ខេត្តបន្ទាយមានជ័យ ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសំណាក់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅព្រឹកថ្ងៃចន្ទ ទី៧ ខែកុម្ភៈ ឆ្នាំ២០២២ លោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី-ភារកិច្ច និងវឌ្ឍនភាពការងារកងរាជអាវុធហត្ថប្រចាំខែមករា ឆ្នាំ២០២២ ទិសដៅខែកុម្ភ: ឆ្នាំ២០២២ និងប្រកាសផ្លាស់ប្តូរមុខតំណែងជូនដល់នាយទាហាន នៃកងរាជអាវុធហត្ថខេត្តចំនួន៥៤រូប ។
ក្នុងពិធីនោះដែរមានការអញ្ជើញចូលរួមពីសំណាក់លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកនាយសេនាធិការរង លោកប្រធាន-អនុមន្ទីរទាំង០៧ លោកនាយ-នាយរងការិយាល័យ លោកមេបញ្ជាការ-មេបញ្ជការរងមូលដ្ឋានក្រុង-ស្រុកទាំង០៩ សរុបចំនួន ១៣០ រូប ។
លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការបានផ្ដាំផ្ញើដល់កងកម្លាំងដែលទទួលបាននូវតួនាទីថ្មីទាំងអស់ ត្រូវខិតខំអនុវត្តតួនាទី-ភារកិច្ច ដែលថ្នាក់លើប្រគល់ជូនតាមអនុក្រឹត្យលេខ ១១ អនក្រ ចុះថ្ងៃទី៩ ខែមករា ឆ្នាំ២០១៩ ស្តីពីការកែសម្រួលរចនាសម្ព័ន្ធ ក្របខណ្ឌចាត់តាំងបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ។
ជាកិច្ចបញ្ចប់លោកឧត្ដមសេនីយ៍ត្រីមេបញ្ជាការ បានជូនពរដល់កម្លាំងចូលរួមទាំងអស់ទទួលបាននូវសុខភាពល្អ និងទទួលបានជ័យជំនះគ្រប់ភារកិច្ចដែលថ្នាក់លើប្រគល់ជូន ជាពិសេសផ្ដល់ភាពកក់ក្ដៅដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានប្រកបដោយសន្តិភាព ៕
ដោយ៖ ស សម