ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋធានីកាណាដា ប្រកាសអាសន្ន ពាក់ព័ន្ធនឹងការធ្វើបាតុកម្ម

ចែករំលែក៖

អភិបាលរដ្ឋធានីអូតាវ៉ា(Ottawa) ប្រទេសកាណាដា លោក Jim Watson បានសម្រេចប្រកាសអាសន្នជាបន្ទាន់ពាក់ព័ន្ធនឹងការធ្វើបាតុកម្មប្រឆាំងវិធានការទប់ស្កាត់ការឆ្លងកូវីដ-១៩ ។

សារព័ត៌មាន RT បានផ្សាយថា អភិបាលរដ្ឋអូតាវ៉ា បានប្រកាសថា ការធ្វើបាតុកម្មបានបង្កឱ្យមានភាពគ្រោះថ្នាក់ដល់សន្តិសុខជាតិ និងពលរដ្ឋក្នុងពេលអ្នកបើកបររថយន្តធ្វើបាតុកម្ម “Freedom Convoy” ។ ជាមួយគ្នានេះដែរ អភិបាលរដ្ឋអូតាវ៉ា កាលពីថ្ងៃទី៦ខែកុម្ភៈបានប្រកាសថា កម្លាំងប៉ូលិសមិនអាចទប់ស្កាត់ក្រុមបាតុករបានឡើយ ដោយបានស្នើឱ្យកម្លាំងទាហានមកជួយធ្វើអន្តរាគមន៍។
អភិបាលក្រុង អូតាវ៉ា បានប្រកាសថា «ស្ថានភាពនាពេលបច្ចុប្បន្នមិនអាចគ្រប់គ្រងបានឡើយ ខ្ញុំបានស្នើដល់ស្នងការប៉ូលិសដោះស្រាយបញ្ហាឱ្យបានឆាប់បំផុតដើម្បីជួយដល់ជីវភាពរស់នៅរបស់ពលរដ្ឋឱ្យបានល្អប្រសើរឡើងវិញ។
កាលពីថ្ងៃទី៥ខែកុម្ភៈ ស្នងការប៉ូលិសទីក្រុងអូតាវ៉ា លោក Peter Sloly បានបញ្ជាក់ថា កម្លាំងប៉ូលិសមិនអាចទប់ស្កាត់ក្រុមបាតុករបានឡើយ ។ លោកបញ្ជាក់ទៀតថា លោកកំពុងរង់ចាំការសម្រេចរបស់រដ្ឋាភិបាលក្នុងការបញ្ជូនកម្លាំងទាហានមកជួយដោះស្រាយស្ថានភាព ។
បាតុកម្មកាន់តែតានតឹងខ្លាំងឡើងដោយមានរថយន្តប្រមាណ១ពាន់គ្រឿងនិងមនុស្សប្រមាណ៥ពាន់នាក់កំពុងធ្វើបាតុកម្មនៅទីក្រុង អូតាវ៉ា ៕ ដោយ៖ សាធី

រូបថត៖CTV News


ចែករំលែក៖