គ្រួសារជនជាតិ និងក្រុមអ្នកស្ម័គ្រចិត្តមានចិត្តស្រឡាញ់សត្វទើបអាចរស់នៅជាមួយសត្វកាចសាហាវដូចជាខ្លាបាន។ មិនតែប៉ុណ្ណោះពួកគេក៏បានប្រឡែងលេងដូចជាសមាជិកនៅក្នុងគ្រួសារ ផងដែរ ដោយមិនមានគម្លាតរវាងសត្វខ្លានឹងមនុស្សនោះឡើយ។
គ្រួសារអ្នកស្រី Janice Haley និងលោក David រស់នៅទីក្រុង Florida Gamerik ពិតជាស្រឡាញ់ចូលចិត្តសត្វខ្លាខ្លាំងណាស់ដោយទុកដូចជាសមាជិកក្នុងគ្រួសារដែលមិនអាចខ្វះបាន។ ពួកគាត់បានចិញ្ចឹមសត្វខ្លាប្រភេទ Bengal តាំងពីតូច ។ ខ្លាមានឈ្មោះ Saber ពណ៌ស អាយុ៦ឆ្នាំ មានទម្ងន់ដល់ទៅ៣១៨គីឡូក្រាម និងសត្វខ្លាញីឈ្មោះ Janda អាយុ១២ឆ្នាំ មានទម្ងន់២៣០គីឡូក្រាម។
គ្រួសារអ្នកស្រីJanice បានចិញ្ចឹមសត្វខ្លានេះនៅក្នុងសួនក្នុងផ្ទះរបស់ខ្លួនតែម្តង ដោយបានផ្តល់ក្តីស្រឡាញ់ ប្រឡែងលេងជាមួយខ្លាជារៀងរាល់ថ្ងៃ។ អ្នកស្រី Janice Haley តែងតែឱ្យសត្វខ្លាស៊ីដោយដៃ ហើយពេលខ្លះក៏បានលូកដៃចូលទៅក្នុងមាត់ខ្លាទៀតផង ដោយមិនមានបញ្ហាអ្វីនោះឡើយ ដោយសារតែមានការយល់ចិត្តគ្នារវាងខ្លានឹងមនុស្ស។ សត្វខ្លាទទួលបានការហ្វឹកហាត់ ហើយមានភាពជិតស្និទ្ធជាមួយម្ចាស់យ៉ាងខ្លាំង ពេលខ្លះសត្វខ្លាខាំម្ចាស់ថ្នមៗ ប្រឡែងលេង។
អ្នកស្រីJaniceបាននិយាយថា មនុស្សជាច្រើនយល់ឃើញថាអ្វីដែលគ្រួសារខ្ញុំធ្វើពិតជារឿងល្ងីល្ងើ ដែលរស់នៅជាមួយសត្វតិរច្ឆាន ប៉ុន្តែគ្រួសារខ្ញុំស្រឡាញ់ពេញចិត្តនឹងមើលថែខ្លានោះ ហើយខ្លានោះក៏ផ្តល់ក្តីស្រឡាញ់មកម្ចាស់វិញផងដែរ។
ក្នុងមួយថ្ងៃ គ្រួសារអ្នកស្រី Janice Haley ចំណាយពេល ១២ម៉ោងមើលថែនិងលេងជាមួយសត្វខ្លា ដោយក្នុងមួយថ្ងៃៗឲ្យស៊ី៣ពេល ៕ ដោយ ៖ សាធី
ប្រភពរូបថត៖VOV.VN