ព័ត៌មានទាន់ហេតុការណ៍៖

ពិភពលោកបើកទ្វារជាបណ្តើរៗ ក្រោយកូវីដ-១៩ថយចុះ ហើយជើងហោះហើរមកកាន់តំបន់អាស៊ានបានកើនឡើងខ្ពស់

ចែករំលែក៖

បើទោះបីករណីឆ្លងកូវីដ-១៩នៅលើពិភពលោកនៅខ្ពស់នៅឡើយក្តីក៏ចំនួនអ្នកជំងឺធ្ងន់ត្រូវចូលព្យាបាលនៅមន្ទីរពេទ្យស្ថិតនៅកម្រិតទាបដោយសារតែការចាក់វ៉ាក់សាំងបានច្រើន ។ នៅពេលនេះប្រទេសជាច្រើនជុំវិញពិភពលោកបានបើកទ្វារជាបណ្តើរៗទទួលអ្នកទេសចរដើម្បីដំណើរការសេដ្ឋកិច្ចឡើងវិញ។
បើទោះបីជាតំបន់ស្ថិតនៅក្នុងចំណុចកំពូលនៃការឆ្លងកូវីដ-១៩ក៏ដោយ ប៉ុន្តែប្រទេសជាច្រើននៅក្នុងតំបន់អឺរ៉ុបបានលុបវិធានការរឹតត្បិតការឆ្លងកូវីដ-១៩ ដោយអនុញ្ញាតឱ្យជួបជុំគ្នាមិនចាំបាច់ពាក់ម៉ាស់នោះឡើយ…។ ប្រទេសក្រិក បារាំង ព័រទុយហ្គាល់ ស៊ុយអែត និងន័រវេស ប្រកាសកាត់បន្ថយការធ្វើតេស្តដល់អ្នកទេសចរដែលបានចាក់វ៉ាក់សាំងរួចរាល់ ។
នាយករដ្ឋមន្ត្រីអាល្លឺម៉ង់លោក Olaf Scholz នៅថ្ងៃទី១១ខែកុម្ភៈ បានលើកឡើងថា ប្រទេសនេះនឹងលុបរាល់វិធានការរឹតត្បិតទប់ស្កាត់ការឆ្លងកូវីដ-១៩ក្នុងប្រទេសនេះនៅសប្តាហ៍ក្រោយ។
ជាមួយគ្នានោះដែរ អគ្គនាយកអង្គការសុខភាពពិភពលោក Tedros Adhanom Ghebreyesus បានប្រកាសថា ដំណាក់កាលកំពូលនៃការឆ្លងកូវីដ-១៩នឹងបញ្ចប់នៅក្នុងឆ្នាំនេះ។
ក្នុងឱកាសដែលប្រទេសជាច្រើនបើកទ្វារ ប្រទេសនៅក្នុងតំបន់អាស៊ីភាគអាគ្នេយ៍បាននាំគ្នាបើកព្រំដែនទទួលអ្នកទេសចរដើម្បីដំណើរការសេដ្ឋកិច្ចឡើងវិញ។ បន្ទាប់ពីប្រទេសថៃ សិង្ហបុរី ហ្វីលីពីន បានប្រកាសបើកទ្វារសម្រាប់អ្នកទេសចរបានចាក់វ៉ាក់សាំងរួចរាល់ ប្រទេសក្នុងតំបន់ផ្សេងទៀតក៏មានគម្រោងបើកទ្វារផងដែរ ក្នុងនោះមានឥណ្ឌូនេស៊ី ម៉ាឡេស៊ី…។
តាមតួលេខរបស់ក្រុមហ៊ុនសេវាទេសចរណ៍ Skyscanner បានឱ្យដឹងថា ការកក់សំបុត្រយន្តហោះមកកាន់តំបន់អាស៊ានកើនឡើងខ្ពស់មិនធ្លាប់មាន។ អ្នកទេសចរមកពីអាមេរិក អង់គ្លេស និងអាល្លឺម៉ង់ បានកក់សំបុត្រយន្តហោះមកកាន់តំបន់អាស៊ានកើនឡើងពី១៩%ដល់ ៣០០% ៕ ដោយ៖ សាធី

រូបថត៖AFP


ចែករំលែក៖