ការសិក្សាដោយស្ថាប័នគ្រប់គ្រងបាល់ទាត់ទ្វីបអឺរ៉ុប UEFA បានបង្ហាញថា ជំងឺរាតត្បាត COVID-19 បានធ្វើឱ្យក្លិបនៅអឺរ៉ុបខាតបង់ប្រាក់ចំនួន៧ពាន់លានអឺរ៉ូ (៧.៩១ពាន់លានដុល្លារ) ក្នុងរយៈពេល២រដូវកាល បើទោះបីជាប្រាក់ឈ្នួលរបស់កីឡាករនៅក្រុមកំពូលៗបានកើនឡើង២ភាគរយដល់១១.៩ពាន់លានអឺរ៉ូ (១៣.៤៥ពាន់លានដុល្លារ) ក្នុងអំឡុងពេលនោះក៏ដោយ។
ក្លិបកំពូលៗបានទទួលរងការខាតបង់ដែលមានតម្លៃប្រមាណ៤ពាន់លានអឺរ៉ូ (៤.៥២ពាន់លានដុល្លារ) ក្នុងឆ្នាំ២០២១កើនឡើងប្រមាណ៣ពាន់លានអឺរ៉ូ (៣.៣៩ពាន់លានដុល្លារ) កាលពីឆ្នាំមុន។
ការខាតបង់ភាគច្រើនកើតឡើងដោយសារតែកីឡដ្ឋានគ្មានអ្នកចូលទស្សនា ដោយប្រាក់ចំណូលពីការលក់សំបុត្របានធ្លាក់ចុះ៨៨ភាគរយក្នុងឆ្នាំ២០២០ដល់ឆ្នាំ២០២១ ហើយប្រាក់ចំណូលផ្ទេរកីឡាករក៏ធ្លាក់ចុះផងដែរ ដោយធ្លាក់ចុះ៤០ភាគរយ។
ប្រព័ន្ធផ្សព្វផ្សាយរបស់អង់គ្លេសបានបង្ហាញថា របាយការណ៍ដែលរួមបញ្ចូលក្លិបចំនួន៧២៤នៅទូទាំង៥៤ផ្នែកនៅលីគកំពូលអឺរ៉ុបបានបន្ថែមប្រាក់៩០០លានអឺរ៉ូ (១.០២ពាន់លានដុល្លារ) ត្រូវបានផ្តល់នៅក្នុងការបង្វិលសងដល់អ្នកផ្សាយ ខណៈដែលប្រាក់ចំណូលឧបត្ថម្ភបានធ្លាក់ចុះ១.៧ពាន់លានអឺរ៉ូ (១.៩២ពាន់លានដុល្លារអាមេរិក)។
ទោះជាយ៉ាងណាក៏ដោយប្រធាន UEFA លោក Aleksander Ceferinបាននិយាយថា មានហេតុផលសម្រាប់ជាសុទិដ្ឋិនិយមជាមួយនឹងអ្នកគាំទ្រដែលត្រឡប់ទៅកីឡដ្ឋានវិញ។
លោកបានបន្តថា “មេរៀនមួយក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ គឺមានតែតាមរយៈការបង្ហាញពីសាមគ្គីភាព និងធ្វើការរួមគ្នា ទើបបាល់ទាត់អឺរ៉ុបអាចយកឈ្នះលើបញ្ហាប្រឈមនានាដែលមានដូចជាជំងឺរាតត្បាតជាដើម។ របាយការណ៍នេះផ្តល់នូវព័ត៌មានលម្អិតប្រកបដោយសុទិដ្ឋិនិយមនៃបញ្ហាប្រឈមក្រោយជំងឺរាតត្បាតដែលកំពុងរង់ចាំយើង ប៉ុន្តែទោះបីជាជំងឺរាតត្បាតនៅតែបន្ត ឬទៅមុខក៏ដោយ បាល់ទាត់អឺរ៉ុបនឹងរឹងមាំ ស្ថិរភាព និងរួបរួមនៅឆ្នាំ២០២២នេះ” ៕
ដោយ៖ ភារៈ(រូបភាព ៖ CNA/Reuters)