ព័ត៌មានទាន់ហេតុការណ៍៖

អាល្លឺម៉ង់បន្តឈរលេខ១ជាប្រទេសដណ្តើមមេដាយមាសច្រើនជាងគេក្នុងព្រឹត្តិការណ៍អូឡាំពិកទីក្រុងប៉េកាំងគិតត្រឹមព្រឹកថ្ងៃទី១២ កុម្ភៈនេះ

ចែករំលែក៖

គិតត្រឹមព្រឹកថ្ងៃសៅរ៍ ទី១២ កុម្ភៈនេះ ប្រទេសចំនួន៧រួមមាន អាល្លឺម៉ង់, ន័រវេស, អាមេរិក, ហុល្លង់, ស៊ុយអែត, អូទ្រីស និងម្ចាស់ផ្ទះចិន ផងកំពុងឈរនៅលើកំពូលតារាងមេដាយមាសក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកឆ្នាំ២០២២។

ប្រទេសអាល្លឺម៉ង់កំពុងនាំមុខគេទទួលបានមេដាយមាស៧គ្រឿង, ន័រវេសឈរលេខ២ទទួលបានមេដាយមាស៦គ្រឿង, អាមេរិកឈរលេខ៣ទទួលបានមេដាយមាស៥គ្រឿង, ហុល្លង់ឈរលេខ៤ ទទួលបានមេដាយមាស៥គ្រឿង, ស៊ុយអែតឈរលេខ៥ទទួលបានមេដាយមាស៥គ្រឿងដែរ, អូទ្រីសឈរលេខ៦ ទទួលបានមេដាយមាស៤គ្រឿង និងចិនឈរលេខ៧ទទួលបានមេដាយមាស៣គ្រឿង។

ចំណែកអុីតាលី, រុស្ស៊ី និងជប៉ុនកំពុងតាមពីក្រោយយ៉ាងប្រកិតដោយឈរចំណាត់ថ្នាក់បន្តបន្ទាប់គិតត្រឹមការប្រកួតព្រឹត្តិការណ៍អូឡាំពិករដូវរងានៅទីក្រុងប៉េកាំង ដែលបានចាប់ផ្តើមប្រកួតរយៈពេល៨ថ្ងៃមកនេះ។

អាល្លឺម៉ង់ដែលកំពុងឈរលើគេបណ្តោះអាសន្នមានមេដាយមាស៧គ្រឿង, ប្រាក់៤គ្រឿង, លេខ២ន័រវេសមានមេដាយមាស៦គ្រឿង, ប្រាក់៣គ្រឿង, សំរិទ្ធិ៥គ្រឿង, លេខ៣អាមេរិកមានមេដាយមាស៥គ្រឿង, ប្រាក់៥គ្រឿង, សំរិទ្ធិ១គ្រឿង។ ចំណែកលេខ៤ ហុល្លង់មានមេដាយមាស៥គ្រឿង, ប្រាក់៤គ្រឿង, សំរិទ្ធិ១គ្រឿង, ស៊ុយអែតឈរលេខ៥មានមេដាយមាស៥គ្រឿង, ប្រាក់២គ្រឿង, សំរិទ្ធិ២គ្រឿង, អូទ្រីសឈរលេខ៦មានមេដាយមាស៤គ្រឿង, ប្រាក់៦គ្រឿង, សំរិទ្ធិ៤គ្រឿង ខណៈដែលម្ចាស់ផ្ទះចិនឈរលេខ៧ បានឈ្នះមេដាយមាស៣គ្រឿង, ប្រាក់៣, សំរិទ្ធិ១ សរុប៧គ្រឿង ។

ដោយឡែកប្រទេសនៅតំបន់អាស៊ានមិនទាន់មានប្រទេសណាមួយទទួលបានមេដាយនៅឡើយទេ។

គិតត្រឹមថ្ងៃទី១២ កុម្ភៈនេះ មានតែប្រទេសន័រវេស និងអូទ្រីសទេកំពុងនាំមុខគេ ជាប្រទេសដែលដណ្តើមបានមេដាយសរុបច្រើនជាងគេរហូតដល់១៤គ្រឿងដូចគ្នា ក្នុងនោះន័រវេសទទួលបានមាស៦, ប្រាក់៣ និងសំរិទ្ធិ៥ រីឯអូទ្រីសទទួលបានមាស៤, ប្រាក់៦ និងសំរិទ្ធិ៤។ ចំណែកកាណាដាកំពុងតាមពីក្រោយដោយទទួលបានមេដាយសរុប១៣គ្រឿង(មាស១,ប្រាក់៤ និងសំរិទ្ធិ៨)  ៕

ដោយ៖ ភារៈ(ប្រភព ៖ Olympics.com)


ចែករំលែក៖