ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានាធិបតីបារាំង៖ អឺរ៉ុបនឹងមិនមានសន្តិសុខឡើយបើរុស្ស៊ីមិនមានសន្តិសុខនោះ

ចែករំលែក៖

ប្រធានាធិបតីបារាំង លោក ម៉ាក្រុង បានលើកឡើងថា រុស្ស៊ីមានបំណងចង់រក្សាសន្តិសុខស្ថិរភាពទឹកដីអ៊ុយក្រែន។ បារាំង និងប្រទេសជាដៃគូនឹងបង្កើនកិច្ចពិភាក្សាដើម្បីស្វែងរកដំណោះស្រាយថ្មីដល់វិបត្តិនៅប្រទេសអ៊ុយក្រែនក៏ដូចជាធានាដល់សន្តិសុខរបស់រុស្ស៊ី ។
មានប្រសាសន៍នៅក្នុងសន្និសីទកាសែតរួមជាមួយប្រធានាធិបតីពូទីន ប្រធានាធិបតីបារាំងបានបញ្ជាក់ថា នឹងមិនមានសន្តិសុខនៅក្នុងតំបន់អឺរ៉ុបនោះឡើយប្រសិនបើរុស្ស៊ីមិនមានសន្តិសុខនោះ ។ លោកម៉ាក្រុងបញ្ជាក់ទៀតថា ភាគីទាំងពីរបានសន្យាមិនបង្កឱ្យមានភាពតានតឹងណាមួយបន្ថែមទៀតឡើយ។
ក្រោយជំនួបទល់មុខគ្នាផ្ទាល់ ជាមួយប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀរ ពូទីន ប្រធានាធិបតីបារាំង លោក ម៉ាក្រុង កាលពីថ្ងៃចន្ទសប្តាហ៍នេះ បាននិយាយថា រយៈពេលប៉ុន្មានថ្ងៃខាងមុខនឹងជាថ្ងៃដ៏សំខាន់បំផុតនៅក្នុងបញ្ហាប្រឈមមុខគ្នាពាក់ព័ន្ធនឹងអ៊ុយក្រែន។
លោក ម៉ាក្រុង បានពិភាក្សាគ្នាជាមួយលោកប្រធានាធិបតីរុស្ស៉ី អស់រយៈពេលប្រមាណជា៥ម៉ោង។ ក្រោយជំនួបនោះ លោកបានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានដូច្នេះថា «ប៉ុន្មានថ្ងៃខាងមុខនេះ នឹងជាថ្ងៃដ៏សំខាន់បំផុត ហើយនឹងតម្រូវឱ្យមានការពិភាក្សាគ្នាយ៉ាងស៉ីជម្រៅ»។ ចំណែកលោកពូទីនវិញ បាននិយាយថា គំនិតមួយចំនួនដែលលោកប្រធានាធិបតីបារាំងបានលើកឡើងទំនងជាអាចជួយបន្ធូរបន្ថយភាពតានតឹងបាន។
ប្រធានាធិបតីនៃប្រទេសទាំងពីរ នឹងពិភាក្សាគ្នាជាថ្មីម្តងទៀត ក្រោយលោក ម៉ាក្រុង ជួបជាមួយថ្នាក់ដឹកនាំរបស់អ៊ុយក្រែននៅទីក្រុងកៀវនាថ្ងៃអង្គារនេះ។
ការជួបមុខគ្នាផ្ទាល់ខាងលើ គឺជាជំនួបកំពូលលើកទីមួយនៅទីក្រុងមូស្គូ ដែលលោកពូទីន បានរៀបចំឡើងជាមួយមេដឹកនាំរបស់ប្រទេសលោកខាងលិច គិតចាប់តាំងពីរុស្ស៉ីបានចាប់ផ្តើមប្រមែប្រមូលកម្លាំងទ័ពនៅតាមបណ្តោយព្រំប្រទល់អ៊ុយក្រែនដែលបង្កឱ្យក្រុមលោកខាងលិច ព្រួយបារម្ភជាខ្លាំងថា វាជាការត្រៀមឈ្លានពានអ៊ុយក្រែន បើទោះបីជាទីក្រុងមូស្គូបានបដិសេធថា មិនមានផែនការយ៉ាងដូច្នោះក៏ដោយ៕ ដោយ៖ សាធី

រូបថត៖vov.vn

 

 


ចែករំលែក៖