ខេត្តកណ្តាល៖ កម្លាំងសមត្ថកិច្ចនគរបាលខេត្តកណ្ដាល បានចាប់ឃាត់ខ្លួនមេអាប៉ោង២នាក់ ពាក់ព័ន្ធនឹងករណីមិនរៀងចាល និងធ្វើការណែនាំអប់រំជាច្រើនដង រួចបញ្ជូនទៅកាន់សាលាដំបូងខេត្តកណ្តាល ដើម្បីចាត់ការតាមច្បាប់ ស្រាប់តែមានអ្នករត់ការដោះលែងឱ្យមានសេរីភាពទៅវិញ ក្រោយសាកសួរអស់រយៈពេលជាច្រើនម៉ោង។
បើតាមការបញ្ជាក់ពីលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកណ្តាល បានថ្លែងឱ្យដឹងនៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២ម្សិលមិញនេះថា៖ មូលហេតុដែលលោក ហោ លីណា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល បានសម្រេចឱ្យវិលត្រឡប់ទៅផ្ទះវិញ ក្រោយពីពិនិត្យឃើញរបាយការណ៍របស់សមត្ថកិច្ចដាក់ថា «ជាអ្នកលេងល្បែងស៊ីសងខុសច្បាប់» ដោយធ្វើការសាកសួរអស់ជាច្រើនម៉ោង និងពិនិត្យលើសំណុំរឿងរួចមក ។រួចមក មេអាប៉ោងទាំង២នាក់ខាងលើនេះ ត្រូវបានតុលាការខេត្តកណ្តាល សម្រេចដោះលែង និងអនុញ្ញាតអោយត្រឡប់ទៅផ្ទះវិញហើយ។
សូមរម្លឹកថា បើតាមការបញ្ជាក់ពីលោកវរសេនីយ៍ឯក ព្រុំ សំណាង អធិការនគរបាលស្រុកកៀនស្វាយ បានឱ្យដឹងថា ករណីខាងលើនេះ ត្រូវបានសមត្ថកិច្ចជំនាញចុះបង្ក្រាប កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២២ នៅចំណុចភូមិដីឥដ្ឋកោះផុស២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។ ដោយឃាត់ខ្លួនជនសង្ស័យ២នាក់ទី១,ឈ្មោះមុំ ផល អាយុ៦៤ឆ្នាំ និងទី២,ឈ្មោះមាស សុខហេង អាយុ៣១ឆ្នាំ ។
ចំណែកសម្ភារដែលចាប់យករួមមាន៖ មេអាប៉ោងចំនួន១, ចានអាប៉ោងចំនួន២, គំរបអាប៉ោងជ័រពណ៌ក្រហម ចំនួន៣, ម៉ូតូមួយគ្រឿង និងសម្ភារបទល្មើសជាច្រើនទៀត។
ក្រោយឃាត់ខ្លួន ជនសង្ស័យបានឆ្លើយសារភាពថា ពួកគេពិតជាបានបើកល្បែងស៊ីសងខុសច្បាប់ បាញ់អាប៉ោង ពិតប្រាកដមែន។
គួរបញ្ជាក់ថា បន្ទាប់ពីកម្លាំងសមត្ថកិច្ចនគរបាលខេត្តកណ្ដាល បានចាប់ឃាត់ខ្លួនមេអាប៉ោង២នាក់ ពាក់ព័ន្ធនឹងករណីមិនរៀងចាល និងធ្វើការណែនាំអប់រំជាច្រើនដង រួចបញ្ជូនទៅកាន់សាលាដំបូងខេត្តកណ្តាល ដើម្បីចាត់ការតាមច្បាប់ កាលពីថ្ងៃទី០៧ ខែកុម្ភៈម្សិលមិញនេះ ក្រោយសាកសួរអស់រយៈពេលជាច្រើនម៉ោងស្រាប់តែតុលាការសម្រេចដោះលែងជនសង្ស័យទាំង២នាក់ ឱ្យមានសេរីភាពទៅវិញ៕
ដោយ៖សហការី