ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន អញ្ជើញចុះពិនិត្យមើលដំណើរការចាក់វ៉ាក់សាំងកូវីដ-១៩ ចំនួន២ទីតាំងបន្ថែមទៀតដែលស្ថិតនៅក្នុងខេត្តត្បូងឃ្មុំ

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖ នៅព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស អមដំណើរដោយក្រុមការងារក្រសួងសុខាភិបាល បានអញ្ជើញចុះពិនិត្យមើលដំណើរការចាក់វ៉ាក់សាំងកូវីដ-១៩ ចំនួន២ទីតាំងបន្ថែមទៀតដែលស្ថិតនៅក្នុងខេត្តត្បូងឃ្មុំ ។

សូមបញ្ជាក់ថា ទីតាំងដែលលោកស្រីឱ វណ្ណឌីន ចុះពិនិត្យមើលនោះរួមមាន៖

   ១-ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិអូររាំងឪ

   ២-មណ្ឌលសុខភាព ជប់ ។

   សូមជម្រាបជូនថា  ក្នុងឱកាសនោះលោកស្រីវេជ្ជបណ្ឌិតបានបន្តក្រើនរំលឹកទៅដល់ប្រជាពលរដ្ឋត្រូវតែរួសរាន់ទៅទទួលយកនូវការចាក់វ៉ាក់សាំងឱ្យបានគ្រប់ៗគ្នានៅតាមទីតាំងនិងមូលដ្ឋានសុខាភិបាលតែម្ដង។ មួយវិញទៀតលោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានជម្រាបជូនដល់ប្រជាពលរដ្ឋពីជំងឺកូវីដ-១៩ ជាពិសេសវីរុសបំប្លែងថ្មី អូមីក្រុង ដែលកំពុងរីករាលដាលនៅបណ្តាប្រទេសនានាក្នុងពិភពលោកក៏ដូចនៅក្នុងប្រទេសកម្ពុជាផងដែរ។ លោកស្រីបានបន្តផ្តាំផ្ញើឱ្យប្រជាពលរដ្ឋចូលរួមថែរក្សាអនាម័យឱ្យបានគ្រប់ៗគ្នា ក៏ដូចជាអនុវត្តពាក្យស្លោក «៣កុំ ៣ការពារ» បូករួមជាមួយការចាក់វ៉ាក់សាំងឱ្យបានគ្រប់ចំនួនដូសផងដែរ។

  ចំពោះកំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩នៅកម្ពុជា គិតត្រឹមថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២២៖

  -លើប្រជាជនអាយុពី១៨ឆ្នាំឡើងមាន ១០២,០៧% ធៀបជាមួយចំនួនប្រជាជនគោលដៅ១០លាននាក់។

  -លើកុមារ-យុវវ័យអាយុពី១២ឆ្នាំទៅក្រោម១៨ឆ្នាំ មាន៩៩,៥៨% ធៀបជាមួយចំនួនប្រជាជនគោលដៅ១,៨២៧,៣៤៨ នាក់។

   -លើកុមារអាយុពី០៦ឆ្នាំដល់ក្រោម ១២ឆ្នាំ មាន១០៦,០២% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧,៣៨២នាក់។

   -លើកុមារអាយុ៥ឆ្នាំ មាន១០៦,៧៣% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧ នាក់។

   -លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប១៦លាន​នាក់​ មាន ៨៩,៧៧% ៕

                                  

ដោយ ៖ សិលា


ចែករំលែក៖