សារព័ត៌មានរ៉យទ័រនៅថ្ងៃទី ៨ខែកុម្ភៈបានផ្សាយថា រដ្ឋមន្ត្រីថៃចំនួន៧រូបបានធ្វើពហិការចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីនៅថ្ងៃទី៨ខែកុម្ភៈនេះ ។ ទាំងនោះបានបង្ហាញយ៉ាងច្បាស់ថា នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា បាននិងកំពុងប្រឈមមុខនឹងភាពស្មុគស្មាញសាជាថ្មី ហើយនេះត្រូវបានគេមើលឃើញថាជាសញ្ញាមួយបង្ហាញពីការបែកបាក់ផ្ទៃក្នុងនៃជួររដ្ឋាភិបាលចម្រុះមាន១៨គណបក្សចូលរួម ដឹកនាំដោយលោកប្រាយុទ្ធ ចាន់អូចា។
ការធ្វើពហិការរបស់ក្រុមរដ្ឋមន្ត្រី មកពីគណបក្ស Bhumjaithai Party ដែលជាគណបក្សធំទី២ នៅក្នុងរដ្ឋាភិបាលចម្រុះថៃ អាចនឹងក្លាយជារឿងដ៏អាម៉ាស់មួយសម្រាប់លោក បា្រយុទ្ធ ក្រោយគណបក្សរបស់លោក Palang Pracharat កាលពីសប្ដាហ៍មុនទើបតែបានបណ្ដេញសមាជិកសភារបស់ខ្លួន ២១រូបចេញពីបក្ស ដោយចោទថាពួកគេបានបង្កការបែកបាក់សាមគ្គី។
ការធ្វើពហិការខាងលើ គឺជាការបង្ហាញការជំទាស់ទៅនឹងគម្រោងមួយរបស់រដ្ឋាភិបាលលោក ប្រាយុទ្ធ ដែលចង់ពន្យារសុពលភាពនៃការផ្ដល់សម្បទានរយៈពេល ៣០ឆ្នាំ ដល់ក្រុមហ៊ុនសម្ព័ន្ធ BTS Group Holdings ក្នុងការធ្វើប្រតិបត្តិការប្រព័ន្ធផ្លូវដែកក្នុងទីក្រុងបាងកក៕ ដោយ៖ សាធី
រូបថត៖TTXVN-VNA