ព័ត៌មានទាន់ហេតុការណ៍៖

អូស្ត្រាលីត្រៀមបើកព្រំដែនសម្រាប់អ្នកទេសចរបរទេសចាប់ពីថ្ងៃទី២១ខែកុម្ភៈតទៅ

ចែករំលែក៖

ចាប់ពីថ្ងៃទី២១ខែកុម្ភៈតទៅ អូស្ត្រាលីនឹងចាប់ផ្តើមបើកព្រំដែនទទួលអ្នកទេសចរបរទេសក្រោយរយៈពេល២ឆ្នាំបិទប្រទេស។ នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Scott Morrison បានប្រកាសថា លក្ខខណ្ឌសម្រាប់អ្នកទេសចរគឺ ត្រូវតែចាក់វ៉ាក់សាំងគ្រប់ចំនួនពីរដូស។
នាយករដ្ឋមន្ត្រីអូស្ត្រាលីបានបញ្ជាក់ថា វីរុសបំប្លែងថ្មីអូមីក្រុង បង្ហាញវត្តមាននៅក្នុងប្រទេសអូស្ត្រាលី ដូច្នេះអ្នកដែលចាក់វ៉ាក់សាំងគ្រប់ចំនួនពីរដូសនឹងមិនបង្កគ្រោះថ្នាក់ណាមួយនោះឡើយ។
ប៉ុន្មានខែកន្លងមក ប្រទេសអូស្រ្តាលីបានបោះជំហានបណ្តើរៗដើម្បីបន្ធូរបន្ថយវិធានការគ្រប់គ្រង COVID-19 នៅព្រំដែនរបស់ខ្លួន ដូចជាការអនុញ្ញាតឱ្យបុគ្គលស្ថិតក្នុងក្រុមលើកលែងមួយចំនួនអាចធ្វើដំណើរចូលទៅបាន ក៏ដូចជាការបង្កើតកម្មវិធីធ្វើដំណើរដោយមិនចាំបាច់ត្រូវធ្វើចត្តាឡីស័កជាមួយប្រទេសខ្លះៗ ដូចជានូវែលហ្សេឡង់ជាដើម។
ប៉ុន្តែការបើកចំហឡើងវិញខាងលើ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២១ ខែកុម្ភៈ គឺជាលើកដំបូងបំផុតគិតចាប់តាំងពីការបិទព្រំដែនកាលពីខែមីនា ឆ្នាំ២០២០ ដែលមនុស្សរាល់គ្នាអាចធ្វើដំណើរទៅកាន់ប្រទេសអូស្រ្តាលីពីគ្រប់ទីកន្លែងទាំងអស់ ដរាបណាពួកគេបានចាក់វ៉ាក់សាំងបង្ការ COVID-19 រួចរាល់។ នាយករដ្ឋមន្រ្តីអូស្រ្តាលី លោក ស្កុត ម៉ូរីសុន (Scott Morrison) នៅថ្ងៃចន្ទនេះបាននិយាយយ៉ាងដូច្នេះថា «ប្រសិនបើអ្នកចាក់វ៉ាក់សាំងបានគ្រប់ដូស យើងទន្ទឹងរង់ចាំស្វាគមន៍អ្នកត្រឡប់មកកាន់អូស្រ្តាលីសាជាថ្មី»។
ករណីឆ្លង COVID-19 នៅក្នុងប្រទេសអូស្រ្តាលីបានកើនឡើងខ្លាំង ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ដោយសារតែវីរុសបំប្លែងថ្មី Omicron។ ទោះជាបែបនេះក្តី មកទល់ពេលនេះប្រជា ជនអូស្រ្តាលីប្រមាណ៨០ភាគរយហើយបានទទួលការចាក់វ៉ាក់សាំងគ្រប់ដូស និងជិត៣៥ភាគរយបានចាក់ដូសជំរុញ៕

ដោយ៖ សាធី(រូបថត៖Reuters )


ចែករំលែក៖