ព័ត៌មានទាន់ហេតុការណ៍៖

ព្រះពុទ្ធបដិមាចំនួន៣អង្គនៅរួតបាកាណនៃប្រាសាទអង្គរវត្ត អាជ្ញាធរជាតិអប្សរាកំពុងដំណើរការជួសជុល

ចែករំលែក៖

ខេត្តសៀមរាប ៖ ព្រះពុទ្ធបដិមាចំនួន៣អង្គនៅរួតបាកាណនៃប្រាសាទអង្គរវត្ត អាជ្ញាធរជាតិអប្សរាកំពុងដំណើរការជួសជួល។ នេះបើយោងតាមការបញ្ជាក់ពីអាជ្ញាធរជាតិអប្សរា នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២២ ខណៈជាវត្ថុដ៏មានតំលៃសម្រាប់កេរ្តិ៍ដំណែលបុរាណ លើពិភពលោកទទួលស្គាល់។ 

សូមបញ្ជាក់ថា, អាជ្ញាធរជាតិអប្សរាកំពុងដំណើរការជួសជួលព្រះពុទ្ធបដិមាចំនួន៣អង្គនៅរួតបាកាណនៃប្រាសាទអង្គរវត្ត ដោយក្រុមការងារបច្ចេកទេស ហើយក៏មិនមែនជាលើកទី១ដែរ ដែលក្រុមការងារអាជ្ញាធរជាតិអប្សរា បានបំពេញកាតព្វកិច្ចជួលជុលជាច្រើននូវប្រាង្គប្រសាទជាដើម។ 

លោក សយ សុភារិន្ទ មន្រ្តីបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការនៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ដំណើរការជួសជុលព្រះពុទ្ធបដិមាគឺនៅដើមខែកុម្ភៈ ឆ្នាំ២០២២នេះ គ្រោងនឹងប្រើប្រាស់ពេលវេលាជួសជុលចំនួន៥ខែ។ 

លោកបន្តថា, អាជ្ញាធរជាតិអប្សរាកំពុងដំណើរការជួសជុលព្រះពុទ្ធបដិមា ចំនួន៣អង្គបន្ថែមទៀតនៅរួតបាកាណនៃប្រាសាទអង្គរវត្ត ខណៈមួយអង្គបានធ្វើការជួសជុលរួចរាល់។ គម្រោងជួសជុលព្រះពុទ្ធបដិមាខាងលើ មានការសហការគាំទ្រគំនិតផ្តួចផ្តើម និងឧបត្ថម្ភថវិកាពីលោកជំទាវឧកញ៉ា នាងវិសាខាអគ្គមហាឧបាសិកា ពុទ្ធសាសនូបត្ថម្ភក៍ កិត្តិបណ្ឌិត សៀង ចាន់ហេង អគ្គនាយិកាក្រុមហ៊ុនហេងអភិវឌ្ឍន៍។

លោកបានបញ្ជាក់អំពីមូលហេតុ ដែលនាំឱ្យព្រះពុទ្ធបដិមានៅរួតបាកាណរងការខូចខាតទ្រុឌទ្រោម ដោយសារកត្តាធម្មជាតិ ទីកន្លែងមានជ្រាបទឹក ទឹកហូរច្រោះ មានទឹកនោម និងលាមកសត្វប្រចៀវច្រើន ដូច្នេះក្រុមការងារធ្វើការរើសំណាញ់ចាស់ចោល ដើម្បីជំនួសនូវសំណាញ់ថ្មី ដែលសង្ឃឹមថា ប្រចៀវនឹងមិនអាចចូលទៅទុំនៅទីតាំងខាងលើបានទៀតឡើយ។ 

សូមបញ្ជាក់ថា កាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០២០កន្លងទៅ អ្នកជំនាញអភិរក្សចម្លាក់ នៃអាជ្ញាធរជាតិអប្សរា បានធ្វើការជួសជុលរួចរាល់ជាស្ថាពរនូវព្រះពុទ្ធបដិមាមួយអង្គនៅទិសខាងត្បូងនៃរួតបាកាណដែលមានការខូចខាតទ្រុឌទ្រោម។

សូមជម្រាបជូនថា, ទឹកដីអង្គរ ដែលជាប្រភពចំណូលសេដ្ឋកិច្ចឥតផ្សែង បានអភិរក្ស កែលម្អ បានយ៉ាងល្អ ប្រកបដោយសោភ័ណភាព ទាក់ទាញបំផុតសម្រាប់ភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ គឺមិនជិនណាយក្នុងការចំណាយពេលវេលា ថវិកា ទៅកម្សាន្តឡើយ ៕

ដោយ ៖ សិលា


ចែករំលែក៖