ព័ត៌មានទាន់ហេតុការណ៍៖

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ​៖ វិទ្យាស្ថានតេជោសែនសាធារណការ ជាគ្រឹះស្ថានសិក្សាតែមួយគត់នៅកម្ពុជា ដែលផ្តល់ការបណ្ដុះបណ្ដាលជំនាញជាច្រើនឱ្យកូនខ្មែរជំនាន់ក្រោយចេះកសាងហេដ្ឋារចនាសម្ព័ន្ធ ដោយខ្លួនឯងប្រកបដោយគុណភាពមិនពឹងលើបរទេស

ចែករំលែក៖

ភ្នំពេញ​៖​ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃអាទិត្យ ៥កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី០៦ ខែកម្ភៈ ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីក្នុងកម្មវិធីតម្រង់ទិសជំនាញសិក្សានិងការងារ នៅវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង លោកប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាប្រធានអគ្គនាយកកំពង់ផែស្វយ័ត វាគ្មិនកិត្តិយស វាគ្មិនក្រសួង សាស្រ្តាចារ្យ បុគ្គលិក សិស្ស-និស្សិត សរុបទាំងអស់ប្រមាណ៥០០រូប​ នៅទីស្ដីការក្រសួង​។ 

កម្មវិធីតម្រង់ទិសជំនាញសិក្សា និងការងារនេះធ្វើឡើងដើម្បីផ្ដល់ឱកាសឱ្យសិស្ស-និស្សិត ទទួលបានព័ត៌មានគ្រប់គ្រាន់ និងគ្រប់ជ្រុងជ្រោយ ដើម្បីធ្វើការសម្រេចចិត្តជ្រើសរើសជំនាញសិក្សាឱ្យបានត្រឹមត្រូវ និងជាវិថីដ៏ល្អសម្រាប់ឱកាសដើម្បីស្វែងរកការងារបានជោគជ័យនៅពេលបញ្ចប់ការសិក្សា។

កម្មវិធីនេះមានការចូលរួមធ្វើបទបង្ហាញពីលោក ហឿន សំនៀង នាយកវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ស្តីពីវឌ្ឍនភាពការងារសិក្សារបស់និស្សិតនៅវិទ្យាស្ថាន​ ការចាក់កម្រងវីដេអូស្ដីពីបទសម្ភាសន៍ខ្លីជាមួយ លោក​អនុរដ្ឋលេខាធិការ ,លោកអគ្គនាយកអំពីជំនាញពាក់ព័ន្ធ រួមជាមួយនឹងការចូលរួមធ្វើបទបង្ហាញពីវាគ្មិនកិត្តិយសចំនួនបីរូបផងដែរ រួមមាន៖ លោក អៀង វ៉េងស៊ុន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន ស្ដីពីឯកទេសនាវាចរណ៍ លោក ស្រី ហ៊ាង អូមួយ អគ្គនាយិការក្រុមហ៊ុនបច្ចេកវិទ្យាខេមសូលូសិន ស្តីពីការត្រៀមខ្លួនកំណត់ទិសដៅរបស់បុគ្គលនីមួយៗនាពេលអនាគត និងលោកបណ្ឌិត តាន់ មុនីវណ្ណ អគ្គនាយករងក្រុមហ៊ុន ម៉ុង ឫទ្ធីគ្រុប និងជាអនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ស្ដីពីវិធីសាស្ត្រក្នុងការជ្រើសរើសជំនាញសិក្សាដើម្បីឆ្ពោះទៅរកភាពជោគជ័យ ដើម្បីចែករំលែកបទសោធន៍ និងការអនុវត្តល្អជូនដល់ សិស្ស-និស្សិតនាឱកាសនោះផងដែរ។ 

ថ្លែងក្នុងមតិស្វាគមន៍នាឱកាសនោះ លោកនាយកវិទ្យាស្ថាន បានគូសបញ្ជាក់ពីគោលដៅរបស់វិទ្យាស្ថានក្នុងការបណ្ដុះបណ្ដាលកូនខ្មែរឱ្យមានសមត្ថភាព មានចំណេះ ជំនាញច្បាស់លាស់លើវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ស្ពាន សំណង់ កំពង់ផែ ផ្លូវដែក និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត ព្រមទាំងឱ្យកូនខ្មែរមានទាំងចំណេះដឹងទូលំទូលាយ មានអត្តចរិត និងសីលធម៌ល្អ ចរិយាសម្បត្តិថ្លៃថ្នូរ ដើម្បីឱ្យកូនខ្មែរ ជំនាន់ក្រោយក្លាយជាអ្នកបន្តវេនប្រកបដោយសក្តានុពលភាពច្បាស់លាស់ និងការទទួលខុសត្រូវខ្ពស់លើវិស័យហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។

ជាមួយគ្នានោះផងដែរ ថ្លែងក្នុងមតិសំណេះសំណាលទៅកាន់អង្គពិធីនាពេលនោះផងដែរ លោកទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីគោលដៅនៃការអភិវឌ្ឍធនធានមនុស្ស ឱ្យមានការរីកចម្រើន និងប្រកបដោយភាពសម្បូរបែប ដើម្បីប្រែក្លាយពីប្រទេសដែលមានចំណូលមធ្យមកម្រិតទាប ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតជោនាយករដ្ឋមន្ត្រី។ 

លោកទេសរដ្ឋមន្ត្រី ស៊ុន​ ចាន់ថុល​ បានបន្ថែមទៀតថា៖ ដើម្បីយើងអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មឆ្នាំ២០១៥-២០២៥ និងប្រែក្លាយជាប្រទេសដែលមានចំណូលខ្ពស់បាន យើងត្រូវធ្វើការងារអាទិភាពចំនួនបួនឱ្យបានគឺ៖ ទី១. ត្រូវបញ្ចុះតម្លៃអគ្គិសនីឱ្យនៅកម្រិតទាប ទី២. ត្រូវមានធនធានមនុស្សល្អ ទី៣.ត្រូវបញ្ចុះតម្លៃភស្តុភាកម្ម និងដឹកជញ្ជូន ទី៤. រៀបចំខេត្តព្រះសីហនុទាំងមូលឱ្យក្លាយជាតំបន់សេដ្ឋកិច្ចពិសេស ដើម្បីទាក់ទាញវិនិយោគឱ្យមកបណ្ដាក់ទុនបង្កើតការងារធ្វើជូនបងប្អូនប្រជាពលរដ្ឋយើង។

លោកទេសរដ្ឋមន្ត្រី​ ក៏បានលើកឡើងផងដែរអំពីគោលបំណងបង្កើតវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូននេះឡើងដើម្បីអភិវឌ្ឍធនធានមនុស្ស បណ្តុះបណ្តាលវិស្វករកម្ពុជាឱ្យចេះធ្វើផ្លូវ សង់ស្ពានឆ្លងទន្លេ និងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធឱ្យមានគុណភាពរឹងមាំសម្រាប់កូនខ្មែរជំនាន់ក្រោយ និងមានសមត្ថភាពដូចបុព្វបុរសសម័យមុនដែលមានសមត្ថភាពអាចកសាងប្រាង្គប្រាសាទដ៏ស្រស់បំព្រង និងមានគុណភាពរឹងមាំជាប់បានយូររាប់រយឆ្នាំ និងល្បីល្បាញពាសពេញសកលលោកថែមទៀតផង។ បន្ថែមពីនេះ លោកទេសរដ្ឋមន្ត្រី​ បានសង្កត់ធ្ងន់ថា៖​ វិទ្យាស្ថាននេះ ជាគ្រឹះស្ថានសិក្សាតែមួយគត់នៅកម្ពុជា ដែលផ្តល់ការបណ្ដុះបណ្ដាលជំនាញសាងសង់ផ្លូវ ស្ពាន ដឹកជញ្ជូន និងភស្តុភារកម្មនិងជំនាញជាច្រើនទៀតឱ្យកូនខ្មែរជំនាន់ក្រោយចេះកសាងហេដ្ឋារចនាសម្ព័ន្ធ ដោយខ្លួនឯងប្រកបដោយគុណភាពមិនពឹងលើបរទេស។

លោកទេសរដ្ឋមន្ត្រី បានផ្តល់ដំបូន្មានដល់សិស្ស-និស្សិតនាឱកាសផងដែរថា៖ ក្នុងនាមជាសិស្ស-និស្សិតត្រូវធ្វើខ្លួនជាមនុស្សល្អក្នុងសង្គម និងខិតខំរៀនសូត្រឱ្យកាន់តែខ្លាំងបន្ថែមទៀត និងបានលើកពាក្យស្លោកមួយចំនួនឱ្យសិស្ស-និស្សិតបានយកទៅអនុវត្តដើម្បីប្រែក្លាយជីវិតរបស់ខ្លួនឱ្យមានអនាគតល្អផងដែរ ក្នុងនោះមានពាក្យស្លោកមួយឃ្លាថា៖  “បើអ្នកមិនដឹងថាទៅផ្លូវណា ផ្លូវណាក៏នាំអ្នកទៅទីនោះដែរ” និងបណ្តាពាក្យស្លោកជាច្រើនមួយចំនួនទៀតផងដែរ។

ជាទីបញ្ចប់ លោកទេសរដ្ឋមន្ត្រី បានជំរុញលើកទឹកចិត្តឱ្យសិស្ស-និស្សិតទាំងអស់ដាក់ពាក្យប្រឡងចូលរៀននៅវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធរូបវន្តរបស់កម្ពុជាឱ្យមានការរីកចម្រើនថែមមួយកម្រិតទៀត។ 

សូមជម្រាបជូនថា៖ វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន បានដាក់ចេញចក្ខុវិស័យ ឆ្ពោះទៅកាន់គ្រឹះស្ថានឧត្តមសិក្សាសាធារណៈឈានមុខគេក្នុងការបណ្តុះបណ្តាលធនធានមនុស្សលើវិស័យសាធារណការ និងដឹកជញ្ជូន ប្រកបដោយគុណភាព ការច្នៃប្រឌិត និងសីលធម៌វិជ្ជាជីវៈ និងមានបេសកកម្មបណ្តុះបណ្តាលធនធានមនុស្ស និងស្រាវជ្រាវលើវិស័យសំណង់ស្ពាន ថ្នល់ ប្រព័ន្ធចម្រោះទឹកកខ្វក់ ផ្លូវដែក កំពង់ផែ និងវិស័យដឹកជញ្ជូនផ្លូវគោក ផ្លូវទឹក ផ្លូវសមុទ្រ និងភស្តុភារកម្ម ប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់ដែលមានការទទួលស្គាល់ពីថ្នាក់ជាតិ តំបន់ និងអន្តរជាតិ។

វិទ្យាស្ថាននេះក៏ជាគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាល និងស្រាវជ្រាវមួយដែលប្រមូលផ្តុំដោយសាស្រ្តាចារ្យល្បីៗ បុគ្គលិកមានសមត្ថភាពនិងសម្ភាររូបវន្ដសម្បូរបែប ដើម្បីអភិវឌ្ឍសិស្ស-និស្សិត ដែលមានសក្ដានុពលខ្ពស់ឱ្យក្លាយជាកម្លាំងចលករយ៉ាងសកម្មក្នុងការចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច  និងសង្គមជាតិនាពេលអនាគត។

បច្ចុប្បន្នវិទ្យាស្ថាននេះមាននិស្សិតចំនួន១៩១នាក់កំពុងសិក្សាលើជំនាញចំនួន ៦ក្នុងឯកទេសចំនួន៣ ក្នុងឆ្នាំសិក្សា២០២០-២០២១គឺ៖

១. ឯកទេសសំណង់សាធារណការ៖ ជំនាញសំណង់ផ្លូវថ្នល់ ផ្លូវល្បឿនលឿន ស្ពាន ផ្លូវដែក និងកំពង់ផែ ជំនាញប្រព័ន្ធចម្រោះទឹកកខ្វក់។ ២.ឯកទេសគ្រប់គ្រងដឹកជញ្ជូន និងភស្តុភារកម្ម ៖ ជំនាញសេដ្ឋកិច្ច និងគ្រប់គ្រងដឹកជញ្ជូនផ្លូវគោក ជំនាញគ្រប់គ្រងភស្តុភារកម្ម  និងខ្សែច្រវ៉ាក់ផ្គត់ផ្គង់ និង ៣.ឯកទេសនាវាចរណ៍៖ ជំនាញអ្នកបើកបរនាវា និងម៉ាស៊ីននាវា។

សូមបញ្ជាក់ផងដែរថា៖ វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន កំពុងបើកទទួលពាក្យឱ្យសិស្ស-និស្សិត ដាក់ពាក្យប្រឡងចូលរៀនម្រាប់ឆ្នាំសិក្សា២០២១-២០២២ ចំនួន២០០នាក់ដែលត្រូវផុតកំណត់លែងទទួលពាក្យនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង ៥ល្ងាចជាកំហិត។ ដូច្នេះវិទ្យាស្ថានសូមអំពាវនាវដល់សិស្ស-និស្សិតដែលជាបេក្ខជនទាំងអស់មេត្តាដាក់ពាក្យដើម្បីប្រឡងចូលរៀននៅវិទ្យាស្ថានឱ្យបានទាន់ពេលវេលា៕

ដោយ​៖ស​ តារា​


ចែករំលែក៖