(តពីលេខមុន)
* លៀងក្រយាហារ :
តាមប្រវេណីប្រទេសកម្ពុជាយើង ធម្មតានៃខេមរជាតិ តែមានធ្វើបុណ្យទានអ្វីមួយ រៀបពិធីអ្វីមួយ តែងតែមានលៀងខាទនីយភោជនីយាហារ បណ្ដាមិត្តញាតិ មិត្តព្រៀងលានដោយមេត្រីរាប់អានគ្នា។ របៀបលាងក្រយាហារនេះ គេតែងតែអញ្ជើញភ្ញៀវស្រីជាមួយនឹងស្រី ប្រុសជាមួយនឹងប្រុស ។ កន្លែងរៀបក្រយានោះសព្វថ្ងៃនេះគេច្រើនរៀបចំជូនស្រីៗនៅខាងលើផ្ទះ ឯប្រុសៗនៅរោងខាងក្រោមគឺនៅមុខផ្ទះ ឬចំហៀងផ្ទះដោយតុខ្ពស់ និងកៅអី។ បើផ្ទះគេអ្នកធំភ្ញៀវគេតិច នេះគេរៀបចំរួមគ្នានៅលើផ្ទះទាំងអស់។
របៀបដែលរៀបនៅលើផ្ទះពីបុរាណកាលមក ច្រើនរៀបអាហារកម្ពស់ប្រមាណ 20 cm ទំហំប្រហែល 1 ម៉ែត្របួនជ្រុងស្មើនីមួយៗ មានក្រាលកម្រាលពីលើទើបរៀប ម្ហូប ចានបាយ សមស្លាបព្រា ៦ឬ ៧ សម្រាប់គឺសម្រាប់ចំនួនភ្ញៀវ ៦ ឬ ៧ នាក់។គ្រប់គ្រាន់ហើយ ទើបអញ្ជើញភ្ញៀវទៅកាន់ទីកន្លែងពិសាក្រយា។ គេតែងមានកន្ថោរសម្រាប់ភ្ញៀវចោលរបស់ដែលសេសសល់ មានឆ្អឹងត្រីជាដើម។ គេមានផ្តិលទឹកឬកែវទឹកកន្សែងជូតដៃឲ្យគ្រប់បរិបូណ៌មិនឲ្យខ្វះខាតតាមត្រូវការ។ របៀបនេះរៀបទាល់តែគ្រប់ចំនួនភ្ញៀវទាំងស្រី ទាំងប្រុស ។ គ្រាការរៀបចំរួចស្រេចហើយអ្នកផ្ទះត្រូវអញ្ជើញភ្ញៀវចូលពិសាដោយរួសរាន់។ ពេលនេះ អ្នកផ្ទះត្រូវដឹងឋានៈនៃភ្ញៀវអញ្ជើញចូលរួមតុផងគ្នាឲ្យសមរម្យតាមអធ្យាស្រ័យផងតាមពួកបក្សផង:
១-គប្បីអញ្ជើញចាស់ព្រឹទ្ធាចារ្យអ្នករក្សាសីលរួមតុជាមួយគ្នា។
២- គប្បីអញ្ជើញមន្ត្រី ជាមួយមន្ត្រី។
៣- គប្បីអញ្ជើញលោកអ្នកពិសាសុរា ជាមួយអ្នកសេពសុរាដូចគ្នា។ ៤- គប្បីអញ្ជើញសាមញ្ញជន ជាមួយសាមញ្ញជនផងគ្នា។
៥- មានលោកអ្នកខ្លះពុំប្រកាន់យសស័ក្តិទេ ។ លោកចូលចិត្តរួមតុជាមួយនឹងពួកបក្សជាមួយនឹងមិត្តភក្កិជាមួយនឹងក្រុមការងារជាមួយនឹងសង្គម។ ត្រង់នេះអ្នកម្ចាស់ផ្ទះ ពុំគប្បីនឹងទន្ទឹងចិត្តភ្ញៀវឡើយ ព្រោះដំណើរដែលភ្ញៀវរើសកន្លែងរួមតុជាមួយមនុស្សនោញ ដើម្បីឲ្យស្រួលចិត្ត។ជៀសវាងមនុស្សដែលទាស់អធ្យាស្រ័យគ្នា ហើយទើបបានពិសាក្រយាដោយរីករាយចិត្ត។ទុកណាជាម្ហូបពុំសូវល្អក៏ត្រង់គាប់ចិត្តនិងមិត្តរួមតុដែរ។
រៀបភ្ញៀវហើយ អ្នកផ្ទះត្រូវបម្រើភ្ញៀវឲ្យដឹងគ្រប់គ្រាន់ ឬខ្វះខាត កុំចោលភ្ញៀវតាមតែអ្នកបម្រើឡើយ។ ត្រូវតែតាមត្រួតមើលឲ្យគ្រប់វង់ គ្រប់ តុ ឲ្យដឹងថា ត្រូវថែមបាយ សម្ល ភ្ញៀវត្រូវការអ្វីទៀត ។ បើអ្នកម្ចាស់ផ្ទះទទួលបដិសណ្ឋារ: ក្នុងការលៀងភោជហារនេះពុំបានបរិបូណ៌ទេ គប្បីតែពឹងគេឯង ឲ្យជួយមើលការខុសត្រូវជួសខ្លួនក៏បាន។
មានកាលខ្លះ ក្នុងឱកាសរៀបអាពាហ៍ពិពាហ៍ អ្នកខ្លះហៅភ្ញៀវទៅចោលតាមតែផឹកស៊ីខ្លួនឯងជាមួយនឹងអ្នកបម្រើទៅចុះ។លោកអ្នកសាមីដើមការពុំអាចនឹងដឹងបាន។ ធ្វើយ៉ាងនេះ ពុំគួរគប្បីសោះឡើយ។(នៅមានត)
ស្រាវជ្រាវនិងកែសម្រួលដោយ÷ ចៅតាជេត