់វ៉ាក់សាំងបង្ការ COVID-19 ដល់អ្នកបើកបររថយន្តទាំងអស់នោះទេ។
ការអះអាងរបស់នាយករដ្ឋមន្ត្រី កើតមានឡើងបន្ទាប់ពីមន្ត្រីប៉ូលិសជាន់ខ្ពស់ប្រចាំរដ្ឋធានីអូតាវ៉ា (Ottawa) បានឱ្យដឹងកាលពីថ្ងៃពុធថា មានកាំភ្លើងជាច្រើនដើម
ត្រូវបានគេរត់ពន្ធប្រគល់ទៅឱ្យក្រុមបាតុករ ដែលនេះតម្រូវឱ្យមានការប្រើប្រាស់កម្លាំងយោធា។ ប៉ុន្តែ គំនិតនេះត្រូវបានលោក ឌ្រូដូ ដែលកំពុងប្រឈមមុខនឹងការទាមទារឱ្យចុះចេញពីតំណែងផងនោះ ច្រានចោល។
ក្រុមបាតុករជាអ្នកបើករថយន្ដដឹកទំនិញបានធ្វើបាតុកម្មតវ៉ាបិទផ្លូវជាងមួយសប្ដាហ៍មកហើយ ដើម្បីទាមទារឱ្យរដ្ឋាភិបាលកាណាដា លុបចោលកាតព្វកិច្ចចាក់វ៉ាក់សាំងបង្ការ COVID-19។ ពួកគេបានបិទផ្លូវជាច្រើននៅក្នុងរដ្ឋធានីអូតាវ៉ាជាមួយរថយន្ដដឹកទំនិញ និងរថយន្ដច្រើនជាង២០០គ្រឿងដែល កំពុងបង្កការរំខានយ៉ាងខ្លាំងដល់ការធ្វើចរាចរណ៍នៅក្នុងរដ្ឋធានី ហើយមានគម្រោងធ្វើបាតុកម្មបិទផ្លូវដូចគ្នានេះដែរនៅទីក្រុង Toronto និងទីក្រុង Quebec នៅក្នុងសប្ដាហ៍នេះ៕ ដោយ៖ សាធី

រូបថត៖AFP


ចែករំលែក៖