ព័ត៌មានទាន់ហេតុការណ៍៖

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ៖ បញ្ហាមីយ៉ាន់ម៉ាមិនមែនជារឿង ឈឺក្បាលរបស់កម្ពុជាទេ !

ចែករំលែក៖

ខេត្តក្រចេះ ៖ ថ្លែងក្នុងពិធីសម្ពោធកំណាត់ផ្លូវជាតិលេខ៧ នៅក្នុងខេត្តក្រចេះនាព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២ សម្ដេចតេជោបានលើកឡើងថា សម្ដេចពុំទទួលបានផលប្រយោជន៍អ្វីក្រៅពីចង់ជួយប្រជាជនមីយ៉ានម៉ាឱ្យចេញផុតពីសង្គ្រាមនោះទេ។ សម្ដេចថា អ្នកកំពុងជេរសម្ដេច និងប្រសិតពិសេសអង្គការសហប្រជាជាតិអំពីមីយ៉ាន់ម៉ាគឺកំពុងតែរុញប្រទេសមីយ៉ាន់ម៉ាឱ្យធ្លាក់ចូលសង្គ្រាមបន្តទៀត។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា  មានប្រសាសន៍ថាបញ្ហាមីយ៉ាន់ម៉ាមានទាំងអ្នកគាំទ្រ និងអ្នកប្រឆាំងនឹងសម្ដេចក្នុងការស្វែងរកដំណោះស្រាយ។ សម្ដេចបន្ថែមថា បញ្ហាប្រទេសមីយ៉ាន់ម៉ាបើមិនអាចដោះស្រាយក្នុងឆ្នាំនេះ អាចបន្តទៅឆ្នាំក្រោយ ហើយវាមិនមែនជាបញ្ហាដែលសម្ដេចត្រូវឈឺក្បាលនោះទេ។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុនសែន មានប្រសាសន៍ថា៖ «ខ្ញុំរកសន្ដិភាព និងការពារសន្ដិភាពសម្រាប់ប្រទេសខ្ញុំវាគ្រប់គ្រាន់ វាពិបាកណាស់ទៅហើយ។ បើអ្នកចង់វ៉ៃគ្នា សូមអញ្ជើញអ្នកវ៉ៃចុះ។ វិធីសាស្ត្ររបស់ខ្ញុំគឺពន្លត់ភ្លងសង្គ្រាមសិន បានអាចដំណើរការប្រជាធិបតេយ្យស្អីៗវាទៅតាមក្រោយ» ហើយ ការទាល់ចោលនូវរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាមិនមែនជាដំណោះស្រាយសម្រាប់ប្រទេសនេះទេ។

សម្ដេចថា៖ «បទពិសោធន៍ខ្មែរចរចារ៤ឆ្នាំទំរាំមានកិច្ចព្រមព្រៀងក្រុងប៉ារីស។ កិច្ចព្រមព្រៀងក្រុងប៉ារីសមួយហើយអត់ទៀត ត្រូវធ្វើនយោបាយឈ្នះ-ឈ្នះ មួយទៀតនាំមកនូវការបង្រួមបង្រួមជាតិដែលមានសន្ដិភាពដូចសព្វថ្ងៃ» ។

សម្ដេចថា បញ្ហាមីយ៉ាន់ម៉ាត្រូវការដំណោះស្រាយរយៈពេលវែង មិនអាចដោះស្រាយតែមួយថ្ងៃដែលសម្ដេចទៅអាចរកដំណោះស្រាយបាននោះទេ ព្រោះប្រទេសមីយ៉ាន់ម៉ាមានយោធាគ្រប់គ្រងអស់ជាង៧០ឆ្នាំទៅហើយនោះ។

ទោះជាយ៉ាងណាសម្ដេចបានកត់សម្គាល់ពីការវិវត្តន៍ចុងក្រោយនៅប្រទេសមីយ៉ាន់ម៉ាផងដែរ បន្ទាប់ពីរដ្ឋាភិបាលយោធាប្រទេសនេះបានដោះលែងសេដ្ឋវិទូអូស្ត្រាលី Sean Turnell ឱ្យមានសេរីភាពវិញ។

គួររំលឹកផងដែរថា នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានធ្វើទស្សនកិច្ចទៅកាន់ប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃទី៧ ខែមករាកន្លងទៅដើម្បីជួយស្វែងរកដំណោះស្រាយនៃជម្លោះមីយ៉ាន់ម៉ា ក៏ដូចជានាំប្រទេសនេះចូលក្នុងអាស៊ានវិញផងដែរ។ ក្នុងជំនួបជាមួយសម្ដេចតេជោ មេដឹកនាំយោធាមីយ៉ាន់ម៉ាលោក មីន អោងលាំង បានសន្យាជាមួយសម្ដេចថានិងពន្យារបទឈប់បាញ់រហូតដល់ដំណាចឆ្នាំ២០២២ ក៏ដូចជាសម្របសម្រួលដល់ប្រេសិតពិសេសប្រធានអាស៊ានបានជួបភាគីពាក់ព័ន្ធទាំងអស់រួមទាំងក្រុមប្រដាប់អាវុធជនជាតិភាគតិចផងដែរ ថែមទាំងសន្យាដោះលែងលោក Sean Turnell ផងដែរ។

វិបត្តិនៅប្រទេសមីយ៉ាន់ម៉ាកើតឡើងចេញពីរដ្ឋប្រហារយោធាដែលធ្វើឡើងកាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ ចាប់ខ្លួនទីប្រឹក្សារដ្ឋ លោកស្រី អ៊ុងសាន ស៊ូជី លោកប្រធានាធិបតី វីន ម្យីន និងមន្ត្រីគណបក្សកាន់អំណាចមួយចំនួនទៀតដោយកងកម្លាំងប្រដាប់អាវុធមីយ៉ាន់ម៉ា ដោយបានប្រកាសមិនទទួលស្គាល់លទ្ធផលឆ្នោតកាលពីខែវិច្ឆិកា ឆ្នាំ២០២០ និងប្រគល់ការងារដឹកនាំប្រទេសឱ្យអគ្គមេបញ្ជាការកងទ័ពជាតិគឺលោក មីន អោងលាំង។

រដ្ឋប្រហារនេះបានធ្វើឱ្យពលរដ្ឋមីយ៉ាន់ម៉ាបង្ហាញការមិនពេញចិត្ត និងនាំគ្នាធ្វើបាតុកម្មជាបន្តបន្ទាប់ខណៈក្រុមប្រដាប់អាវុធប្រឆាំងនឹងរបបយោធាកាន់តែមានច្រើនផងដែរ។

បច្ចុប្បន្នប្រទេសមីយ៉ាន់ម៉ាបានក្លាយជាប្រទេស១ដែលមានរដ្ឋាភិបាល២ និងមានក្រុមប្រដាប់អាវុធជនជាតិប្រហែល២០ក្រុមដែលបានបង្កជាសង្គ្រាមដ៏យូរបំផុតជាងគេមួយនៅក្នុងពិភពលោក។

សូមបញ្ជាក់ថា, នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានបន្តស្នើមិត្តចិនជួយសាងសង់ផ្លូវតភ្ជាប់ពីកំណាត់ផ្លូវជាតិលេខ៧ ពីតំបន់អូរគ្រៀង ទៅព្រំដែនកម្ពុជា-ឡាវ ជាបន្តទៀត ផងដែរ។ ទាក់ទងទៅនឹងការនាំចេញផលិតផលកម្ពុជាទៅទៅផ្សារចិន សម្តេចតេជោបានថ្លែងថា ចិន បានពិនិត្យរួចហើយលើនីតិវិធីភូតគាមអនាម័យលើត្រីប្រា និងផ្លែមៀនប៉ៃលិនរបស់កម្ពុជា ដែលត្រូវនាំចេញទៅកាន់ទិីផ្សាររបស់ប្រទេសចិន ដែលជាការបើកទីផ្សារកាន់តែធំមួយនាពេលខាងមុខនេះ។

នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវប្រជាពលរដ្ឋគោរពច្បាប់ចរាចរណ៍ ខណៈគ្រោះថ្នាក់ចរាចរណ៍បានសម្លាប់មនុស្សរាល់ថ្ងៃ ។ ហើយទាក់ទងទៅនឹងបញ្ហានៃជំងឺ Covid-19 នោះ សម្តេចតេជោបានថ្លែងថា រយៈពេល៣០ថ្ងៃហើយ កម្ពុជាមិនមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ទេ តែត្រូវបន្តយកចិត្តទុកដាក់លើការការពារ និងបន្តចាក់វ៉ាក់សាំងដូសជំរុញបន្តទៀត។ 

សម្ដេចតេជោក៏បានអបអរសាទរចំពោះសមិទ្ធផលកំណាត់ផ្លូវជាតិលេខ ៧នាថ្ងៃនេះ និងអរគុណចំពោះមិត្តចិនដែលតែងតែជួយកម្ពុជាជាបន្តបន្ទាប់ និងជូនពរឲ្យបងប្អូនប្រជាពលរដ្ឋក្នុងខេត្តក្រចេះនិងនៅទូទាំងប្រទេសជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើន។ មុននឹងបញ្ចប់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម វ៉ាន វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញកាត់ខ្សែបូរសម្ពោធដាក់ឲ្យប្រើប្រាស់នូវកំណាត់ផ្លូវជាតិលេខ៧ ពីចំណុចរង្វង់មូលខ្លាស្ទុះ ក្រុងក្រចេះ ទៅភូមិរមាត ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ ប្រវែង៩៣.៥៦គីឡូម៉ែត្រ ចាប់ពីពេលនេះតទៅ៕


ដោយ ៖ សិលា


ចែករំលែក៖