ភ្នំពេញ៖ សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២នេះ ក្នុងមណ្ឌលសុខភាពគោករកា ខណ្ឌព្រែកព្នៅ លោក ជិន ប៊ុនធឿន នាយកប្រតិបត្តិសាខា តំណាង លោក ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខា និងជាប្រធានក្រុមការងារថ្នាក់ជាតិ ថ្នាក់សាខារាជធានីភ្នំពេញ បានចុះអប់រំ ផ្សព្វផ្សាយស្តីពី «សារប្រយោជន៍នៃការយល់ដឹងពីសុខ ភាពបន្តពូជ និងការថែទាំសុខភាពមាតា-ទារក ពេលមានផ្ទៃពោះ ពេលសម្រាល និងក្រោយពេលសម្រាល ក្នុងការរស់នៅតាមគន្លងប្រក្រតីភាពថ្មី ក្នុងបរិបទនៃជំងឺកូវីដ-១៩» ជូនដល់ស្ត្រីមានផ្ទៃពោះ ស្ត្រីមានកូនតូច និងស្ត្រីក្នុងវ័យបន្តពូជចំនួន៣០នាក់ ដេីម្បីឈានឆ្ពោះទៅអបអរទិវាជាតិសុខភាពមាតា ទារក និងកុមារ ២១ កុម្ភៈ ២០២២ ខាងមុខនេះ ។
នាឱកាសនោះ ក្នុងនាមលោក ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខា លោក ជិន ប៊ុនធឿន ក៏បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់បងស្រី ប្អូនស្រីជាមាតាទាំងអស់ប្រកប ដោយក្តីនឹករលឹក ព្រមទាំងបានគូសបញ្ជាក់ពីគោលបំណងនៃកម្មវិធី ដេីម្បីអបអរទិវាជាតិសុខភាពមាតា ទារក និងកុមារ ២១កុម្ភៈ ខួបលេីកទី១២ឆ្នាំ ដែលកំណត់ដោយរាជរដ្ឋាភិបាលកម្ពុជា ចាប់តាំងពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១១ នាឱកាសដែលសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ទទួលបាននូវគោរមងារដ៏ឧត្តុង្គឧត្តមជាឥស្សរជនឆ្នេីមថ្នាក់ជាតិនៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិដេីម្បីសុខភាពស្ត្រីនិងកុមារ បន្ទាប់ពីទទួលបានគោរមងារជា ឥស្សរជនឆ្នេីមថ្នាក់ជាតិនៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិកឆ្លេីយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០០៦ ។ ជាមួយគ្នានេះ លោកនាយកប្រតិបត្តិសាខា បានផ្តាំផ្ញេីដល់បងស្រី ប្អូនស្រីទាំងអស់សូមបន្តចែករំលែកនូវចំណេះដឹងពីការអប់រំផ្សព្វផ្សាយថ្ងៃនេះ និងបទពិសោធន៍ឱ្យបានទូលំទូលាយដេីម្បីចូលរួមលេីកកម្ពស់សុខភាពមាតា ទារក និងកុមារ, ទប់ស្កាត់ការចម្លងមេរោគអេដស៍ពីម្តាយទៅកូន និងឈានឆ្ពោះទៅបញ្ចប់បញ្ហាអេដស៍នៅឆ្នាំ២០២៥ ក៏ដូចជាចូលរួមទទួលខុសត្រូវក្នុងការទប់ស្កាត់ការចម្លងមេរោគកូវីដ-១៩ ហេីយអនុវត្តការរស់នៅធម្មតាតាមគន្លងប្រក្រតីភាពថ្មី។
ក្នុងឱកាសនោះដែរ ក្រុមការងារក៏បានឡេីងធ្វេីបទបង្ហាញពីសារសំខាន់ក្នុងការថែទាំសុខភាព, ការពិនិត្យសុខភាពមុនពេលរៀបការ, ការពិនិត្យផ្ទៃពោះយ៉ាង តិច៤ដង, ការសម្រាលកូននៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យ, ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩របស់ស្ត្រីមានផ្ទៃពោះ រួមជាមួយការអនុវត្តវិធានការ ៣ការពារ និង៣កុំ, ការបំបៅកូនដោយទឹកដោះម្តាយ, ក៏ដូចជាការយល់ដឹងពីមេរោគអេដស៍ និងទប់ស្កាត់ការចម្លងជំងឺផ្សេងៗទៀតពីម្តាយទៅកូន។
សូមបញ្ជាក់ថា៖ ស្ត្រីមានផ្ទៃពោះ ស្ត្រីមានកូនតូច និងស្ត្រីក្នុងវ័យបន្តពូជដែលបានចូលរួមចំនួន៣០នាក់នោះក្នុងម្នាក់ៗទទួលបានកន្សែងពោះគោធំ១ កន្សែងជូតខ្លួនទារក១ សាប៊ូ២ដុំ ជែលលាងដៃ១ដប ម៉ាស់១០បន្ទះ អាល់កុល១ដប អង្ករ៣០គីឡូក្រាម មី១កេស ទឹកសុទ្ធ១កេស ឃីត១កញ្ចប់(មុង ភួយ ក្រមា សារុង) និងថវិកាចំនួន៥មុឺនរៀល ៕
ដោយ ៖ សំរិត