នៅថ្ងៃទី៥ខែកុម្ភៈ សារព័ត៌មានស៊ីនហួបានផ្សាយថា ប្រធានាធិបតីចិន លោកស៊ី ជីនពីង បានជួបដោយផ្ទាល់បន្ទាប់ពីបើកការប្រកួតកីឡាអូឡាំពិករដូវរងា ឆ្នាំ២០២២ ជាមួយមេដឹកនាំ៤ប្រទេស គឺ ស៊ែរប៊ី អេហ្ស៊ីប កាហ្សាក់ស្ថាន និង Turmenistan ។
ទីក្រុងប៉េកាំងបានប្រើប្រាស់ព្រឹត្តិការណ៍កីឡាអូឡាំពិកដើម្បីបង្កើនទំនាក់ទំនងការទូតឱ្យកាន់តែប្រសើរឡើង។ នៅក្នុងជំនួបពិភាក្សាជាមួយប្រមុខដឹកនាំទាំង៤ប្រទេសគឺផ្តោតទៅលើវិស័យសេដ្ឋកិច្ចនិងកិច្ចសហប្រតិបត្តិការ ក៏ដូចជាសង្គ្រាមប្រឆាំងជំងឺឆ្លងកូវីដ-១៩ ។
ក្នុងថ្ងៃជាមួយគ្នានេះដែរប្រធានាធិបតីចិន ក៏បានរៀបចំពិធីជប់លៀងដល់បណ្តាមេដឹកនាំដែលបានចូលរួមបើកការប្រកួតកីឡាអូឡាំពិករដូវរងានៅថ្ងៃទី៤ខែកុម្ភៈ។ នៅក្នុងពិធីជប់លៀងនោះប្រធានាធិបតីចិន បានថ្លែងអំណរគុណដល់ប្រមុខដឹកនាំប្រទេសទាំងអស់ដែលបានគាំទ្រព្រឹត្តិការណ៍កីឡាអូឡាំពិក។ នៅក្នុងព្រិត្តិការណ៍ កីឡាអូឡាំពិក មានប្រមុខដឹកនាំប្រទេសជាង៣០ ចូលរួម ៕ ដោយ៖ សាធី
រូបថត៖Reuters