ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចខណ្ឌដង្កោឃាត់ខ្លួន​បន្ទាប់ពីលួចកាច់សោ.កម៉ូតូបានសម្រេច​

ចែករំលែក៖

ភ្នំពេញ​ ៖​ ជនសង្ស័យ២នាក់​ត្រូវបានសមត្ថកិច្ចប៉ុស្ដិ៍រដ្ឋបាលក្រាំងពង្រ​ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ​ធ្វេីការឃាត់ខ្លួនភ្លាមៗ​ បន្ទាប់ពីពួកគេលួចកាច់សោ.កម៉ូតូបានសម្រេច​កាលពីវេលាម៉ោង៩​ និង៤០នាទីព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២ នៅចំណុចសំណង់ផ្ទះល្វែង ខាងមុខសួនឧស្សាហកម្មវឌ្ឍនៈ២ ស្ថិតក្នុងភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ 

    សមត្ថកិច្ចបានឱ្យដឹងថា​ ជនរងគ្រោះជាម្ចាស់ម៉ូតូឈ្មោះ ភិន រ៉ាឌី ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងភ្លើង មានទីលំនៅភូមិត្រពាំងស្លា ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។​ ចំណែកជនសង្ស័យ០២នាក់ដែលសមត្ថកិច្ចឃាត់ខ្លួនមាន​៖​ ទី១-ឈ្មោះ រុន សុវណ្ណឌី ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរនិពន្ធនាយករងសារព័ត៌មាន សំឡេងប្រជាជន ស្នាក់នៅផ្ទះជួល ស្ថិតក្នុងភូមិកន្ទោក សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ និងទី២-ឈ្មោះ ចំរើន សុផល ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលក្នុងភូមិព្រែកសំរោង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។  

   វត្ថុតាងចាប់យកមាន៖ ១-ម៉ូតូម៉ាកហុងដា BEAT ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ1IJ-7340 មានលេខតួ9036891 និងលេខម៉ាស៊ីន 9037400 ចំនួន០១គ្រឿង, ២-ម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២ ពាក់ស្លាកលេខព្រៃវែង 1V-5427 មានលេខតួ និងលេខម៉ាស៊ីន6120710 ចំនួន០១គ្រឿង, ៣-ទួណឺវីសដងលឿងចំនួន០១, ៤-ទូរស័ព្ទដៃម៉ាកណូគាចុចពិលចំនួន២គ្រឿង (ពណ៌កាប់ស្ទាំងចំនួន០១គ្រឿង,ពណ៌ផ្កាឈូកចំនួន០១គ្រឿង), ៥-បណ្ណសម្គាល់ខ្លួនសារព័ត៌មានសំឡេងប្រជាជនរបស់ឈ្មោះ រុន សុវណ្ណឌីចំនួន២សន្លឹក, ៦-បណ្ណសម្គាល់យានយន្តថតចម្លងរបស់ឈ្មោះ ហែម សុផាត ចំនួន០១សន្លឹក, ៧-នាមប័ណ្ណសារព័ត៌មានសំឡេងប្រជាជនរបស់ឈ្មោះ រុន សុវណ្ណឌី ចំនួន០៤សន្លឹក, ៨-កាតចាក់វ៉ាក់សាំងកូវីដ-១៩ ក្រសួងការពារជាតិចំនួន០១ , ៩-កូនសោម៉ូតូចំនួន០១, ១០-កូនសោរថយន្តចំនួន០១ ។ 

    សមត្ថកិច្ចបានឱ្យដឹងទៀតថា​  កាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង០៧និង០០នាទី ជនរងគ្រោះឈ្មោះ ភិន រ៉ាឌី ភេទប្រុស អាយុ២៦ឆ្នាំ បានជិះម៉ូតូ០១គ្រឿងម៉ាកហុងដា BEAT ពណ៌ក្រហមចេញពីផ្ទះស្ថិតនៅភូមិត្រពាំងស្លា ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មកធ្វើការនៅការដ្ឋានសំណង់ផ្ទះល្វែងខាងមុខសួនឧស្សាហកម្មវឌ្ឍនៈ២ ស្ថិតក្នុងភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ ។ ពេលមកដល់កន្លែងធ្វើការជនរងគ្រោះបានទុកម៉ូតូនៅក្នុងផ្ទះល្វែងកំពុងសាងសង់ជាន់ខាងក្រោម ដោយបានចាក់សោ.កត្រឹមត្រូវ តែពុំបានបិទសន្ទះទេ រួចក៏ឡើងទៅធ្វើការនៅជាន់ទី១ រហូតដល់វេលាម៉ោង៩និង៤០នាទី ថ្ងៃខែឆ្នាំដដែល ជនរងគ្រោះបានចុះពីជាន់ទី១មកកន្លែងទុកម៉ូតូក៏បានឃើញជនសង្ស័យឈ្មោះ រុន សុវណ្ណឌី កំពុងបណ្តើរម៉ូតូម៉ាកខាងលើរបស់ជនរងគ្រោះចេញ។ ឃើញដូចនេះជនរងគ្រោះក៏បានស្រែកឆោឡោថាចោរៗ ហើយជនសង្ស័យឈ្មោះ រុន សុវណ្ណឌី ក៏បានផ្តួលម៉ូតូរបស់ជនរងគ្រោះស្ទុះរត់ឡើងជិះម៉ូតូរបស់បក្ខពួកម្នាក់ទៀតឈ្មោះ ចំរើន សុផល ភេទប្រុស អាយុ៣៨ឆ្នាំ ដែលឈប់ចាំនៅចម្ងាយពីកន្លែងកើតហេតុប្រហែល១០ម៉ែត្របម្រុងបើកគេចខ្លួន ក៏ត្រូវសមត្ថកិច្ចយើងដែលជិះម៉ូតូល្បាតក្បែរកន្លែងកើតហេតុស្រាប់បានឃើញហេតុការណ៍នោះក៏ជួយធ្វើអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់ រួមនឹងវត្ថុតាងយកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងពង្រ តាមនីតិវិធី​ ៕​

ដោយ​ ៖​ ភារ៉ា​ ដង្កោ​


ចែករំលែក៖