ព័ត៌មានទាន់ហេតុការណ៍៖

លោកបណ្ឌិត អ៉ិត សំហេង ៖ ការរក្សានូវសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងកសាងអំពើល្អ នាំឲ្យគណបក្សទទួលបានជ័យជម្នះជានិច្វ

ចែករំលែក៖

ភ្នំពេញ៖ លោកបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាសមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានខណ្ឌចំការមន នាថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានអញ្ជើញសំណេះសំណាលជាមួយបេក្ខជនក្រុមប្រឹក្សាសង្កាត់ ប្រចាំខណ្ឌចំការមន នាអាណត្តិទី៥ ឆ្នាំ២០២២-២០២៧ ដើម្បីផ្តល់នូវអនុសាសន៍ណែនាំក្នុងការសិក្សាស្វែងយល់ ក្តាប់ព័ត៌មានបន្ថែមនៅមូលដ្ឋាន និងដាក់ចេញនូវផែនការយុទ្ធសាស្ត្រសម្រាប់អនុវត្តបន្ត ដើម្បីដណ្តើមបានជោគជ័យនៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែមិថុនាឆ្នាំ២០២២ខាងមុខនេះ។

លោករដ្ឋមន្ត្រី បានសម្តែងនូវការកោតសរសើរដល់ក្រុមប្រឹក្សាសង្កាត់ទាំង៥ របស់ខណ្ឌចំការមន និងបានស្នើឲ្យរក្សាបាននូវសាមគ្គីភាព ឯកភាពផ្ទៃក្នុង ការកសាងនូវអំពើល្អ តម្កល់ផលប្រយោជន៍ជាតិជាធំ  និងលើកកម្ពស់ស្មារតីទទួលខុសត្រូវក្នុងការអនុវត្តភារកិច្ចរបស់គណបក្ស ដែលសកម្មភាពអស់ទាំងនេះនឹងនាំឲ្យគណបក្សប្រជាជនកម្ពុជាទទួលបានជោគជ័យលើការបោះឆ្នោតរៀងរហូតមក។

ក្នុងគោលដៅលើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រងចំនួនសមាជិកបក្ស និងពង្រឹងសកម្មភាពសតិអារម្មរណ៍នយោបាយរបស់សមាជិកបក្ស លោកបណ្ឌិត អ៉ិត សំហេង បញ្ជាក់ថា គោលការណ៍រក្សាចាស់ បង្កើនថ្មី និងសមាជិកបក្សមួយរូប គឺជាសម្លេងឆ្នោតគាំទ្ររបស់គណបក្សមួយសន្លឹក គឺត្រូវទាមទារឲ្យក្រុមប្រឹក្សាសង្កាត់របស់យើងអនុវត្តគោលការណ៍នេះឲ្យបានជាប់ជាប្រចាំ ដើម្បីដណ្តើមជ័យជំនះក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ និងបោះឆ្នោតសកលឆ្នាំ២០២៣ ទទួលបានជ័យជំនះភ្លូកទឹកភ្លូកដី។ 

លោកប្រធានក្រុមការងារ ក៏បានលើកឡើងពីការរៀបចំសន្និបាតជ្រើសរើសបេក្ខភាពគណបក្ស ឃុំ-សង្កាត់ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍ ឃុំ-សង្កាត់សម្រាប់រយៈពេល៥ឆ្នាំ ២០២២-២០២៧ ថាការរៀបចំសន្និបាតរបស់ក្រុមប្រឹក្សាឃុំ-សង្កាត់របស់គណបក្សប្រជាជនកម្ពុជា មិនមែនជាកម្មវិធីនយោបាយប្រជាភិថុតិ បោកប្រាសបញ្ឆោត ឲ្យប្រជាពលរដ្ឋមានជំនឿទុកចិត្តមកលើកគណបក្សយើងនោះទេ ផ្ទុយទៅវិញពលរដ្ឋនៅក្នុងមូលដ្ឋាន នឹងទទួលបានអត្ថប្រយោជន៍ជាច្រើនពីគោលនយោបាយនេះ លើការថែរក្សាសុខសន្តិភាព ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ផ្តល់នូវសេវាសាធារណៈ ការរក្សាសណ្តាប់ធ្នាប់ សន្តិសុខ នៅក្នុងមូលដ្ឋាន កាន់តែល្អប្រសើរបន្ថែមទៀត។ ជាមួយគ្នានោះ ឯកឧត្តមប្រធាន បានជំរុញឲ្យធ្វើការផ្សព្វផ្សាយនូវរាល់សមិទ្ធផលដែលរាជរដ្ឋាភិបាល ក៏ដូចជាក្រុមការងារ និងសប្បុរសជន បានអភិវឌ្ឍន៍នៅក្នុងមូលដ្ឋានសង្កាត់ ក្រោមការដឹកនាំដ៏ត្រឹមត្រូវនិងឈ្លាសវៃរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបាននាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ។

លោកប្រធាន ក៏បានជំរុញដល់បេក្ខជនក្រុមប្រឹក្សាសង្កាត់ ត្រូវខិតខំពង្រឹងនូវសមត្ថភាពរបស់ខ្លួនឲ្យកាន់តែពូកែ មានសមត្ថភាពដឹកនាំ មានភាពម្ចាស់ការ និងយកចិត្តទុកដាក់បន្ថែមទៀតក្នុងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន ដោយការទទួលខុសត្រូវ និងប្រសិទ្ធភាពខ្ពស់។ លោកបណ្ឌិត​ អ៉ិត​ សំហេង​ បានមានប្រសាសន៍បន្ថែមថា៖ «ក្នុងនាមជាអ្នកដឹកនាំ និងជាអ្នកផ្តល់នូវសេវាសាធារណៈជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ត្រូវមានការសាមគ្គីភាពផ្ទៃក្នុង ដើម្បីបម្រើប្រជាពលរដ្ឋឱ្យមានតម្លាភាព យុត្តិធម៌ ស្មោះត្រង់ ព្រមទាំងមានភាពម៉ឺងម៉ាត់ និងទទួលបាននូវសេចក្តីទុកចិត្តពីប្រជាពលរដ្ឋ ហើយការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៥ នាពេលខាងមុខនេះ គណបក្សយើងនឹងទទួលបានជោគជ័យ»។

ក្នុងឱកាសនោះដែរ លោកប្រធាន ក៏បានរំលេចឡើង ពីគោលនយោបាយវ៉ាក់សាំងដែលរដ្ឋាភិបាលកម្ពុជាទទួលបានចំណាត់ថ្នាក់ល្អលើការគ្រប់គ្រងជំងឺកូវីដ-១៩ ជាពិសេសប្រភេទមេរោគបម្លែងថ្មី អូមីក្រុង ដោយការចាក់វ៉ាក់សាំងគ្របដណ្តប់បានទូទាំងប្រទេសដែលអាចឲ្យយើងមានលទ្ធភាពបើកដំណើរការប្រទេសឡើងវិញ ធ្វើឲ្យប្រជាពលរដ្ឋមានជីវភាពកាន់តែប្រសើរ៕

ដោយ​៖ស​ តារា​


ចែករំលែក៖